en     km
en     km

ពលរដ្ឋភូមិឡកំបោរដែលត្រូវជនជាតិវៀតណាមវាយនឹងដំបងឆក់ច្រានចោលរបាយការណ៍ប៉ូលីសខណ្ឌឫស្សីកែវ

Share

ភ្នំពេញ៖ ករណីហិង្សាវាយគ្នាទៅវិញទៅមកប្រដាប់ដោយឈើជ្រុង ដាវកែច្នៃ កាំបិតបុ័ងតោ កាំបិតផ្គាក់ដំបងឆក់ កាលពីយប់ថ្ងៃទី១៨ ខែសីហា នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបានសមត្ថកិច្ចនគរបាលអះអាងថា ករណីនេះកើតឡើងដោយពលរដ្ឋខ្មែរម្នាក់លួចស្ទួចត្រីក្នុងស្រះចិញ្ចឹមត្រី របស់ជនជាតិវៀតណាម។ ក៏ប៉ុន្តែពលរដ្ឋដែលត្រូវរបួសដោយសារវៀតណាមវាយដំនឹងដំបងឆក់នេះ បានច្រានចោលការអះអាងរបស់សមត្ថកិច្ច ដោយទាមទារឱ្យសមត្ថកិច្ចស្រាវជ្រាវឱ្យបានច្បាស់លាស់ និងប្តេជ្ញាថានឹងប្ដឹងបន្តទៅកាន់ក្រសួងពាក់ព័ន្ធ។លោក គីម ចាន់ចាវ រាយការណ៍

 

ព្រឹត្តិការណ៍ហិង្សាកាប់ចាក់ដោយចេតនា បង្កឱ្យមានរងរបួសធ្ងន់ធ្ងរ ដែលកើតឡើងរវាងអ្នកភូមឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជាមួយជនជាតិវៀតណាម ដែលមករស់នៅកម្ពុជា បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះហិង្សាដ៏ធ្ងន់ធ្ងរនៅក្នុងទីក្រុងភ្នំពេញនេះ។ ក្រុមប្រជាពលរដ្ឋនៅភូមិឡកំបោរដែលអះអាងថាជនរងគ្រោះនៅតែមិនសុខចិត្តចំពោះដំណោះស្រាយដែលសមត្ថកិច្ចខណ្ឌផ្ដល់ឱ្យ។

ភាគីជនជាតិវៀតណាម

អ្នកស្រី រឿង អូន ដែលមានកូនប្រុសបង្កើត ឈ្មោះ ឃឿន សុខហេង និងកូនប្រសារឈ្មោះ ថាច់ សុធា ត្រូវរបួសក្នុងហេតុការណ៍នេះបានប្រាប់វិទ្យុស្ត្រីថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវដោះលែងនៅក្រៅឃុំវិញ រួមទាំងកូនប្រុសផងដែរ ដោយភ្ជាប់នូវលក្ខខណ្ឌបញ្ចប់រឿងនេះ។

អ្នកស្រីបន្តថា អ្នកស្រីមិនសុខចិត្តលើករណីនេះទេ ដោយសារកូនប្រុសរបស់អ្នកស្រី និងកូនប្រសារ ត្រូវបានភាគីជនជាតិវៀតណាមវាយរងរបួសយ៉ាងធ្ងន់ធ្ងរទាំងដែលអ្នកស្រីអះអាងថា អ្នកទាំងពីរមិនបានប៉ះពាល់ដល់ជនជាតិវៀតណាមទាំងនោះឡើយ។

