មេខ្លោងឧក្រិដ្ឋកម្មគ្រឿងញៀនជនជាតិចិន ដែលមានទោសជាប់ពន្ធនាគារជាង៥០ឆ្នាំ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនជាថ្មី បន្ទាប់ពីរូបគេត្រូវបានបក្ខពួក រំដោះចេញពីគ្លីនិកព្យាបាលធ្មេញមួយកន្លែងនៅក្នុងខេត្តសៀមរាបកាលពីសប្តាហ៍មុន។ លោក គីម ចាន់ចាវ រាយការណ៍
បន្ទាប់បានគេចខ្លួន១សប្តាហ៍ មេខ្លោងឧក្រិដ្ឋកម្មគ្រឿងញៀនជនជាតិចិនឈ្មោះ ចិន សិនហាន(Chen Hsin Han) ត្រូវបានចាប់ខ្លួនជាថ្មី ហើយប្រឈមការដាក់ទោសបន្ថែមផងដែរ។ លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកបង្រ្កាបបទល្មើសគ្រឿងញៀន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ថា ពេលនេះកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនមួយក្រុមមានគ្នាប្រមាណ១០នាក់បានធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនម្នាក់នៅក្នុងខេត្តសៀមរាប ស្ទើតែបញ្ចប់បានទាំងស្រុងហើយ ព្រោះសមត្ថកិច្ចជំនាញបានចាប់ខ្លួនទណ្ឌិតដែលត្រូវបានរំដោះ និងបក្ខពួកបានស្ទើរតែទាំងអស់។ ទោះជាយ៉ាងនេះក្ដី លោក ម៉ក់ ជីតូ បញ្ជាក់ថា សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងករណីនេះបន្តទៀត។
មេខ្លោងគ្រឿងញៀន ចិន សិនហាន នេះត្រូវបានជនប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាពរំដោះចេញពីគ្លីនិកធ្មេញឈ្មោះ ជុំ ចិន្តា នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ដោយភ្ជង់ និងចងមន្ត្រីពន្ធនាគាររំដោះអ្នកទោសចេញពីទីនោះតាមរថយន្តមួយគ្រឿង។ ក្រុមប្រដាប់អាវុធ ដែលធ្វើសកម្មភាព ទាំង១០នាក់នេះ មាន៦នាក់ជាជនជាតិអាមេរិកដើមកំណើតខ្មែរ ស្ត្រីជនជាតិចិន ១នាក់ ជនជាតិខ្មែរ ២នាក់ និងជនជាតិអារ៉ាប៊ីសាអ៊ូឌីត១នាក់។
លោក ម៉ក់ ជូតូ បានបញ្ជាក់ពីប្រភេទកាំភ្លើងដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ថា កាំភ្លើងទាំងអស់គឺមិនមែនជាការយកមកពីក្រៅប្រទេសទេ គឺមានអ្នករៀបចំទុកឱ្យក្រុមឧក្រិដ្ឋជននៅកម្ពុជាតែម្តង។ តែយ៉ាងណា ពេលនេះសមត្ថកិច្ចស្គាល់អត្តសញ្ញាណអ្នកដែលរៀបចំកាំភ្លើងនេះហើយ និងកំពុងស្វែងរកចាប់ខ្លួន៕