ភ្នំពេញ៖ ពលរដ្ឋខ្មែររស់នៅប្រទេសលោកសេរី កំពុងចាប់ផ្ដើមធ្វើបាតុកម្មយ៉ាងផុសផុលតាម នៅមុខស្ថានទូតវៀតណាមតាមបណ្ដាទីតាំង និងកាលបរិច្ឆេតកំណត់ បំណងទាមទារឲ្យរដ្ឋាភិបាលទីក្រុងហាណូយដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៤ នាក់ ដែលអាជ្ញាធរវៀតណាមបានចាប់ខ្លួននៅថ្ងៃទី ៣១ ខែកក្កដា និងទី ៣ ខែសីហា កន្លងទៅនេះ។ អ្នកតវ៉ាចាត់ទុកថា ការទាមទារនេះនឹងធ្វើឱ្យរដ្ឋាភិបាលវៀតណាមបាក់មុខលើឆាកអន្តរជាតិ លើបញ្ហាសិទ្ធិមនុស្ស ខណៈដែលសកម្មភាពតវ៉ាកំពុង ឆ្ពោះមកដល់ប្រទេសកាណាដា។ លោក គីម ចាន់ចាវ រាយការណ៍
បើមិនមានអ្វីប្រែប្រួលទេ ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលភាគច្រើនជាអ្នកកម្ពុជាក្រោម នឹងធ្វើបាតុកម្ម នៅខេត្តអន់ធារីយោ ប្រទេសកាណាដា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៣នេះ ម៉ោងនៅប្រទេសកាណាដា។ ពួកគេនឹងបន្តតវ៉ាជុំវិញ ករណីដែលអាជ្ញាធរវៀតណាម ចាប់សកម្មជនខ្មែរក្រោមជាង១០នាក់កាលពីខែមុន និងនៅសល់៤នាក់កំពុងជាប់ឃុំឃាំងនៅឡើយ។
លោក ត្រឹង សារ៉ុង អនុប្រធានទី២នៃសហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសអ៊ីតាលី ឱ្យដឹងថា ការតវ៉ានេះគឺធ្វើឡើងដូចភ្លៀងរលឹម ពោលគឺធ្វើឡើងទៅតាមពេលវេលានិងទីតាំងផ្សេងៗ។ តួយ៉ាង កាលពីថ្ងៃទី២១ ខែសីហា ពលរដ្ឋខ្មែរកម្ពុជាក្រោមប្រមាណជាង១០០នាក់មកពីតាមបណ្តារដ្ឋផ្សេងៗជុំវិញតំបន់រដ្ឋធានីវ៉ាស៊ីនតុន (Washington DC) ជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមនៅរដ្ឋធានី Washington DC សហរដ្ឋអាមេរិក។ បាតុកម្មនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមទាំងនោះ។ ក្នុងបាតុកម្មនេះដែរ អ្នកចូលរួមធ្វើភាគច្រើនពាក់អាវយឺតមានរូបសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ៤ រូប ដែលត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន។ ពួកគេបានហៅសកម្មភាពនោះថាជា«មហាបាតុកម្មទូទាំងពិភពលោក» នៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យរដ្ឋាភិបាលទីក្រុងហាណូយ ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម។
«ក្នុងការបាតុកម្មហ្នឹងគឺយើងគ្រាន់តែសុំឱ្យរដ្ឋាភិបាលកុម្មុយនីស្ដយួន ដោះលែងសកម្មជនយើងដោយអត់លក្ខខណ្ឌ។ ទី២គឺឱ្យរដ្ឋាភិបាលកុម្មុយនីស្តយួន គោរពនូវអ្វីដែលខ្លួនបានចុះហត្ថលេខាចំពោះអង្គការសហប្រជាជាតិ ហើយជាពិសេសរដ្ឋាភិបាលកុម្មុយនីស្តយួនក៏ជាសមាជិកខាងសិទ្ធិមនុស្សបានជាប់ឆ្នោតជាសមាជិកទីប្រឹក្សាសិទ្ធិមនុស្សក្នុងរយៈកាល៣ឆ្នាំ។ យើងឱ្យអន្តរជាតិឃើញថា អ្វីដែលរដ្ឋាភិបាលកុម្មុយនីស្ដយួន បាននិយាយ បានសន្យាជាច្រើននៅលើអង្គការផ្សេងៗគឺមិនមែនការពិតទេ គឺជាក់ស្ដែងខ្មែរកម្ពុជាក្រោមគ្រាន់តែផ្សាយនូវអ្វីដែលអាជ្ញាធរកុម្មុយនីស្ដយួន មិនបានផ្សព្វផ្សាយឱ្យពលរដ្លទូទៅដឹងអំពីរឿងសិទ្ធិរបស់ខ្លួនត្រូវរដ្ឋាភិបាលកុម្មុយនីស្ដយួនប្ដឹងពីបទផ្សេងៗគ្រប់បែបយ៉ាង»។
