en     km
en     km

កំណើនសេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ នៅ​ឆ្នាំ​២០១៦​ នឹង​ថយ​ចុះ​ទាប​ជាង​ឆ្នាំ​ ២០១៥​

Share

cover-World-Bank
​យោង​តាម​របាយការណ៍​ធនាគារពិភពលោក​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​សកលលោក​ នឹង​កើន​ឡើងជា​មធ្យម​ដល់​ ២,៩%​ ក្នុង​នោះ​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ នឹង​បន្ត​ធ្លាក់​ចុះ​ពី​កំណើន​ ៦,៤%​  ដែល​បាន​ព្យាករ​ទុក​កាលពី​ឆ្នាំ​ ២០១៥​ មក​នៅ​ត្រឹម​ ៦,៣%​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​នេះ​។​ ចំណែក​អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា​វិញ​មើលឃើញ​ថា​ កំណើនសេដ្ឋកិច្ច​នឹង​បន្ត​ធ្លាក់​ចុះ​នៅ​តំបន់​នេះ​ មិន​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ទេ​ ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​នៅ​មាន​ទំហំ​តូច​នៅឡើយ​។​

​យោងសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក​ អំពី​ ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​ ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ឱ្យ​ដឹង​ថា​ កំណើត​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ នឹង​បន្ត​ធ្លាក់​ចុះ​ពី​ ៦,៤%​ នៅ​ឆ្នាំ​ ២០១៥​ មក​ត្រឹម​ ៦,៣%​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​នេះ​។​

​ជុំវិញ​បញ្ហា​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​នឹង​បន្ត​ធ្លាក់​ចុះ​នេះ​ បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ និង​ជា​អ្នក​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​ លោក​ គី​ សេរី​វឌ្ឍន៍​ យល់​ថា​ ដោយសារ​ទំហំ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​មាន​ទំហំ​ធំ​ ទើប​មានការ​ធ្លាក់​ចុះ​ ប៉ុន្តែ​លោក​ថា​ កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​ មិនមែន​មាន​ន័យ​ថា​ សេដ្ឋកិច្ច​ធ្លាក់​ចុះ​នេះ​ទេ​។​

​លោក​ គី​ សេរី​វឌ្ឍន៍​បន្ត​ថា​ បញ្ហា​នេះ​ មិន​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឡើយ​  ព្រោះ​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​នៅ​មាន​ទំហំ​តូច​។​ លោក​មាន​ជំនឿ​ថា​ កម្ពុជា​នៅ​តែ​រក្សា​កំណើនសេដ្ឋកិច្ច​នៅ​ថេរ​ដដែល​ ។​

​លោក​ គី​ សេរី​វឌ្ឍន៍​និយាយ​ថា​៖​ «​ខ្ញុំ​ថា​ សម្រាប់​កម្ពុជា​កំណើន​ដូច​ជា​មិន​ធ្លាក់​ទេ​ កំណើន​នឹង​យើង​នៅ​រក្សា​ កំណើន​ដដែល​ ទី​១​ ទំហំ​សេដ្ឋកិច្ច​នៅ​តូច​ ទី​២​ ធនធាន​ដែល​យើង​ប្រើប្រាស់​មិន​ទាន់​អស់​លទ្ធភាព​នៅឡើយ​ទេ​ កាលណា​យើង​បាន​ប្រើប្រាស់​ធនធាន​ដែល​ទុក​ចោល​វា​ក្លាយទៅជា​ជំរុញ​កំណើនសេដ្ឋកិច្ច​លឿន​»​។​

​ផ្អែក​តាម​របាយការណ៍​ធនាគារពិភពលោក​ខាងលើ​ដដែល​នោះ​ បានឱ្យ​ដឹង​ថា​ កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ ដោយ​មិន​រាប់​បញ្ចូល​ប្រទេស​ចិន​ មាន​ចំនួន​ ៤,៦%​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​ដូច​គ្នា​ទៅ​និង​២០១៤​ដែរ​។​

​របាយការណ៍​នោះ​ឱ្យ​ដឹង​ថា​ កំណើន​ចំនួន​ ៤,៦%​ នេះ​ គឺ​ដោយសារ​តែ​កំណើន​ចំនួន​អ្នក​នាំ​ចេញ​ទំនិញ​មាន​ចំនួន​តិច​ទៅៗ​ ដូច​ជា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ជាដើម​ ប៉ុន្តែ​ត្រូវ​បាន​ជំនួស​កម​វិញ​នៅ​កំណើនសេដ្ឋកិច្ច​យ៉ាង​លឿន​នៅ​ក្នុង​ប្រទេស​វៀតណាម​ និង​ការ​ងើបឡើង​វិញ​បន្តិច​ម្តងៗ​ នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ថៃ​។​

​របាយការណ៍​នេះ​បន្ត​ថា​ ហានិភ័យ​ទាំងនេះ​ រួម​ទាំង​ការ​ធ្លាក់​ចុះ​នៃ​កំណើន​ដែល​លឿន​ជាង​ការ​រំពឹង​ នៅ​ក្នុង​ប្រទេស​ចិន​ បណ្តាល​ឱ្យ​លទ្ធភាព​នៃ​អ​ស្ថេ​រ​ភាព​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​មានការ​ប្រែប្រួល​ និង​ការ​រឹត​បន្តឹង​លក្ខខណ្ឌ​ហរិ​ញ្ញ​វត្ថុ​ភ្លាមៗ​។​

​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កាលពី​ឆ្នាំ​ ២០១៥​ កន្លង​មក​ថា​ តាម​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១៦​ រំពឹង​ថា​ នឹង​សម្រេច​បាន​នៅ​ក្នុង​រង្វង់​ ៧%​ និង​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ​ នឹង​អាច​ទទួល​បាន​ ១,៣២៥​ ដុល្លារ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អតិផរណា​ប្រទេស​កម្ពុជា​ប្រចាំឆ្នាំ​នឹង​ត្រូវ​បាន​គ្រប់គ្រង​ត្រឹម​កម្រិត​ក្រោម​ ៥%​ ពោល​គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​ ៣%​ ក្នុង​ឆ្នាំ​ ២០១៥​ និង​ឆ្នាំ​ ២០១៦៕

Share

ព័ត៌មានទាក់ទង

Image