«ចឹងបានថា អត់មានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្ញុំទាំងអស់ទេ លោកគ្រូអើយ។ ប្រជាពលរដ្ឋគេបើកឡានដេញកាប់ដេញបុកដល់ផ្ទះហើយ បែរជាគេចាប់ដាក់គុកទៀត ហើយគេដោះលែងមកដោយអត់មានសំណងអីសូម្បីតែបន្ដិច សូម្បីតែគ្រោះថ្នាក់ចរាចរណ៍ជនរងគ្រោះក៏ត្រូវតែមានសំណងសងដែរ ចុះនេះគេមានចេតនាមកសម្លាប់ ហើយគេយកម៉ូតូទៅទៀត ហេតុអីក៏អត់មានសំណងសូម្បីតែប៉ុនសសៃសក់។ ចឹងបានខ្ញុំថាប៉ូលីសសង្កាត់ ប៉ូលីសខណ្ឌ ធ្វើការរបៀបម៉េចបានទទួលពាក្យបណ្ដឹងតែជនបង្កបែរជាជនរងគ្រោះដាក់ពាក្យបណ្ដឹង អត់ព្រមធ្វើពាក្យបណ្ដឹងឱ្យទេ។ ហើយក៏អត់ហៅតំណាងទៅដោះស្រាយឱ្យដែរ ដោះស្រាយតែគ្នានៅមន្ទីរឃុំឃាំងហ្នឹង ហើយគ្នាមានរបួសទៀត ពេទ្យឯកជនអត់ធានាបានបញ្ជូនទៅដល់ពេទ្យកាល់ម៉ែត្រ តែហើយវាទៅយកពីកាល់ម៉ែត្រយកមកដាក់ក្នុងមន្ទីរឃុំឃាំង។ កន្លែងហ្នឹងអយុត្តិធម៌សម្រាប់ជនរងគ្រោះខ្លាំងណាស់លោកគ្រូ»

លោក ថាច់ ធី ដែលត្រូវបានជនជាតិវៀតណាមវ៉ាយដំ និងប្រើដំបងឆក់ នៅពេលដែលលោកកំពុងញុំាស្រាបៀនៅកន្លែងលាងម៉ូតូក្នុងភូមិ បញ្ជាក់ថា ថ្ងៃកើតហេតុលោកអង្គុយទទួលទានស្រាបៀ ស្រាប់តែជនជាតិវៀតណាមមានគ្នាជាច្រើនជិះរថយន្ត ៣គ្រឿងមកវាយ នឹងចាប់ចងដោយប្រើដំបងឆក់លើលោកតែម្ដង។

«មកដល់ញ៉ាំមិនទាន់អស់១កំប៉ុងផង លេងមកពីណា១ឡានចុះមកមានសុទ្ធដំបងឆក់ ដាវសាម៉ូរ៉ៃ សាអីហ្នឹងចុះមកវាយយកហ្មងអត់មានសួរមានអីទេ ឆក់ខ្ញុំចាប់ចងខ្ញុំទៀត ខ្ញុំអស់អីអាលីង ហើយអ្នកស្រុក ដល់ពេលហើយ បងប្អូនខ្ញុំហ្នឹង រកសួរនាំ សួរនាំមិនទាន់បានអីផងវាវ៉ៃទាំងបង និងប្អូនខ្ញុំទៀត»

 

ភាគីអ្នកភូមឡកំបោរ(ពលរដ្ឋខ្មែរ) ដែលរងរបួស

ក្រោយឃើញហេតុការណ៍នេះ ទើបបងស្រីរបស់លោក គឺអ្នកស្រី ថាច់ នី បានមករារាំងដោយលើកដៃសំពះអង្វរក្រុមជនជាតិវៀតណាមទាំងនោះកុំឱ្យវ៉ៃប្អូនរបស់ខ្លួនបន្តទៀត។ ពេលនោះបងថ្លៃស្រីរបស់លោកម្នាក់ទៀតគឺ អ្នកស្រី ឆេង ភន ក៏មកជួយសុំអន្តរាគមន៍បន្ថែម ប៉ុន្តែបងស្រីរបស់លោកទាំងពីរនាក់ក៏ត្រូវជនជាតិវៀតណាមទាំងនោះវាយឱ្យរងរបួសផងដែរ។ ក្រោយមកទើប ប្អូនប្រុសម្នាក់ទៀតឈ្មោះ ថាច់ សុធា មកជួយក៏ជនជាតិវៀតណាមទាំងនោះវ៉ៃឱ្យរបួសធ្ងន់ ខណៈអ្នកស្រី ថាច់ នី ដោះចំណងឱ្យលោកថាច់ ធី ដើម្បីរត់។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ថាច់ នី។

