ភ្នំពេញ៖ បច្ចេកវិទ្យាកាន់តែទំនើប ការរស់នៅរបស់មនុស្សកាន់តែមមាញឹក ប្រការនេះជាកត្តាជំរុញឱ្យម្តាយមួយចំនួនផ្លាស់ប្តូរពីការបំបៅកូនដោយទឹកដោះរបស់ខ្លួន ទៅបំបៅកូនដោយប្រើផលិតផលម្ស៉ៅទឹកដោះគោជំនួសវិញ។លើបញ្ហានេះតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) ឆ្នាំ ២០២២ រកឃើញថាភាគរយនៃចំនួនបំបៅកូនដោយទឹកដោះម្តាយហាក់ធ្លាក់ចុះ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់ទីប្រជុំជន។ ទាំងនេះបណ្តាលឱ្យអង្គការនានា ធ្វើការលើបញ្ហានេះ មានក្តីបារម្ភចំពោះសុខមាលភាពទារក។ ជាដំណោះស្រាយរួមឃើញថា កន្លងមកនេះអង្គការមួយចំនួន បានបង្កើតចេញជាយុទ្ធនាការ និងសហការណ៍ជាមួយក្រុមហ៊ុន ឬស្ថានប័នការងារមួយចំនួនចូលរួមលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ តាមរយៈវគ្គបណ្តុះបណ្តាល រហូតធ្វើឱ្យមានកន្លែងសមស្របសម្រាប់បំបៅដោះកូននៅកន្លែងការងារទៀតផង។ លើសពីបរិយាកាសងាយស្រួលនៅកន្លែងការងារ កត្តាផ្សេងទៀតដូចជាក្រុមគ្រួសារ និងសហគមន៍ក៏ជាផ្នែកមួយដ៍សំខាន់ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយផងដែរ។
ចង់ដឹងថា តើកន្លែងការងារចូលរួមលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយតាមរយៈសកម្មភាពអ្វីខ្លះ? លើសពីកន្លែងការងារតើគ្រួសារ និងសហគមន៍មានតួនាទីអ្វីខ្លះជម្រុញឱ្យមានការចិញ្ចឹមកូនដោយទឹកដោះម្តាយ? តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍របស់វិទ្យុស្រ្តីដូចតទៅ៖
បច្ចប្បន្នសមធម៌យេនឌ័រ ត្រូវបានលើកកម្ពស់ ឱ្យតម្លៃ ជាពិសេសគឺស្រ្តីមានសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកនាំ បំពេញការងារសង្គម និងមិនស្ថិតក្រោមផ្នត់គំនិតដែលលើកឡើងថា«ស្រ្តីបង្វិលចង្ក្រានមិនជុំ»ទៀតនោះឡើយ។ ជុំវិញបញ្ហានេះឃើញថាវត្តមានស្រ្តីប្រឡូកការងារសង្គម មិនថាការបំពេញការងារ ឬក្នុងវិស័យណាមួយដែលខ្លួនចង់ធ្វើ មានច្រើន ដែលខុសប្លែកពីពេលកន្លងមក។
ប៉ុន្តែអ្វីដេលមិនខុសប្លែកហើយមិនអាចកែប្រែបាននោះគឺកត្តាធម្មជាតិ ដែលស្ត្រីដែលមានគូស្រករត្រូវតែពពោះបង្កើតកូនដោយចៀសមិនរួច។ ត្រង់ចំណុចនេះហើយដែលស្រ្តីមានកូនតូចបំពេញការងារ អាចធ្វើឱ្យមានផលលំបាកមួយចំានួនរួមមាន កត្តាពេលវេលា គន្លាតរវាងម្តាយនិងកូន ធ្វើឱ្យម្ដាយមិនអាចបំបៅដោះកូន និងកង្វះអ្នកថែទាំជាដើម។ ដោយមើលឃើញពីបញ្ហាប្រឈមរបស់ស្រ្តីមានកូនតូចទាំងនេះ ជម្រុញឱ្យអង្គការពាក់ព័ន្ធដូចជា អង្គការ Helen Keller ប្រចាំប្រទេសកម្ពុជា សហការណ៍ជាមួយបណ្តាដៃគូផ្សេងទៀតបង្កើតចេញជាគម្រោងវគ្គបណ្តុះបណ្តាលឱ្យយល់ដឹងពីអត្ថប្រយោជន៍នៃការចិញ្ចឹមកូនដោយទឹកដោះម្តាយតាមរយៈការណែនាំពីអ្នកជំនាញ។ លើសពីនេះទៀត ក៏ជម្រុញឱ្យមានការផ្តល់ជាបន្ទប់បំបៅកូនដោយទឹកដោះម្តាយ និងអ្នកមើលថែសម្រាប់សម្រួលដល់ស្រ្តីមានកូនតូចៗនៅកន្លែងធ្វើការផងដែរ។
បន្ទប់បំបៅដោះកូន នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ CTW
រោងចក្រកាត់ដេរសម្លៀកបំពាក់ CTW (Cambodian Textiles Worldwide Phnom Penh Workers CO.,LTD) ដែលដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ គឺជារោងចក្រមួយដែលបានបង្កើតឱ្យមានបន្ទប់បំបៅដោះកូនសម្រាប់បង្កើនភាពងាយស្រួលដល់កម្មការនីជាម្តាយ។ អ្នកស្រី សាលូន ដែលរដ្ឋបាលរោងចក្រ បានឱ្យដឹងថា ការបង្កើតឱ្យមានបន្ទប់បំបៅដោះកូន ជាចំណុចម្បងធំបំផុតដែលអាចផ្តល់ជាកន្លែងសមស្រប មានផាកសុខភាព ជាពិសេស ធ្វើឱ្យកម្មការិនីជាម្តាយអាចបំបៅកូនដោយទឹកដោះខ្លួនដោយមិនមានការអៀនខ្មាស់។ លើសពីនេះគឺបង្កើនឱ្យមានភាពស្និតស្នាលរវាងកូននិងម្តាយ ហើយថែមទាំងចំណេញពេលវេលាសម្រាប់បំពេញការងារផងដែរ។
អ្នកស្រី សាលូន៖« ខ្ញុំគិតថាបង្កបរិយាកាសងាយស្រួលដល់គាត់ ទីមួយគាត់មានភាពស្និតស្នាលដូចថាគាត់មានពេលវេលា១ម៉ោងទៅ២ម៉ោងក្នុងមួយថ្ងៃ ក្នុងអំឡុងពេលការងារគាត់ដែរ ដើម្បីមានភាពស្និតស្នាលជាមួយកូនគាត់ ងាយស្រួលដល់គាត់ទាំងការបំបៅដោះកូន ងាយស្រួលដល់គាត់ធ្វើការហើយដើរមកបំបៅដោះកូនចឹងហាស៎»
អ្នកស្រី សាលូន រដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់CTW ផ្តល់បទសម្ភាសន៍ដល់ក្រុមការងារវិទ្យុស្រ្តី
ដោយមើលឃើញពីអត្ថប្រយោជន៍ រោងចក្រផ្តល់ឱ្យខាងលើនេះ អ្នកស្រី សែម ចន្ធឿន ដែលកំពុងពពោះកូនដំបូង៨ខែហាក់មានក្តីរំពឹងថានេះជាមធ្យាបាយដ៏ល្អបន្ទាប់ពីសម្រាលកូន ដ្បិតអីកន្លងមកអ្នកស្រីមិនធ្លាប់គិតថានឹងចិញ្ចឹមកូនដោយឱ្យបៅទឹកគោនោះទេ។
អ្នកស្រី សែម ចន្ធឿន៖«ព្រោះថាក្នុងរោងចក្រគេមានបង្កើតកន្លែងបំបៅដោះកូនពេលសម្រាកថ្ងៃឡើងអីចឹងស្រួលយើងបានសម្រាកផងវាជិត ដូចថាយើងមិនបាននៅផ្ទះទៅមកទៅមកវាឆ្ងាយដែលណាស់ បើខ្ញុំ ខ្ញុំគិតថាយកកូនមកនេះ(រោងចក្រCTW) ក៏ល្អដែរ បើយើងយកទៅផ្ទះខាតពេលយើងនៅទីនេះដល់ម៉ោងចេញយើងឱ្យបៅហើយបានសម្រាក»
