ភ្នំពេញ៖ បេសកកម្មរយៈពេល ១៨ ឆ្នាំរបស់អង្គការទស្សនៈពិភពលោក(World Vision) នៅតំបន់ត្បែងមានជ័យ ក្នុងខេត្តព្រះវិហារបានចូលរួមលើកកម្ពស់ការអភិវឌ្ឍលើផ្នែកសុខភាព អាហារូបត្ថម្ភ និងអនាម័យ ក្នុងគោលបំណងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ម្តាយ និងកុមារ។ បេសកម្មនេះ បានផ្តល់ផលវិជ្ជមាន ដល់ភូមិចំនួន ២៥ នៅទូទាំងឃុំចំនួន ៤ នៃស្រុកត្បែងមានជ័យ និងសង្កាត់ចំនួន ២ នៃក្រុងព្រះវិហារ ហើយមានពលរដ្ឋគោលដៅចំនួនជាង ៣ម៉ឺននាក់(៣៥ ២៨៥នាក់)នាក់ ក្នុងនោះមានកុមារជាង១ម៉ឺននាក់ (១៤ ០១១នាក់)ទទួលបានគុណប្រយោជន៍នៃកម្មវិធីនេះ។ នេះផ្អែកតាមសេចក្តីប្រកាសរបស់អង្គការទស្សនៈពិភពលោកនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។
កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍
នៅអំឡុងឆ្នាំ២០០៣ដល់ឆ្នាំ២០០៥ អង្គការទស្សនៈពិភពលោក បានចាប់ផ្តើមកម្មវិធីចោសសម្អាតមីន និងអភិវឌ្ឍន៍ដីកសិកម្ម នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ក៉ប៉ុន្តែនៅឆ្នាំ២០០៥ អង្គការទស្សនៈពិភពលោក ប្រែជាផ្តោតទៅលើវិស័យអាទិភាពផ្សេងវិញ ដូចជា សុខភាព អាហារូបត្ថម្ភ ព្រមទាំងទឹកស្អាត និងអនាម័យ (WASH) ក្នុងគោលបំណងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ម្តាយ និងកុមារ។
ការផ្លាស់ប្តូរកម្មវិធីនេះធ្វើឡើង បន្ទាប់ពីមានការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា (CDHS) ឆ្នាំ២០១៤ បង្ហាញថា ខេត្តព្រះវិហារ ជាខេត្តដែលមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់ជាងគេនៅកម្ពុជា។
បន្ទាប់ពីបិទបញ្ចប់កម្មវិធីរយៈពេល ១៨ឆ្នាំនេះហើយ អង្គការ ទស្សនៈពិភពលោកក៏បានធ្វើការស្ទង់មតិដោយបង្ហាញឱ្យឃើញថា ភាគរយនៃគ្រួសារដែលមានទឹកស្អាតពេញមួយឆ្នាំប្រើប្រាស់ បានកើនឡើងយ៉ាងខ្លាំងពី ៤៨% ដល់ ៧៩% ខណៈដែលវត្តមានបង្គន់ប្រើប្រាស់ក្នុងគ្រួសារបានហក់ឡើងពី ២% ទៅ ៨៦%។ បន្ថែមលើនេះ ភូមិចំនួន ១២ ក្នុងចំណោម ២៥ ភូមិ (៧ នៅស្រុកត្បែងមានជ័យ និង ៥ ក្នុងក្រុងព្រះវិហារ) បានប្រកាសថាជាភូមិដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)។
ទាក់ទងរឿងនេះ អង្គការទស្សនៈពិភពលោកក៏បានដកស្រងប្រសាសន៍របស់ លោក សុខ រដ្ឋា ប្រធានមណ្ឌលសុខភាពសន្តិភាព ក្នុងខេត្តព្រះវិហារផងដែរថា «ដោយសារភាពជាដៃគូជាមួយអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិ ដែលបានទទួលការបណ្តុះបណ្តាលពីអង្គការទស្សនៈពិភពលោក សហការជាមួយអាជ្ញាធរមូលដ្ឋាន ខ្ញុំបានសង្កេតឃើញការថយចុះជាលំដាប់នៃកុមារដែលមានកង្វះអាហារូបត្ថម្ភ ហើយចំណេះដឹង និងការអនុវត្តក្នុងចំណោមគ្រួសារក្នុងការថែទាំមាតា និងទារក រួមទាំងអាហារូបត្ថម្ភ មានភាពល្អប្រសើរឡើងជាលំដាប់»។
សូមជម្រាបជូនថា ពិធីអបអរសាទរសមិទ្ធផល និងបិទបញ្ចប់កម្មវិធីរយៈពេល ១៨ ឆ្នាំ របស់អង្គការ ទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានប្រព្រឹត្តទៅនៅសាលាខេត្តព្រះវិហារ៕
ប្រជាជនដែលទទួលផលពីបេសកម្មរបស់អង្គការទស្សនៈពិភពលោក។ រូបភាព៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (world vision)