«ថាគេវ៉ៃហើយ ខ្ញុំគ្រាន់ឮសូរចឹងខ្ញុំក៏ស្ទុះរត់ទៅ រត់ទៅទាំងខោខ្លីចឹងហាស៎ ដល់ទៅឃើញគេទាត់ប្អូនវ៉ៃប្អូន ហើយខ្ញុំក៏និយាយថាពូអើយខ្ញុំសុំអង្វរកុំវ៉ៃប្អូនខ្ញុំវ៉ៃប៉ុណ្ណឹងបានហើយ ពូឯងវ៉ៃមនុស្សខុសហើយ។ គេថាចោរៗៗៗៗ ខ្ញុំថាមិនមែនទេ ប្អូនខ្ញុំមិនមែនចោរទេ បើពូឯងមិនជឿពូឯងសួរអ្នកភូមិហ្នឹងថាប្អូនខ្ញុំវាយ៉ាងម៉េច? ខ្ញុំអង្វរខ្ញុំសំពះវាទៀតហាស៎។ ខ្ញុំគ្រាន់តែកាងអត់បានជួយអីប្អូនទេ រួចចុះគេវ៉ៃប្អូននៅមុខគ្រាន់ឆ្កាងដៃកុំឱ្យគេវ៉ៃប្អូនយើង។ ឃាត់គេអត់ស្ដាប់ចឹងហ្មង គេគិតតែពីវ៉ៃ គេធាក់ហ្មងហាស៎ ខ្ញុំលើកដៃសំពះវាទៀត។ …ពេលហើយវាអត់ស្ដាប់វាវ៉ៃខ្ញុំ១ឈើចំជើងឡើងខ្ញុំឆ្អល់ …រួចហើយប្អូនខ្ញុំអាមួយទៀត អាឈ្មោះថាច់ ឌី ហ្នឹងខ្ញុំតេប្រាប់វាដែរ ក៏វាខំប្រឹងមក មកហ្នឹងក៏វ៉ៃដោយទាំងប្អូនខ្ញុំហ្នឹងមួយទៀត។ ចុះវាម្នាក់ឯងគេ១ហ្វូងនោះ»

បើតាមក្រុមប្រជាពលរដ្ឋដដែលនេះអះអាងថា នៅពេលដែលពួកគេរត់គេចខ្លួនទើបបង្កឱ្យផ្អើលដល់អ្នកភូមិចេញមកមើល ហើយក្រុមជនជាតិវៀតណាមទាំងនោះបានបើករថយន្តដេញតាមបុកតែម្ដង។

អ្នកស្រី រឿង អូន បានបន្តថា ក្រុមជនជាតិវៀតណាមបានបើកឡានដេញ ដល់កន្លែងជួសជុលរថយន្តមួយ ដោយម្ចាស់រថយន្តឈ្មោះលោក ប៊ុន សំណាង មិនបានដឹងរឿងក៏សួរនាំធ្វើឱ្យជនជាតិវៀតណាមនោះវាយដុំលោកសំណាងនោះតែម្ដង។

«មកដល់អាអូនហ្នឹងថា បងរកអីសពកង់ឡានឬអី? គាត់ស្មានថាឡានគេចូលសពកង់ឡានគាត់ចូលរាក់ទាក់ចឹងហ៍ណា។ វាមានអីយើងគ្រាន់តែថាអញ្ចឹងយើងបើកទ្វារឱ្យវាស្រាប់តែវាចុះពីលើឡានកាប់យកៗហ្មង។ កាប់ម្ចាសសព្វកង់ឡានហ្នឹងអាអូនបើការ៉ាស់ឡានហ្នឹង»

ភាគីអ្នកភូមឡកំបោរ(ពលរដ្ឋខ្មែរ) ដែលរងរបួស

ពាក់ព័ន្ធបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការបំភ្លឺពី អធិការខណ្ឌឬស្សីកែវ លោក ហៀង សារ៉េត ប៉ុន្តែលោកបានបដិសេដក្នុងការផ្ដល់បទសម្ភាសតាមទូរសព្ទ ដោយឱ្យមើលការធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១ ខែសីហា។

«បងអញ្ជើញមកកន្លែងមកម្សិលមិញខ្ញុំធ្វើសន្និសីទធ្វើសម្ភាសកាសែតហើយ។ សូមអរគុណ ចង់ដឹងមកកន្លែងមក»