អ្នកស្រី សែម ចន្ធឿន កម្មការនីនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ CTW កំពុងពពោះកូនដំបូង៨ខែ អង្គុយនៅក្នុងបន្ទប់បំបៅដោះកូននៅរោងចក្រCTW
របាយការណ៍អង្គការ ទស្សនៈពិពពលោកកម្ពុជា (world Vision) ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានដកស្រង់ ប្រសាសន៍លោក វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជាឱ្យដឹងថា «ទារកបៅទឹកដោះម្តាយ ច្រើនតែបន្តរស់រាន ទទួលបានការការពារកាន់តែប្រសើរទប់ទល់នឹងជំងឺដែលបង្កការគំរាមកំហែងដល់ជីវិត និងអាចចម្រើនវ័យក្លាយជាមនុស្សពេញវ័យដែលមានសុខភាពមាំមួន។ ត្រូវបន្តការប្តេជ្ញាចិត្តរបស់យើង ក្នុងការកសាងនូវបរិយាកាសកាន់តែប្រសើរ ដើម្បីផ្តល់ឱ្យស្ត្រីជាម្តាយនូវចំណេះដឹង និងលទ្ធភាពបំបៅកូនដោយទឹកដោះម្តាយក្នុងគ្រប់កាលៈទេសៈទាំងអស់ ចាប់ពីពេលដែលកូនទើបសម្រាលនៅមណ្ឌលសុខភាព រហូតដល់ក្នុងគេហដ្ឋាន និងកន្លែងធ្វើការរបស់ម្តាយ។ តាមរយៈការធ្វើបែបនេះ កុមារគ្រប់រូបអាចលូតលាស់បានយ៉ាងល្អបំផុតនៅក្នុងជីវិត ហើយយើងបានកសាងគ្រឹះសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជាឱ្យមានភាពរីកចម្រើន។»
លោក ធី វុទ្ធិ ជាបុគ្គលិកអង្គការមួយនិងជាឱពុកមួយរូបផងដែរនោះ បានចែករំលែកថា តាមរយៈបទពិសោធន៍ដែលលោក យល់ដឹងពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយនោះ មិនត្រឹមតែធ្វើឱ្យសុខភាពកូនរឹងមាំនោះទេ ថែមទាំងធ្វើឱ្យម្តាយយមានសុខភាពល្អគេចចេញពីជំងឺមហារីកសុដនផងដែរ ពិសេសគឺចំណេញថវិកា ហើយកត្តាចម្បងទាំងនេះហើយដែលធ្វើឱ្យលោកសម្រេចចិត្តឱ្យកូនៗរបស់លោកបៅដោះម្ដាយក្រោយពេលសម្រាល។
លោក ធី វុទ្ធិ៖« ទឹកដោះកូនបៅដោយទឹកដោះ បានន័យថាយើងសន្សំសំចៃថវិកាបានច្រើនទៀតវាជាកត្តសំខាន់នៃគ្រួសារ មានន័យថាយើងជួយឱ្យកូនមានកម្លាំងកាយ កម្លាំងចិត្តឱ្យរឹងមាំហើយ ម្តាយក៏ជួយដល់ម្តាយទៀត ព្រោះថាធម្មតា ម្តាយនៅពេលដែលកូនមឹមដោះជួយឱ្យសុដន់ម្តាយអត់មានបញ្ហាមហារីក ទីមួយ ហើយទីពីរ សម្រាប់គ្រួសារធំគឺថវិកា អីចឹងក្នុងនាមយើងជាឱពុកម្នាក់ យើងគាំទ្រ និងលើកទឹកចិត្តស្រ្តីជំនាន់ក្រោយ និងអ្នកម្តាយដទៃទៀតចូលរួមគ្នាដើម្បីសុខភាពល្អ។»
លោក ធី វុទ្ធិ ជាមួយនឹងគ្រួសារ
ចំណេកឯអ្នកស្រីចន្ធឿន ក៏បានបញ្ជាក់ផងដែរថាការបំបៅកូនដោយទឹកដោះគឺជាកត្តាសំខាន់សម្រាប់ការលូតលាស់របស់ក្មេង លើសពីនេះក៏មានគុណប្រយោជន៍ផ្សេងទៀតផងដែរ។
