វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានបង្ហាញរបាយការណ៍អង្កេតមួយ ដោយរកឃើញថា មានប្រជាពលរដ្ឋជាង ៩៧% បានគាំទ្រការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
របាយការណ៍បានបង្ហាញពីការស្ទង់មតិរបស់ខ្លួន អំពីការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយវិទ្យាស្ថាននេះបានលើកឡើងថា គិតត្រឹមរយៈពេល ៦ខែ ចុងក្រោយសម្រាប់ ឆ្នាំ២០១៥ បើយោងទៅតាមការស្ទង់មតិ ទៅលើប្រជាពលរដ្ឋចំនួន ១១៣៦ នាក់ ក្នុងនោះស្ត្រី ២៨៣ នាក់ ដែលបានចូលរួម ហើយមានស្រុកចំនួន ១០ នៃខេត្ដចំនួន ៧ ខេត្ដ កំពង់ស្ពី (ស្រុកសំរោងទង និងស្រុកភ្នំស្រួច) ខេត្ដកំពង់ឆ្នាំង (ស្រុករលៀប្អៀរ និងស្រុកបរិបូរណ៍) ខេត្ដពោធិ៍សាត់ (ស្រុកពោធិ៍សាត់ និងស្រុកបាកាន) ខេត្ដបន្ទាយមានជ័យ (ស្រុកមង្គលបូរី) ខេត្ដឧត្ដមានជ័យ (ស្រុកចុងកាល់) ខេត្ដកំពង់ធំ (ស្រុកសន្ទុក) និងខេត្ដក្រចេះ (ស្រុកចិត្របូរី)។
របាយការណ៍ឱ្យដឹងថា លទ្ធផលនៃការអង្កេតបានបង្ហាញថា ៩៧.៦០% បានគាំទ្រ និងចង់ឱ្យរាជរដ្ឋាភិបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថី្ម តែមាន ១.៥០% មិនគាំទ្រ និង០.៩០% ពុំមានចម្លើយ។
របាយការណ៍បន្ថែមថា ភាគច្រើននៃពលរដ្ឋដែលចូលរួមការស្ទង់មតិ ចង់ឱ្យមានការជូនដំណឹងក្រើនរំឭក និងអប់រំផ្សព្វផ្សាយជាញឹកញាប់ ព្រមទាំងការព្រមានដោយផ្ទាល់មាត់ និងពិន័យតាមច្បាប់កំណត់៕