លោក ត្រឹង សារ៉ុង អនុប្រធានទី២នៃសហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសអ៊ីតាលី
អាជ្ញាធរវៀតណាមកាលពីថ្ងៃទី ៣១ កក្កដា បានចុះចាប់ខ្លួន និងកោះហៅសកម្មជនខ្មែរក្រោម ទៅសួរចម្លើយ ៩ រូបក្នុងពេលតែមួយ។ យុវជនដែលត្រូវចាប់ខ្លួនហើយមិនទាន់ដោះលែងវិញ រួមមាន លោក ថាច់ កឿង លោក តោ ហ្វាងចឿង នៅខេត្តព្រះត្រពាំង និងលោក យ័ញ ម៉ិញក្វាង ។ ចំណែកអ្នក ដែលរងការកោះហៅទៅសួរចម្លើយ មានជាអាទិ៍ លោក គៀង យ័ញនី នៅខេត្តព្រះត្រពាំង លោក ថាច់ មឿន នៅខេត្តឃ្លាំង និងអ្នកមួយចំនួនទៀត។ ទន្ទឹមនេះអាជ្ញាធរក្នងខេត្តនេះដដែល កំពុងតាមដានឃ្លាំមើលសកម្មភាពរបស់ លោក ឡឹម វង្ស និង លោកស្រី ឌិន ធីហ្វិន នៅខេត្តឃ្លាំង។
ក្រោយការដោះលែងសកម្មជនខ្មែរក្រោមមួយចំនួនអ្នកស្រី ឌិន ធីហ្វិន ត្រូវបានចាប់ខ្លួនជាថ្មី នៅថ្ងៃទី០៣ ខែសីហា។ ដូច្នេះពេលនេះអ្នកត្រូវជាប់ឃុំបណ្ដោះអាសន្នមានចំនួន ៤ នាក់។
ការចាប់ខ្លួនពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ គឺដោយសារតែពួកគេតែប្រើប្រាស់បណ្ដាសង្គមបញ្ចេញមតិជុំវិញនឹងសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលធ្វើសកកម្មភាពផ្សព្វផ្សាយពីសិទ្ធិមនុស្សជនជាតិដើមដោយមានការផ្ដល់នូវសៀវភៅណែនាំជាដើម។ មួយវិញទៀតពួកគេ បានចែកចាយសៀវភៅស្តីអំពីសិទ្ធិជនជាតិដើម និងអាវយឺតដែលភ្ជាប់និមិត្តសញ្ញាខ្មែរកម្ពុជាក្រោម នៅថ្ងៃទិវាសិទ្ធិនានា។ ក្រោយពីចាប់ខ្លួន អាជ្ញាធរវៀតណាម បានសម្រេចបញ្ជូនសំណុំរឿងពួកគេទៅតុលាការដោយចោទពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។
ជុំវិញបញ្ហានេះសមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា គ្រោងនឹងដង្ហែរញត្តិទៅកាន់ស្ថានទូតសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីឱ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើម ក្នុងករណីដែលអាជ្ញាធរវៀតតាមចាប់ខ្លួនពលរដ្ឋខ្មែរក្រោមនេះ។ ក៏ប៉ុន្តែការស្នើនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាត ដែលធ្វើឱ្យពួកគេប្តូរគម្រោងជាការដាក់ញត្តិជាលក្ខណៈឯកជនវិញ។ ក្រោយការដាក់ញត្តិនេះ ពួកគេនឹងរង់ចាំលទ្ធផលអន្តរាគមន៍ពីបណ្ដាប្រទេសលោកសេរីទាំងនោះ។ ក្នុងករណីមិនមានប្រតិកម្មដូចរំពឹងទុក ពួកគេមានផែនការគ្រោងធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាមប្រចាំកម្ពុជាតែម្ដង។
មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោមលោក គឹម ស៊ីសំណា ចាត់ទុកការចាប់ខ្លួនខ្មែរកម្ពុជាក្រោមនេះថា អាជ្ញាធរវៀតណាមចង់យកគំរូនៃការចាប់ខ្លួនជនជាតិដើមម៉ុងតាញ៉ា កន្លងទៅ ដើម្បីគំរាមកំហែងជនជាតិដើមដទៃទៀតជាពិសេសខ្មែរកម្ពុជាក្រោម កុំឱ្យមានការងើបបះបោទាមទារសិទ្ធិសេរីភាពក្នុងនាមជាម្ចាស់ដើមនៅលើទឹកដីនេះ។
