គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៥ ខែមករា ម្សិលមិញនេះ កំពុងដំណើរការជម្រុះយកបេក្ខជនតែត្រឹម ១៥នាក់ សម្រាប់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឱ្យដឹងថា ការប្រជុំសម្រេច ដើម្បីជម្រុះយកបេក្ខជន ១៥នាក់ នោះ ដោយនឹងយក ៣នាក់ សម្រាប់ប្រកួតប្រជែងតំណែងអគ្គលេខាធិការ និង ១២នាក់ទៀត សម្រាប់តំណែងអគ្គលេខាធិការរង។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា រហូតមកទល់រសៀលថ្ងៃម្សិលមិញ កិច្ចប្រជុំជម្រុះបេក្ខភាពតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង គ ជ ប នៅមិនទាន់ទទួលបានលទ្ធផលនៅឡើយនោះទេ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា បេក្ខជនដែលចូលរួមប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវបំពេញលក្ខខណ្ឌចំនួន ៦ចំណុច ដូចជាមានសញ្ជាតិខ្មែរពីកំណើត និងសញ្ជាតិខ្មែរតែមួយគត់ក្នុងរយៈពេលបំពេញការងារ មានអាយុយ៉ាងតិច ៣០ឆ្នាំ មានសិទ្ធិបោះឆ្នោត មានសញ្ញាបត្រចាប់ពីថ្នាក់ឧត្ដមសិក្សាឡើងទៅ មានបទពិសោធនការងារយ៉ាងតិចណាស់ ៥ឆ្នាំ និងមិនត្រូវជាសហព័ន្ធ ឬញាតិសារលោហិត ឬញាតិពន្ធរហូតដល់ថ្នាក់ទី៣ របស់ប្រធាន ឬអនុប្រធានគណបក្សនយោបាយ។
តាមសេចក្ដីប្រកាសរបស់ គ.ជ.ប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ កន្លងមក បានឱ្យដឹងថា អ្នកដាក់ពាក្យសម្រាប់តំណែងអគ្គលេខាធិការមាន ២៤នាក់ និងតំណែងអគ្គលេខាធិការរងមាន១០០នាក់។
សេចក្ដីប្រកាសរបស់ គ.ជ.ប ឱ្យដឹងថា ក្នុងចំណោមបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការទាំង ២៤រូប នោះមាន ១២រូប គោរពតាមលក្ខខណ្ឌ ៦ចំណុច របស់ គ.ជ.ប ចំណែកឯតំណែងអគ្គលេខាធិការរងមានបេក្ខជនគោរពតាមលក្ខខណ្ឌចំនួន ៧៦រូប៕