អ្នកស្រី សែម ចន្ធឿន៖« ការបំបៅកូនដោយទឹកដោះសំខាន់ដូចថាឱ្យកូនយើងឆ្លាត រឹងមាំ ហើយដូចថាអត់សូវមានជំងឈរាគរូសអីចឹងដូចបៅទឹកដោះគោហាស៎ ហើយចំណេញថវិការដូចថាបៅទឹកដោះគោអស់១០០ទៅ២០០ដុល្លាចឹងហាស៎ បើបៅទឹកដោះម្តាយអត់អស់ទេ»
ជាការពិតណាស់ អត្ថបទវិចារណកថារបស់យូនីសេហ្វ ក៏បានលើកឡើងពីគុណប្រយោជន៍នៃការបំបៅកូនដោយទឹកដោះផងដែរ។ ខ្លឹមសារអត្ថបទគូសបញ្ជាក់ថា ទឹកដោះម្តាយប្រៀបដូចជាជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់នូវការការពារដ៏សំខាន់ ទប់ ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន និងជួយឲ្យទារកអាចបន្តទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុខភាពមាំមួន។ ការបង្កលក្ខណៈឲ្យការបំបៅកូនដោយទឹកដោះម្តាយអាចធ្វើទៅបានស្ទើរតែទូទាំងសកលលោក អាចជួយសង្គ្រោះជីវិតកុមារអាយុក្រោម៥ឆ្នាំ ជាង ៨២ម៉ឺននាក់ជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក និងអាចបង្ការការបាត់បង់ជីវិតបាន ២ម៉ឺន ករណីបន្ថែមទៀតពីជំងឺមហារីកដោះ ដែលកើតមានលើស្ត្រីជាម្តាយជារៀងរាល់ឆ្នាំ។
អង្គការយូនីសេហ្វ និងដៃគូពាក់ព័ន្ធដែលមើលឃើញថាការបំបៅកូនដោយទឹកដោះម្តាយធ្លាក់ចុះ បានជម្រុញឱ្យចាត់វិធានការជាក់លាក់ ដើម្បីស្រោចស្រង់ការថយចុះនៃការបំបៅកូនដោយទឹកដោះម្តាយ តាមរយៈការបង្កើតនូវបរិយាកាសកាន់តែប្រសើរ ដើម្បីឱ្យសហគមន៍ គ្រួសារ និងឪពុកម្តាយជួយសម្រួលដល់ការបំបៅកូនដោយទឹកដោះម្តាយ និងដើម្បីឱ្យម្តាយអាចបំបៅកូនរបស់ខ្លួនបាន។ សកម្មភាពទាំងផ្តើមចេញពីការគំាទ្រដល់ម្តាយដែលនៅកំពុងបំបៅដោះកូននៅតាមទីកន្លែងធ្វើការរបស់ពួកគេ ដូចជាតាមរយៈការផ្តល់ការសម្រាកមាតុភាពដោយមានប្រាក់ឈ្នួល យ៉ាងហោចណាស់រយៈពេល ៦ ខែ ការផ្តល់ម៉ោងធ្វើការដោយមានភាពបត់បែន បន្ទប់បំបៅដោះកូន និងទារកដ្ឋាន។
លើសពីកន្លែងការងារ សហគមន៍ក៏មានតួនាទីសំខាន់មួយក្នុងការចូលរួមជម្រុញឱ្យស្រ្តីជាម្តាយចិញ្ចឹមកូនដោយទឹកដោះផងដែរ។ ចំពោះសហគមន៍ពួកគេអាចចូលរួមតាមរយៈការលើកទឹកចិត្ត ការផ្តល់ជាមតិល្អៗ ណែនាំអំពីគុណប្រយោជន៍នៃការបំបៅកូនដោយទឹកដោះ។
