នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសតិចណូ នៅព្រឹកម្សិលមិញ សម្តេច ហ៊ុន សែន បានប្រកាសថាចាប់ពីថ្ងៃម្សិលមិញតទៅ តម្លៃធ្វើបណ្ណបើកបរម៉ូតូ ត្រូវបានបញ្ចុះពី៦ម៉ឺនរៀល មកត្រឹម ២ម៉ឺន ៥ពាន់រៀល ដោយមិនចាំបាច់ប្រឡងយកប័ណ្ណបើកបរ និងពិនិត្យសុខភាពឡើយ។
ទាក់ទិននឹងបញ្ហានេះដែរ អ្នកតាមដានសង្គម បានបង្ហាញការគាំទ្រចំពោះវិធានការនេះ ប៉ុន្តែអ្នកវិភាគទាំងនោះចង់ឱ្យរដ្ឋត្រូវធានានីតិវិធី នៃការធ្វើបណ្ណបើកបរ មានលក្ខណៈមិនស្មុគស្មាញ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការសូកប៉ាន់ក្រោមតុ។
ការប្រកាសបញ្ចុះតម្លៃធ្វើបណ្ណបើកបរនេះដែរ ក្រោយពីសម្តេចបានប្រកាសឱ្យពន្យារពេលធ្វើបណ្ណបើកបរជាបណ្ដោះអាសន្ន បន្ទាប់ពីលោកទទួលសំណូមពរពីប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលស្នើសុំឱ្យមានការជួយបញ្ចុះតម្លៃធ្វើបណ្ណបើកបរ។ សម្តេចបាន ឱ្យដឹងទៀតថា គ្រប់អ្នកបើកបរទាំងអស់ត្រូវតែមានបណ្ណបើកបរ។
ព្រមជាមួយនឹងការប្រកាស បញ្ចុះតម្លៃ លើសេវាធ្វើបណ្ណបើកបរ សម្តេច ក៏បានប្រកាសថា នឹងបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមិនរាថយនោះឡើយ។ សម្តេចមានប្រសាសន៍ថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាមួយវិន័យដ៏តឹងរ៉ឹងនេះ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។
ពាក់ព័ន្ធបញ្ហាបញ្ចុះតម្លៃធ្វើបណ្ណបើកបរ លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងថា តម្លៃធ្វើបណ្ណបើកបរម៉ូតូ ២៥០០០រៀល វា នៅតែជាតម្លៃមួយដែលច្រើនដដែល សម្រាប់ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារច្រើន និងប្រជាពលរដ្ឋនៅតាមទីជនបទ។
លោក សន ជ័យ មានប្រសាសន៍ឱ្យដឹងទៀតថា យ៉ាងណាមិញ រដ្ឋត្រូវធានានីតិវិធី នៃការធ្វើបណ្ណបើកបរ មានលក្ខណៈមិនស្មុគស្មាញ ងាយស្រួល ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃបណ្ណបើកបរដែលប្រជាពលរដ្ឋធ្វើនេះ មានតម្លៃតែ ២៥០០០រៀល ដោយគ្មានការសូកប៉ាន់ផ្សេងៗ។
លោកបន្ថែមទៀតថា ដើម្បីឱ្យដំណើរការធ្វើបណ្ណបើកបរជូនប្រជាពលរដ្ឋដោយមានប្រសិទ្ធភាព គ្មានអំពើពុករលួយ ក្រសួងសាធារណៈការ និងដឹកជញ្ជូន គួរតែមានយន្តការមួយក្នុងការផ្សព្វផ្សាយ ទៅកាន់មន្ទីរសាធារណៈការ តាមបណ្តាខេត្ត និងធ្វើការពិនិត្យ តាមដាន ដើម្បីប្រាកដថា មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ពិតជាបានអនុវត្តតាមតារាងតម្លៃដែលកំណត់ដោយរដ្ឋាភិបាល។
ចំណែកលោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម មានប្រសាន៍ថា លោកគាំទ្រចំពោះការប្រកាស របស់សម្តេច ហ៊ុន សែន ប៉ុន្តែរដ្ឋាភិបាល ត្រូវតែមានវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីផ្តល់សេវា ដើម្បីកុំឱ្យដំណើរការធ្វើបណ្ណបើកបរ មានលក្ខណៈស្មុគ្រស្មាញ មានច្រើនថ្នាក់ ច្រើនផ្នែក និងមានមូលហេតុមិនចេះចប់ មិនចេះហើយ ដែលនេះជាលេសធ្វើប្រជាពលរដ្ឋត្រូវចំណាយលុយទឹកតែ និងខាតពេលវេលា។
យ៉ាងណាក៏ដោយ បើទោះជាលោក មាស នី គាំទ្រ ចំពោះការបញ្ចុះតម្លៃបណ្ណបើកបរមកដល់ ២៥០០០រៀល ប៉ុន្តែលោកមិនគាំទ្រ ចំពោះការចេញបណ្ណបើកបរ ដោយមិនបានរៀនពីច្បាប់ចរាចរណ៍នោះទេ។ លោកមាស នី បន្តថា ការបង្រៀន ប្រជាពលរដ្ឋឱ្យយល់ដឹង ពីច្បាប់ចរាចរណ៍ នោះទើបជាមូលដ្ឋានគ្រឹះ ក្នុងកាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បាន។
យោងតាមប្រសាសន៍សម្ដេច ហ៊ុន សែន ឱ្យដឹងថា នៅកម្ពុជាមាន ម៉ូតូប្រមាណជាង ២លាន៧សែន គ្រឿង ហើយមានអ្នកបើកតែ ៥,៨% ប៉ុណ្ណោះដែលមានបណ្ណបើកបរ៕