en     km
en     km

ភាពយន្តភាគគ្រួសារសុខសាន្តវគ្គ ២ ជម្រុញយុវជនចូលរួមសកម្មភាពសង្គម

Share

ភ្នំពេញ៖  កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អង្គការ ប៊ីប៊ីស៊ី មេឌាអ៊ែកសិន (BBC Media Action) បានដាក់សម្ពោធកម្មវិធីទូរទស្សន៍របស់ខ្លួនគឺ «គ្រួសារសុខសាន្តវគ្គ២» នៅរោងភាពយន្ត    ម៉ាជើស៊ីណេផ្លិច អ៊ីអន សែនសុខ។ ខ្សែភាពយន្តបែបអប់រំដែលមានរយៈជាង២០នាទី បានបង្គប់នូវខ្លឹមសារអប់រំជំរុញឱ្យយុវជនហ៊ានប្រឡូកការងារសង្គម និងលើកទឹកចិត្តក្រុមគ្រួសារបង្កបរិយាកាសល្អៗជាមួយគ្នា រួមទាំងចេះយកបញ្ហាមកដាក់លើតុជជែកស្វែងរកដំណោះស្រាយរួមគ្នាផងដែរ។

មហាជនមួយចំនួនបានស្គាល់រួចមកហើយថា រឿង «គ្រួសារសុខសាន្ត» ជារឿងភាគបង្ហាញពីដំណើរជីវិតរបស់ក្រុមគ្រួសារមួយ ដែលមានភាពចម្រូងចម្រាសក្នុងគ្រួសារ រងសម្ពាធសង្គម និងបញ្ហាផ្សេងទៀតដែលយុវជនត្រូវប្រឈម។ ដោយទទួលបានការគាំទ្រពីមហាជន «គ្រួសារសុខសាន្តវគ្គ២» ត្រូវបានបង្កើតឡើងដោយសាច់រឿងបានបង្គប់នូវខ្លឹមសារអប់រំជំរុញឱ្យយុវជនហ៊ានប្រឡូកការងារសង្គម និងលើកទឹកចិត្តក្រុមគ្រួសារបង្កបរិយាកាសល្អៗជាមួយគ្នា រួមទាំងចេះយកបញ្ហាមកដាក់លើតុជជែកស្វែងរកដំណោះស្រាយរួមគ្នាផងដែរ។

ទាក់ទងនឹងរឿងនេះ ស្រ្តីអ្នកដឹកនាំរឿងវ័យក្មេងគឺកញ្ញា ម៉ៅ មង្គលរង្សី ឱ្យដឹងថា មានហេតុផលជាច្រើនជម្រុញបង្កើតចេញជារឿងមួយនេះ។ តួយ៉ាងកញ្ញា មើលឃើញថា លទ្ធភាពដែលយុវជនអាចចូលរួមជួយការងារសង្គមហាក់មិនទាន់ទូលំទូលាយនៅឡើយ ម្យ៉ាងតាមការស្រាវជ្រាវរបស់ខ្លួនរកឃើញថា ភាពស្និតស្នាលក្នុងគ្រួសារនៅមានគម្លាតរវាងគ្នានិងគ្នានៅឡើយ។ ហេតុដូចនេះបានជាកញ្ញា និងក្រុមការងារបង្កើតចេញជារឿងគ្រួសារសុខសាន្ត ក្នុងគោលបំណងបញ្ជ្រាបខ្លឹមសារអប់រំឱ្យទស្សនិកជន ជាពិសេសយុវជនទទួលបានការលើកទឹកចិត្តចូលរួមការងារសង្គម និងក្លាហានលើកយកបញ្ហាមកពិភាក្សាជាមួយឳពុកម្តាយ។

កញ្ញា ម៉ៅ មង្គលរង្សី ៖« សារធំក្នុងសាច់រឿងនេះគឺធ្វើឱ្យក្មេងៗឳពុកម្តាយហើយកូនៗចាប់ផ្តើមបើកពិភាក្សាគ្នាពីអារម្មណ៍ក្នុងចិត្តដូចជាការសិក្សា ស្នេហាហើយក៏ដូចជារឿងទាក់ទងនឹងការងារសង្គម អាហ្នឹងគឺជាtopicមួយគឺដោយសារតែយើងបានសិក្សាថា ឳពុកម្តាយ ហើយនឹងកូននៅស្រុកខ្មែរនៅមានគន្លាតគាត់អត់ហ៊ានពិភាក្សាឬក៏និយាយទេ ចឹងអីដែលយើងធ្វើហ្នឹងគឺផ្សារភ្ជាប់ឱ្យគាត់មើលគ្រួសារហ្នឹងជាគំរូ យើងចង់លក្ខណៈថាចង់ឱ្យយុវជនគាត់គិតថាមានគំនិតមួយចង់ធ្វើការងារសង្គម មានច្រើនការងារសង្គម ការងារស្ម័គ្រចិត្តភូមឃុំ សង្កាត់ ចុះជួយមនុស្សជុំវិញខ្លួន គឺចង់មានណ័យថាគាត់មិនមែនតែជួយអ្នកដទៃទេ នៅពេលគាត់ធ្វើការងារសង្គមហ្នឹងគឺគាត់បានជួយខ្លួនឯងទឿត គាត់ស្គាល់មនុស្សច្រើន ចឹងពេលដែលគាត់រៀនចប់គាត់អាចយកបណ្តាញអស់ហ្នឹង អាចរកការងារធ្វើឬក៏រក business អីតាមហ្នឹងចឹងទៅ»