ប្រការមួយទៀតដែលមិនគួរមើលរំលងនោះគឺថា ដើម្បីជំរុញឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការបំបៅទឹកដោះម្តាយទៅកូនបានកាន់តែល្អប្រសើរបន្ថែមទៀតនោះ គឺការរួមចំណែកពីស្វាមីក្នុងការជួយកិច្ចការផ្ទះជំនួសដៃជើងភរិយា និងការជួយអន្តរាគមន៍ពីថៅកែផ្តល់ឱ្យបុគ្គលិកមានពេលសមស្របបំបៅដោះកូននៅកន្លែងធ្វើការ គឺជាធាតុចូលមិនអាចខ្វះបាន។
ស្រដៀងនឹងរបាយការណ៍នេះដែរ លោក ធី វុទ្ធិ បានចែករំលែកបទពិសោធន៍ថា ការជួយធ្វើកិច្ចការផ្ទះពេលភរិយានៅសរសៃខ្ចីគឺជាផ្នែកមួយអាចបង្កបរិយាកាសឱ្យប្រពន្ធអាចបំបៅដោះកូនបានគ្រប់គ្រាន់។ ក្នុងនាមជាមេគ្រួសារ លោកសង្កេតឃើញថា កូនៗរបស់មានសុខភាពល្អបរិបូរណ៍ណាស់ ដ្បិតពួកគេបានទទួលទឹកដោះពីម្តាយបានគ្រប់គ្រាន់ដែលក្នុងទឹកដោះម្តាយមានសារធាតុល្អជួយសុខភាពកុមារច្រើនឥតគណនា។
លោក ធី វុទ្ធិ៖« ខ្ញុំរ៉ាប់រងការងារទាំងអស់ហ្នឹងចឹងគាត់មានពេលវេលា គាត់ក៏ធ្វើការខ្ញុំក៏ធ្វើការអីចឹង ប៉ុន្តែគ្រាន់ជាទូទៅដល់ម៉ោងគាត់បំបៅដោះកូន គាត់ធ្វើការងារបំបៅដោះ ខ្ញុំគឺការងារផ្ទះលើខ្ញុំ ដូចខ្ញុំបានជម្រាបប្រាប់ចឹងតាំងពីដើមមិនពេលមានផ្ទៃពោះ រហូតដល់មានកូនឆ្លងទន្លេហើយ ហើយរហូតដល់ការចិញ្ចឹមកូនដល់ធំក៏នៅតែអីចឹងដែរ កាតព្វកិច្ចគាត់នៅតែបំបៅចឹងគាត់ដឹងហើយកាតព្វកិច្ចខគាត់ អីចឹងខ្ញុំមានកាតព្វកិច្ចមួយ សម្ភារៈប្រើប្រាស់ទាំងអស់ សម្ភារៈដែលត្រូវសម្អាតគឺខ្ញុំ អីចឹងទាក់ទងអនាម័យគឺខ្ញុំ ទាក់ទងនឹងការបំបៅដោះគឺខ្ញុំ»
តាមរយៈ អង្គការ Helen keller ឱ្យដឹងផងដែរថា ទឹកដោះម្តាយមានផ្ទុករាល់សារជាតិចិញ្ចឹមទាំងអស់ដែលទារកត្រូវការ ដោយមិនចាំបាច់បន្ថែមអាហារ ឬទឹក ឬភេសជ្ជៈអ្វីជំនួសក្នុងរយៈពេល ៦ខែដំបូងនៃជីវិតកុមារ។ សារធាតុចិញ្ចឹមសំខាន់ៗដែលមានក្នុងទឹកដោះម្តាយរួមមាន ជាតិប្រូតេអ៊ីនជួយដល់ការលុតលាស់កុមារ ជាតិស្ករឡាក់កូសជួយផ្តល់កម្លាំងថាមពល ជាតិខ្លាញ់ជួយទ្រទ្រង់កោសិការាងកាយ រក្សាស៊ីតុណ្ហភាពឱ្យមានលំនឹង។ ជាងនេះក្នុងទឹកដោះម្តាយសម្បូរទៅដោយពពួកជីវជាតិនិងរ៉ែខនិជ ជីវជាតិ A B C និងD ព្រមទាំងមានសារជាតិដែក ប៉ូតាស្យូម កាលស្យូមជាដើមដែលអាចការពារកុមារពីជំងឺនានាបានយ៉ាងល្អប្រសើរ៕ កន្លែងដៃក្នុងបន្ទប់បំបៅដោះកូននៅរោងចក្រកាត់ដេរសម្លៀកបំពាក់ CTW
កន្លែងបំបៅដោះកូន និងទូរដាក់សម្ភារៈប្រើប្រាស់សម្រាប់កម្មការនីជាម្តាយ (សៀវភៅណែនាំអំពីអត្ថប្រយោជន៍នៃការបំបៅដោះកូន សម្ភារៈបូមទឹកដោះម្តាយទុក និងមានទូរទឹកកកសម្រាប់ទុកដាក់ទឹកដោះម្តាយដែលបានបូមទុក រួមទាំងសម្ភារៈចាំបាច់មួយចំនួនផ្សេងទៀត) នៅរោងចក្រCTW