សម្តេច ហ៊ុន សែន បានផ្ញើលិខិតផ្លូវការមួយទៅរដ្ឋាភិបាលប្រទេសជិតខាង រួមមានប្រទេសវៀតណាម ឡាវ និង ថៃ ពីការឈប់ជួលដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ក្រោយពីរាជរដ្ឋាភិបាលចេញសារាចរហាមប្រាមប្រជាពលរដ្ឋកម្ពុជា ឱ្យឈប់ជួលដីឱ្យពលរដ្ឋវៀតណាមកាលពីកំឡុងខែវិច្ឆិកាកន្លងទៅ។
លោក ធូ វិរៈ រាយការណ៍ព័ត៌មាននេះ៖
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតផ្លូវការមួយទៅនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងរដ្ឋាភិបាលឡាវ និង ថៃ ពីការហាមមិនឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងនោះ មកជួលដីខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជាទៀត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យវិទ្យុស្ត្រី FM 102 នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដឹងនៅព្រឹកថ្ងៃទី០៦ មករា ឆ្នាំ ២០១៦ នេះថា សម្តេច ហ៊ុន សែន បានផ្ញើលិខិតផ្លូវការមួយទៅ លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងរដ្ឋាភិបាលឡាវ និង ថៃ អំពីការឈប់ជួលដីនៅតាមព្រំដែនកម្ពុជា។
លោក ផៃ ស៊ីផាន បានឱ្យដឹងថា៖ «សម្តេចផ្ញើ មិនតែវៀតណាមទេ ថៃ ទាំងឡាវ ប្រទេសជុំវិញយើង ព្រោះជាវិធានការថ្មី សម្តេចហាមមិនឱ្យប្រជាពលរដ្ឋនៅប្រទេសជិតខាងចូលមកជួលដីកម្ពុជានៅជាប់ព្រំដែននោះទេ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបទេស លោក ជុំ សន្ទរី មានប្រសាសន៍ថា ក្រសួងការទេសមិនទាន់ទទួលបានព័ត៌មានជុំវិញលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅឱ្យប្រទេសជិតខាងនៅឡើយទេ នៅព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៦នេះ។ លោក ជុំ សន្ទរី និយាយថា៖ «ខ្ញុំមិនទាន់ទទួលបានដំណឹងនេះនៅឡើយទេ»។
ជុំវិញបញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវ ពីការអភិវឌ្ឍសង្គមបានសាទរចំពោះចំណាត់ការ
របស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ញើលិខិតនៅរដ្ឋាភិបាលវៀតណាម ឡាវ និង ថៃនេះ ក៏ប៉ុន្តែលោក កែម ឡី ថា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែមានយន្តការជាក់លាក់បន្ថែមទៀត ដូចជាធ្វើការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះ បន្ថែមថា តាមការស្រាវជ្រាវរបស់លោកកន្លងមក គឺដីកម្ពុជារាប់ពាន់ហិកតា ភាគច្រើនជាដីអ្នកមានអំណាច បានជួយទៅឱ្យប្រជាពលរដ្ឋវៀតណាមធ្វើស្រែ ចម្ការ និងដាំដំណាំ។ ប៉ុន្តែលោកថា ការដែលប្រជាពលរដ្ឋកម្ពុជា បានជួលដីឱ្យជនបរទេសនៅតាមខ្សែបន្ទាត់ព្រំដែននេះ ក៏ព្រោះតែខ្វះការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាតាមព្រំដែនក្បែរប្រទេសជិតខាងនោះ។
លោក កែម ឡី និយាយថា៖ «ខ្ញុំសសើរ ប៉ុន្តែគ្រាន់ថា ត្រូវមានវិធានការផ្សេងទៀត ពីព្រោះប្រជាពលរដ្ឋគាត់អត់មានជម្រើស ទី១ សេវា ទឹកភ្លើងអត់ ទី២ ការផ្គត់ផ្គង់អត់ ទី៣ សេវាសាធារណៈដោយកម្រហើយឆ្ងាយ ដែលអាចមិនអាចឱ្យរស់នៅបាន កាលណាគាត់អត់ជួល គាត់ធ្វើស្រែ ចម្ការអត់បានទៀត បាត់បង់កម្លាំងពលកម្ម និងចំណាកស្រុកទៀត។ អញ្ចឹង ដីគាត់ត្រូវទុក ចោលជីវភាពគាត់កាន់តែធ្ងន់»។
សូមជម្រាបថា កាលពីកំលុងខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរស្តីពីការហាមប្រាមប្រជាពលរដ្ឋខ្មែរ មិនឱ្យលក់ ឬជួលដីនៅតាមព្រំដែន ឱ្យទៅប្រជាពលរដ្ឋវៀតណាម ឡាវ និងថៃ៕