«ការធ្វើបែបនេះ គឺវាមិនសមរម្យទេ មិនមានប្រសិទ្ធិភាពទេ មិនត្រឹមត្រូវទៅតាមផ្លូវច្បាប់ទេ ដោយសារតែប្រវត្តិសាស្ត្រគឺខ្មែរនៅលើទឹកដីកម្ពុជាក្រោមគឺជាជនជាតិដើមពិតប្រាកដស្របច្បាប់ ហើយទី២ទៀត សិទ្ធិឬក៏ច្បាប់អន្តរជាតិ គាត់បានផ្ដល់លទ្ធភាពផ្ដល់ឱកាសនានា ជាពិសេសខ្មែរក្រោមក៏ជាជនជាតិមួយ ដែលត្រូវអាស្រ័យផលពីគោលការសិទ្ធិមនុស្សអន្តរជាតិហ្នឹងដែរ គោលការច្បាប់អន្តរជាតិហ្នឹងដែរ គឺត្រូវតែអាស្រ័យនូវការប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីពង្រឹងពង្រីក ហើយនឹងអាស្រ័យនូវសិទ្ធិសេរីភាពរបស់ខ្លួននៅលើទឹកដីកម្ពុជាក្រោមហ្នឹង»។
មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោមលោក គឹម ស៊ីសំណា
ក្រៅពីធ្វើការតវ៉ានៅ កាណាដា អូស្ត្រាលី និងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ក្រុមពលរដ្ឋខ្មែរនៅអាមេរិកមួយក្រុមទៀត គ្រោងនឹងធ្វើការតវ៉ារឿងនេះនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ខាងមុខនេះនៅទីក្រុង San Francisco, រដ្ឋ California។ ហើយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៣ លោកលោក ត្រឹង សារ៉ុង នឹងដឹកនាំការតវ៉ាដ៏ធំមួយ នៅទីក្រុងឡាអេ, ប្រទេសហូឡង់ ដែលមានការចូលរួមពីពលរដ្ឋខ្មែរដែលធ្វើដំណើរមកពីប្រទេសនានាក្នុងតំបន់អ៊ឺរ៉ុប។ ពួកគេអះអាងថា គម្រោងតវ៉ានឹងមាននៅទីតាំងនិងពេលវេលាផ្សេងៗទៀត ក្នុងករណីដែលរដ្ឋាភិបាលទីក្រុងហាណូយនៅតែមិនដោះលែងសកម្មជនខ្មែរក្រោមទាំង ៤ នាក់។ យ៉ាងណាលោក ត្រឹង សារ៉ុង បានពន្យល់មូលហេតុចម្បងដែលក្រុមរបស់លោក សម្រេចជ្រើសយកថ្ងៃ២ កញ្ញា ដើម្បីតវ៉ាថា៖
«អំពីថ្ងៃទី២ កញ្ញាហ្នឹង គឺជាថ្ងៃដែលរដ្ឋាភិបាលកុម្មុយនីស្ដយួនហ្នឹងប្រកាសថាជាថ្ងៃបុណ្យឯករាជ្យ។ ហើយក្នុងកម្មវិធីបុណ្យឯករាជ្យគេហ្នឹង យើងដឹងច្បាស់ហើយថា ទូតនៅទីក្រុងឡាអេហ្នឹងអញ្ជើញគណៈប្រតិភូដែលជាប្រទេសផ្សេងៗដែលជាប្រទេសប្រជាធិបតេយ្យមកចូលរួមច្រើន ហើយបើគេមកចូលរួមហើយគេនឹងឃើញយើង តើយើងទាមទារអី យើងកំពុងតែធ្វើអី? ដូច្នេះជារឿងអាម៉ាស់មួយដែររបស់រដ្ឋាភិបាលកុម្មុយនីស្តយួន។…រដ្ឋាភិបាលកុម្មនីស្តយួនជានិច្ចកាលតែនិយាយថា គោរពសិទ្ធិមនុស្ស ប៉ុន្តែជាក់ស្ដែងឃើញយើងដែលកំពុងតែធ្វើបាតុកម្មហ្នឹង ក៏ជារឿងមួយដែលធ្វើឱ្យ រដ្ឋាភិបាលយួនហ្នឹងអាម៉ាស»។
ទាក់ទងបញ្ហានេះ ស្ថាប័នការពារសិទ្ធិមនុស្សរបស់ខ្មែរក្រោម ក៏អំពាវនាវឱ្យបណ្ដាស្ថានទូតនានា អង្គការ សមាគម ដែលមាននៅក្នុងប្រទេសវៀតណាម ចូលរួមឃ្លាំមើលព្រឹត្តិការណ៍នេះ ក្រោមហេតុផលចង់ផ្ដល់យុត្តិធម៌ និងការពារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក៕