ក្នុងសន្និសីទនោះ លោកអធិការ ហៀង សារ៉េត អះអាង ថាពាក់ព័ន្ធការប្រព្រឹត្តអំពើហិង្សាវាយគ្នាទៅវិញទៅមកប្រដាប់ដោយឈើជ្រុង ដាវកែច្នៃ កាំបិតបុ័ងតោ កាំបិតផ្គាក់ ដំបងឆក់ បណ្តាលឱ្យមានរបួសធ្ងន់ស្រាលទាំងសងខាងនេះ គឺដោយសារគូភាគីម្ខាងដែលជាជនជាតិខ្មែរបានចូលទៅលួចស្ទួចត្រីក្នុងស្រះរបស់ភាគីម្ខាងទៀតដែលជាជនជាតិវៀតណាមរស់នៅស្រុកខ្មែរ។

អធិការខណ្ឌឬស្សីកែវ លោក ហៀង សារ៉េត ធ្វើសន្និសីទកាសែត នៅថ្ងៃ២១ សីហា

ក៏ប៉ុន្តែការអះអាងនេះ ត្រូវបានអ្នកស្រី រឿង អូន បដិសេដដោយអ្នកស្រីចាត់ទុកថា ជាការចោទប្រកាន់គ្មានភស្ដុតាង។ អ្នកស្រីអះអាងថា អ្នកស្រីមិនពេញចិត្តក្នុងការបញ្ចប់រឿងនេះឡើយ ប៉ុន្តែដោយសារតែកូនប្រុសរបស់ខ្លួនពិបាកមិនអាចទ្រាំជាប់ឃុំបណ្ដោះអាសន្ននៅក្នុងមន្ទីរឃុំឃាំងខណ្ឌឫស្សីកែវ ទើបកូនប្រុសអ្នកស្រី និងអ្នកជាប់ឃុំផ្សេងទៀតបង្ខំចិត្តផ្ដិតមេដៃបញ្ចប់រឿងដើម្បីបាននៅក្រៅឃុំ។

«ចឹងបានខ្ញុំថា បើសិនជាយួនហ្នឹងវាថាចោរលួចត្រី ចាប់ចោរហ្នឹងឱ្យបានប្រគល់ឱ្យសមត្ថកិច្ចទៅ។ ហ្នឹងហើយខ្ញុំសំណូមពរឱ្យ អញ្ចឹងហាស៎សូមឱ្យប៉ូលីសខាងប៉ូលីសមកបើកកាម៉េរា តាមដានសកម្មភាពហ្នឹងឱ្យច្បាស់ កុំឱ្យឆ្លើយតែតាមពាក្យយួន ចោទប្រជាពលរដ្ឋទាំងស្រុង សូម្បីតែចាប់នៅកន្លែងលាងម៉ូតូ»

បាលខណ្ឌឫស្សីកែវបង្ហាញថា ក្រោយពេលកើតហេតុសមត្ថកិច្ច បានហៅគូភាគីទាំងពីរមកអង្គភាពនគរបាល ដើម្បីបំភ្លឺដោយអនុវត្តទៅតាមនីវិធី។ បន្ទាប់ពីការបំភ្លឺរួច មានអ្នកពាក់ព័ន្ធនឹងករណីបង្កហិង្សានេះ ចំនួន ១២នាក់ ក្នុងនោះ ខាងភាគីខាងជនជាតិវៀតណាមចំនួន ០៦នាក់ និងភាគីខាងជនជាតិខ្មែរចំនួន ០៦នាក់(បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ០១នាក់) ។

បច្ចុប្បន្ននេះអ្នកទាំងនោះត្រូវបានដោះលែងវិញហើយ។ ទោះយ៉ាងណាពលរដ្ឋ ដែលមានទំនាស់ជាមួយជនជាតិវៀតណាមទាំងអស់នៅនៅភូមិឡកំបោរ នៅតែអះអាងថា ខ្លួនជាជនរងគ្រោះដោយការការវាយដុំកាប់ចាក់ដោយក្រុមជនជាតិវៀតណាម ខណៈ អ្នកស្រីរឿង អូន អះអាងថា នឹងប្ដឹងទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ដើម្បីសុំឱ្យស្ថាប័នជាន់ខ្ពស់ទាំងពីរនេះជួយអន្តរាគមន៍ដល់កូនរបស់អ្នកស្រី និងប្រជាសហគមន៍៕

 

Share

ព័ត៌មានទាក់ទង

Image