នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ប្រទេសជប៉ុននឹងចាប់ផ្តើមបើកបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីអាងស្តុកទឹកបានពេញមិនអាចផ្ទុកបន្ថែមទៀតបាន។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃពុធ ទី២៣ ខែសីហានេះ។
ការសម្រេចនេះធ្វើឡើង បន្ទាប់ពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានអនុម័ត ឱ្យអនុវត្តគម្រោងនេះ។ តួយ៉ាង នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសនៅថ្ងៃអង្គារ ទី២២ ខែសីហានេះថា អាជ្ញាធរនឹងស្នើសុំឱ្យប្រតិបត្តិកររោងចក្ររៀបចំបង្ហូរទឹកចេញពីអាងស្តុកទឹកនៅក្នុងរោងចក្រភ្លាមៗ ប្រសិនបើអាកាសធាតុ និងលក្ខខណ្ឌសមុទ្រសមស្រប និងមិនមានអ្វីរារាំងដល់ដំណើរការ។
ក៏ប៉ុន្តែ ការបង្ហូរទឹកនេះ ក្លាយជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាប្រទេសជិតខាងដទៃទៀត។ មនុស្សជាច្រើន រួមទាំងអ្នកនេសាទក្នុងតំបន់ផងនោះ បានសម្តែងការព្រួយបារម្ភថា ការបង្ហូរទឹកនេះអាចប៉ះពាល់ដល់ការចិញ្ចឹមជីវិតរបស់ពួកគេ។ នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ហ្វូងបាតុករនៅទីក្រុងតូក្យូបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅខាងក្រៅលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន ក្នុងគោលបំណងឱ្យរដ្ឋាភិបាលបញ្ឈប់ការបង្ហូរទឹកនេះចូលក្នុងមហាសមុទ្រជាបន្ទាន់។
ក៏ប៉ុន្តែអ្នកជំនាញបានអះអាងថា វាមិនអាចមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាតិនោះទេ ប្រសិនបើមនុស្សមិនទទួលទានក្នុងបរិមាណច្រើនលើសលប់ ដ្បិតកម្រិតវិទ្យុសកម្មនៅក្នុងទឹកនេះមានកម្រិតទាបបំផុត។ តាមសាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្របរិស្ថាននៅសាកលវិទ្យាល័យ Portsmouth លោក Jim Smith បាននិយាយថា ដរាបណាការបង្ហូរទឹកប្រព្រឹត្តតាមគ្រោងការដែលរៀបចំទុកនោះ កម្រិតវិទ្យុសកម្មនៃទឹកនឹងមិនជះឥទ្ធិពលដល់សុខភាពរបស់មនុស្សជាតិនោះឡើយ។ លោកបានបញ្ជាក់ថា វិទ្យុកម្មមានតិចជាងមួយពាន់ដង បើធៀបនឹងវិទ្យុសកម្មដែលចេញពីធម្មជាតិ៕
ប្រភព៖ BBC ចុះថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