en     km
en     km

ទណ្ឌិត សំប៊ុន យ៉ានី ដែលលួចលុយWMC ជាង២០ម៉ឺនដុល្លារ ត្រូវបានតុលាការដោះលែងវិញ

Share

 

ទណ្ឌិតសំប៊ុន យ៉ានី ដែលលួចលុយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) ជាង២០ម៉ឺនដុល្លារ ត្រូវបានតុលាការដោះលែងវិញ ក្រោយសមត្ថកិច្ចចាប់ខ្លួនបាន១ថ្ងៃ។ លោក គីម ចាន់ចាវ រាយការណ៍

ទណ្ឌិត សំប៊ុន យ៉ានី ដែលរត់គេចខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដោយសារបានលួចប្រាក់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាជាង២០ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលរាជធានីចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងទណ្ឌិតនេះឱ្យរួចខ្លួនវិញ នៅថ្ងៃទី២៥ ខែសីហា ក្រោយចាប់ខ្លួនបាន១ថ្ងៃ។ នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានអំពាវនាវថ្នាក់ដឹកនាំ ជួយផ្ដល់យុត្តិធម៌ក្នុងសំណុំរឿងនេះ។

ការដោះលែងអ្នកទោសដែលខំតាមចាប់ខ្លួនអស់ជាច្រើនឆ្នាំមកហើយនេះ បានធ្វើឱ្យ បុគ្គលិក អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង ដ្បិតអីអ្នកស្រី សំប៊ុន យ៉ានី ដែលធ្វើការ ក្នុងតួនាទីជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣  បានលួចយកប្រាក់អស់ជាង២០ម៉ឺនដុល្លារ ប៉ុន្តែបែរជាអាចរស់នៅក្រៅឃុំជាធម្មតា។

អ្នកស្រី សំប៊ុន យ៉ានី ពេលចាប់ខ្លួន(ឆ្វេង) និងរូបអ្នកស្រី សំប៊ុន យ៉ានី កាលពីអំឡុងឆ្នាំ២០១០(ស្ដាំ)

សូមជម្រាបថា ក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញអ្នកស្រី សំ ប៊ុនយ៉ានី ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំពីបទរំលោភលើសេចក្តីទុកចិត្ត ប៉ុន្តែទោសត្រូវបានព្យួរ ដោយមិនបានជាប់ឃុំសូម្បី១ថ្ងៃ និងត្រូវសងលុយដែលបានលួចវិញ។ ដោយមិនអាចទទួលយកបាននូវសាលក្រមសម្រេចនេះអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ ហើយបទចោទនៅសាលាឧទ្ធរណ៍ត្រូវបានប្តូរទៅជាការរំលោភលើទំនុកចិត្តពិសេស។ នៅទីបំផុត សាលាឧទ្ធរណ៍បានកាត់ទោសអ្នកស្រី សំប៊ុន យ៉ានី ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងសងលុយជាង២០ម៉ឺនដុល្លារដែលបានលួចពីអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដោយគ្មានពាក្យថាព្យួរទោសឡើយ និងសងថ្លៃសេវាច្បាប់១ម៉ឺនដុល្លារ។

មេធាវីរបស់លោកស្រី សំប៊ុន យ៉ានី មិនយល់ស្របនឹងការផ្ដន្ទាទោសកូនក្តីលោកឲ្យជាប់ពន្ធនាគារពីរឆ្នាំដោយគ្មានការព្យួរទោសទេ ហើយបានប្ដឹងសារទុក្ខទៅតុលាការកំពូលដើម្បីជំទាស់ នឹងការផ្ដន្ទាទោសនេះ។ ក៏ប៉ុន្តែតុលាការកំពូលបានសម្រេចតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ទុកជាបានការដដែល។

អ្នកស្រី សំប៊ុន យ៉ានី កាលពីអំឡុងឆ្នាំ២០១០(ឆ្វេង) និងរូបអ្នកស្រី សំប៊ុន យ៉ានី ពេលចាប់ខ្លួន(ស្ដាំ)

បន្ទាប់ពីរងការផ្ដន្ទាទោសអ្នកស្រី សំប៊ុន យ៉ានី បានរត់គេចខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ លោកព្រះរាជអាជ្ញារង សឿ ឡង់ឌីបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ហើយនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនទណ្ឌិត សំប៊ុន យ៉ានី នៅផ្ទះលេខ១១១ ផ្លូវលេខ១ បុរីពិភពថ្មីចំការដូង១ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។ ដំណឹងនេះបានធ្វើឱ្យបុគ្គលិកមណ្ឌលព័ត៌មានស្ត្រីកម្ពុជាទាំងអស់សប្បាយចិត្តជាខ្លាំង ដោយមានអារម្មណ៍ថា នឹងទទួលបានពន្លឺយុត្តិធម៌ហើយ។

ប៉ុន្តែនៅថ្ងៃសុក្រ ទី២៥ ខែសីហា តុលាការរាជធានីភ្នំពេញ បានសម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី ឱ្យមានសេរីភាពវិញក្រោយការចាប់ខ្លួនបាន១ថ្ងៃ ខណៈដែលអ្នកស្រីសំប៊ុន យ៉ានី អះអាងថាខ្លួនមិនមានការខ្វាយខ្វល់ក្នុងការសងប្រាក់ដែលបានលួចទាំងនោះឡើយ។

ពាក់ព័ន្ធករណីនេះលោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិថ្មីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានឱ្យដឹងថា លោកស្រីមានអារម្មណ៍ថាខកចិត្ត និងភ្ញាក់ផ្អើល ដោយនឹកស្មានមិនដល់ថាទណ្ឌិតម្នាក់នេះត្រូវបានដោះលែង។ លោកស្រីបានអំពាវនាវឱ្យឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌ ជួយផ្ដល់យុត្តិធម៌ និងសន្តិភាពផ្លូវចិត្តដល់បុគ្គលិកអង្គការមណ្ឌលព័ត៌មានកម្ពុជា ដែលបានចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលក្នុងការពង្រឹងតួនាទីស្ត្រី និងផ្ដល់ព័ត៌មានដល់សាធារណជនអស់រយៈពេល២៩ឆ្នាំកន្លងមកនេះ៕

ឯកសារ សម្រេចរបស់តុលាការ៖ តុលាការកំពូល សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ ដីកាបង្គាប់ឱ្យចាប់ខ្លួន កិច្ចសន្យាជំពាក់ប្រាក់_សំប៊ុន_យ៉ានី

Share

ព័ត៌មានទាក់ទង

Image