កញ្ញា ម៉ៅ មង្គលរង្សី ស្រ្តីអ្នកដឹកនាំរឿងវ័យក្មេង កំពុងផ្តល់បទសម្ភាសន៍ដល់ក្រុមការងារវិទ្យុស្រ្តី។ 

មិនខុសគ្នាទៅនឹងកញ្ញា ម៉ៅ មង្គលរង្សី ទេ អ្នកស្រី សៅ វិច្ឆិកា នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃអង្គការប៊ីប៊ីស៊ី មេឌា អ៊ែកសិន (BBC Media Action) លើកឡើងពីគោលបំណងនៃកម្មវិធីទូរទ្សន៍រឿងគ្រួសារសុខសាន្តវគ្គ២នេះផងដែរថា វត្ថុបំណងនៃការផលិតរឿងនេះ គឺចង់បំផុសគំនិតយុវជនឱ្យចូលរួមជាមួយសហគមន៍ឱ្យបានច្រើនដើម្បីជាទុនសមត្ថភាពប្រឡូកក្នុងវិស័យការងារនាពេលអនាគត។

អ្នកស្រី សៅ វិច្ឆិកា នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃអង្គការប៊ីប៊ីស៊ី មេឌា អ៊ែកសិន (BBC Media Action) ឡើងថ្លែងមតិចំណាប់អារម្មណ៍ក្នុងកម្មវិធីសម្ពោធរឿង«គ្រួសារសុខសាន្ត» រដូវកាលទី២។ 

ងាកទៅមើលចំណាប់អារម្មណ៍របស់ទស្សនិកជនវិញឃើញថា នៅអំឡុងពេលចាក់បញ្ចាំងខ្សែភាពយន្តខ្លីរឿងគ្រួសារសុខសាន្តវគ្គ២  អ្នកចូលរួមទស្សនាមួយចំនួនរីករាយនឹងសាច់រឿងដែលលាយឡំជាមួយភាពកំប្លុកកំប្លែង មនោសញ្ចេតនា រហូតដល់អ្នកខ្លះទប់ទឹកភ្នែកស្ទើរមិនជាប់ ព្រោះថាសកម្មភាពតួអង្គហាក់ធ្វើឱ្យខ្លួននឹកដល់អតីតកាលនៅវ័យកុមារភាព។

ក្នុងនោះកញ្ញា ប៊ុនព្រី អ៊ីហ៊ាង និយាយថា បន្ទាប់ពីតាមដានសាច់រឿងនេះហើយ ធ្វើឱ្យកញ្ញាទទួលបាននូវការលើកទឹកចិត្តបន្ថែមក្នុងការចូលរួមសកម្មភាពសង្គម ខណៈកញ្ញាជាយុវជនបានប្រឡូកជាអ្នកស័្មគ្រចិត្តជួយការងារសង្គមម្នាក់ផងដែរនាពេលកន្លងមកនេះ។

កញ្ញា ប៊ុនព្រី អ៊ីហ៊ាង៖«និយាយរួមទៅគ្រួសារមួយរបៀបធ្វើឱ្យយើងដឹងថាម្នាក់ៗជួបបញ្ហាអ្វីខ្លះហើយត្រូវដោះស្រាយបែបមិច ចំណាប់អារម្មណ៍មានតែប៉ុណ្ណឹងព្រោះអីរំភើបពេក មើលមិញកំប្លែងមែនតែសើចលក្ខណៈចង់យំដោយសារតែសាច់រឿងខ្មែរយើងគឺទៅហើយ សាច់រឿងគឺល្អមើលខ្ញុំក៏គាំទ្រត្រង់ចំណុចហ្នឹងដែលដោយសារតែខ្ញុំក៏ធ្លាប់ជាអ្នកធ្វើការងារសង្គមដែរ អីចឹងហើយនៅពេលដែលរឿងលើកចឹងមានអារម្មណ៍ថាធ្វើឱ្យយុវជនកាន់តែចង់ជួយសង្គមកាន់តែច្រើន»

ញ្ញា ប៊ុនព្រី អ៊ីហ៊ាង ថតរូបជាមួយកញ្ញា រ៉ូហ្សា តួអង្គក្នុងរឿង«គ្រួសារសុខសាន្ត»។ 

កម្មវិធីសម្ពោធរឿង«គ្រួសារសុខសាន្ត»រដូកាលទី២ នេះផងដែរ មានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមានអ្នកបង្កើតមាតិកាសង្គមវ័យក្មេង យុវជន និងផ្សេងទៀតមកពី អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នរដ្ឋាភិបាល ម្ចាស់ជំនួយ ស្ថានទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងបណ្តាដៃគូប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតផង។

រឿង«គ្រួសារសុខសាន្ត» វគ្គ២ នឹងមានរឿងភាគថ្មីចំនួន២០ភាគចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រវេលាម៉ោង ៧ យប់ ដោយចាក់ផ្សាយឡើងវិញ នៅថ្ងៃសៅរ៍ វេលាម៉ោង ៥ ល្ងាច និងថ្ងៃអាទិត្យ វេលាម៉ោង ១១ ព្រឹក ហើយ ហ្វេសប៊ុក និងយូធូប ក្លាហាន9 ក៏ចាក់បញ្ចាំងរឿងនេះផងដែរ៕

Share

ព័ត៌មានទាក់ទង

Image