បាងកក៖ អតីតមេដឹកនាំប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រឡប់ចូលប្រទេសវិញនៅថ្ងៃអង្គារទី២២ ខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល១៥ ឆ្នាំ។ការវិត្រឡប់របស់លោកនៅពេលនេះគឺតែប៉ុន្មានម៉ោងមុនការបោះឆ្នោតក្នុងសភាដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។
រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល
លោក ថាក់ស៊ីន បានចុះចតយន្តហោះឯកជនរបស់លោកនៅអាកាសយានដ្ឋានដុនមឿង ទីក្រុងបាងកក នៅម៉ោង៩ព្រឹក ដោយមានក្រុម“អាវក្រហម” រាប់រយនាក់ទទួលស្វាគមន៍លោក និងមានកាន់បដា និងច្រៀងចម្រៀងផងដែរ។
ពេលចុះមកដល់ទឹកដីកំណើតភ្លាមលោក ថាក់ស៊ីន បានដាក់កម្រងផ្កានិងក្រាបថ្វាយបង្គំរូបព្រះមហាវីជីរ៉ាឡុងកន ព្រះមហាក្សត្រថៃ និងគ្រវីដៃទៅកាន់អ្នកគាំទ្រ។អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានភៀសខ្លួនទៅក្រៅប្រទេសនៅឆ្នាំ២០០៨ ដើម្បីគេចពីទោសជាប់ពន្ធនាគារពីបទរំលោភអំណាច បន្ទាប់ពីក្រុមយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកដោយចោទប្រកាន់ពីបទពុករលួយ និងមានភាពមិនស្មោះត្រង់ចំពោះរាជបល័ង្គ។
សមាជិកសភាថៃនឹងបោះឆ្នោតនៅពេលរសៀលថ្ងៃនេះ ដើម្បីជ្រើសតាំងឧកញ៉ាមហាសេដ្ឋី លោក ស្រេតថាថាវីស៊ីន ជានាយករដ្ឋមន្ត្រីថ្មី ដែលដឹកនាំដោយគណបក្សភឿថៃ។នៅថ្ងៃនេះលោកស្រេតថាថាវីស៊ីនបានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនគេស្គាល់ជាTwitter ថា”សូមអបអរសាទរអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន និងក្រុមគ្រួសារShinawatra។គ្មានអ្វីរីករាយជាងការត្រលប់មកមាតុប្រទេសវិញរបស់អ្នកជាមួយគ្រួសារនាពេលនេះទេ”។
ប្អូនស្រីរបស់លោកថាក់ស៊ីនគឺលោកស្រី Yingluck ដែលត្រូវបានបណ្តេញចេញពីអំណាចដោយកងទ័ពប្រទេសថៃដូចលោកថាក់ស៊ីនដែរនោះ បានបានសរសេរថា “ថ្ងៃដែលអ្នកកំពុងរង់ចាំ ទីបំផុតបានមកដល់ហើយ”៕
ប្រភព៖ C N A ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