en     km
en     km

ពលរដ្ឋខ្មែរនៅបរទេសចាប់ផ្ដើមធ្វើបាតុកម្មប្រឆាំងវៀតណាមដែលចាប់ខ្លួនសកម្មជនខ្មែរក្រោម

Share

នៅព្រឹកថ្ងៃទី ២១ ខែសីហានេះ ម៉ោងនៅសហរដ្ឋអាមេរិកថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក បានមកជួបជុំគ្នានៅមុខស្ថានទូតវៀតណាមប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលទីក្រុងហាណូយដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ៤ នាក់ ដែលអាជ្ញាធរវៀតណាម ចាប់ខ្លួននៅថ្ងៃទី ៣១ ខែកក្កដា និងទី ៣ ខែសីហា កន្លងទៅនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

ដូចការគ្រោងទុកពលរដ្ឋខ្មែរ ដែលភាគច្រើនជាអ្នកកម្ពុជាក្រោមប្រមាណជាង១០០នាក់មកពីតាមបណ្តារដ្ឋផ្សេងៗជុំវិញតំបន់រដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក ជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមនៅរដ្ឋធានី Washington DC សហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម។ ក្នុងបាតុកម្មនេះ អ្នកចូលរួមធ្វើភាគច្រើនពាក់អាវយឺតមានរូបសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ៤ រូប ដែលត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន។

ពួកគេបានហៅសកម្មភាពនោះថាជា «មហាបាតុកម្មទូទាំងពិភពលោក» នៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យរដ្ឋាភិបាលទីក្រុងហាណូយ ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម។

ក្រៅពីធ្វើនៅរដ្ឋធានី Washington D.C.,សហរដ្ឋអាមេរិកនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣នេះ ក្រុមពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏មានគម្រោងធ្វើនៅទីតាំងនិងកាលបរិច្ឆេទផ្សេងទៀតផងដែរ។ ដូចជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៣ ធ្វើនៅខេត្តអន់ធារីយោ, ប្រទេសកាណាដា។ ចំណែកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ខាងមុខ ធ្វើនៅទីក្រុង San Francisco, រដ្ឋ California សហរដ្ឋអាមេរិក និងថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៣ទីក្រុងឡាអេ, ប្រទេសហូឡង់ ដែលមានការចូលរួមពីពលរដ្ឋខ្មែរដែលធ្វើដំណើរមកពីប្រទេសនានាក្នុងតំបន់អ៊ឺរ៉ុប។

ដោយឡែកនៅកម្ពុជាឯនេះវិញ សមាគមខ្មែរកម្ពុជាក្រោម គ្រោងនឹងដាក់ញត្តិទៅកាន់ស្ថានទូតសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីឱ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើម ក្នុងករណីដែលអាជ្ញាធរវៀតតាមចាប់ខ្លួនពលរដ្ឋខ្មែរក្រោមនេះ។ ក្រោយការដាក់ញត្តិនេះពួកគេនឹងរង់ចាំលទ្ធផលអន្តរាគមន៍ពីបណ្ដាប្រទេសលោកសេរីទាំងនោះ។ ក្នុងករណីមិនមានប្រតិកម្មដូចរំពឹងទុកពួកគេក៏គ្រោងនឹងធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាមប្រចាំកម្ពុជាតែម្ដង។

 

សូមរំលឹកថា អាជ្ញាធរវៀតណាម កាលពីថ្ងៃទី ៣១ កក្កដា បានចុះចាប់ខ្លួន និងកោះហៅសកម្មជនខ្មែរក្រោម ទៅសួរចម្លើយ ៩ រូបក្នុងពេលតែមួយ។ យុវជនដែលត្រូវចាប់ខ្លួនហើយមិនទាន់ដោះលែងវិញ រួមមាន លោក ថាច់ កឿង លោក តោ ហ្វាងចឿង នៅខេត្តព្រះត្រពាំង និងលោក យ័ញ ម៉ិញក្វាង ។ ចំណែកអ្នក ដែលរងការកោះហៅទៅសួរចម្លើយ មានជាអាទិ៍ លោក គៀង យ័ញនី នៅខេត្តព្រះត្រពាំង លោក ថាច់ មឿន នៅខេត្តឃ្លាំង និងអ្នកមួយចំនួនទៀត។ ទន្ទឹមនេះអាជ្ញាធរក្នងខេត្តនេះដដែល កំពុងតាមដានឃ្លាំមើលសកម្មភាពរបស់ លោក ឡឹម វង្ស និង លោកស្រី ឌិន ធីហ្វិន នៅខេត្តឃ្លាំង។

ក្រោយការដោះលែងសកម្មជនខ្មែរក្រោមមួយចំនួន អ្នកស្រី ឌិន ធីហ្វិន ដែលពលរដ្ឋខ្មែរម្នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៣ ខែសីហា។ ដូច្នេះពេលនេះអ្នកត្រូវជាប់ឃុំបណ្ដោះអាសន្នមានចំនួន៤នាក់។

ការចាប់ខ្លួនពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ គឺដោយសារតែពួកគេតែប្រើប្រាស់បណ្ដាសង្គមបញ្ចេញមតិជុំវិញនឹងសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ហើយពួកគេតែធ្វើសកកម្មភាពផ្សព្វផ្សាយពីសិទ្ធិមនុស្សជនជាតិដើម្បីដោយមានការផ្ដល់នូវសៀវភៅណែនាំជាដើម។ មួយវិទទៀតពួកគេបានចែកចាយសៀវភៅស្តីអំពីសិទ្ធិជនជាតិដើមភាគ និងអាវយឺតដែលភ្ជាប់និមិត្តសញ្ញាខ្មែរកម្ពុជាក្រោម នៅថ្ងៃទិវាសិទ្ធិនានា៕

Share

ព័ត៌មានទាក់ទង

Image