កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១:៣០នាទី មាន ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយគ្នាទៅវិញទៅមកប្រដាប់ដោយឈើជ្រុង, ដាវកែច្នៃ, កាំបិតបុ័ងតោ, កាំបិតផ្គាក់, ដំបងឆក់) កើតឡើងត្រង់ចំណុច ផ្លូវលេខ១០០៣ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ។ រហូតដល់ពេលនេះសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនបង្កចំនួន ១២នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ តើអ្វីជាមូលហេតុនៃការវាយតបគ្នានេះ។លោក គីម ចាន់ចាវ រាយការណ៍
អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថាពាក់ព័ន្ធការប្រព្រឹត្តអំពើហិង្សាវាយគ្នាទៅវិញទៅមកប្រដាប់ដោយឈើជ្រុង ដាវកែច្នៃ កាំបិតបុ័ងតោ កាំបិតផ្គាក់ ដំបងឆក់ បណ្តាលឱ្យមានរបួសធ្ងន់ស្រាលទាំងសងខាងនេះ គឺដោយសារគូភាគីម្ខាងដែលជាជនជាតិខ្មែរបានចូលទៅស្ទួចត្រីក្នុងស្រះចិញ្ចឹមត្រី របស់ភាគីម្ខាងទៀតដែលជាជនជាតិវៀតណាមរស់នៅស្រុកខ្មែរ។
អធិការខណ្ឌឬស្សីកែវ លោក ហៀង សារ៉េត បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែសីហាថា ពេលភាគីខាងជនជាតិវៀតណាមឃើញ ក៏បានហៅបក្ខពួកមកដេញចាប់រហូតដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានចាប់ភាគីខាងជនជាតិខ្មែរបានម្នាក់។ លោកថា ពេលនោះភាគីខាងជនជាតិខ្មែរក៏បាននាំគ្នាមកតទល់គ្នា រហូតបង្កឱ្យមានហិង្សាកើតឡើងឈានទៅដល់មានការប្រើប្រាស់ឈើជ្រុង, ដាវកែច្នៃ, កាំបិត, ដំបងឆក់ វាយគ្នាទៅវិញទៅមក ព្រមទាំងមានការជិះម៉ូតូដេញគប់រថយន្ត និងបើករថយន្តកៀរម៉ូតូតាមដងផ្លូវ បណ្តាលឱ្យមានរបួសធ្ងន់ស្រាលទាំងសងខាង។
ពាក់ព័ន្ធករណីនេះមានប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើការតវ៉ានៅមុខអធិការខណ្ឌឫស្សីកែវផងដែរ នៅថ្ងៃទី២០ ខែសីហា ដោយទាមទារឱ្យសមត្ថកិច្ចដោះស្រាយខណៈដែរសាច់ញាតិរបស់ពួកគេដែលមានបញ្ហាវាយតប់ជាមួយអ្នករកស៊ីជនជាតិវៀតណាម។
របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបង្ហាញថា ក្រោយពេលកើតហេតុ សមត្ថកិច្ច បានហៅគូភាគីទាំងពីរ មកអង្គភាពនគរបាល ដើម្បីបំភ្លឺដោយអនុវត្តទៅតាមនីវិធី បន្ទាប់ពីការបំភ្លឺរួច មានអ្នកពាក់ព័ន្ធនឹងករណីបង្កហិង្សានេះ ចំនួន ១២នាក់ ក្នុងនោះ ខាងភាគីខាងជនជាតិវៀតណាម ចំនួន ០៦នាក់ និងភាគីខាងជនជាតិខ្មែរ ចំនួន ០៦នាក់(បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ០១នាក់) ។បន្ទាប់ពីរាយការណ៍ជូនថ្នាក់ដឹកនាំនគរបាលតាមលំដាប់ថ្នាក់ និងរាយការណ៍ជូនព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ លោកព្រះរាជអាជ្ញាបានបញ្ជាឱ្យឃាត់ខ្លួន និងកសាងសំណុំរឿង ភាគីទាំងសងខាង សរុបចំនួន ១២នាក់ បញ្ជូនទៅអយ្យាការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់។
«សមត្ថកិច្ចបើថាបងប្អូនទាំងសងខាងត្រូវរបួសទាំងអស់ ចឹងបើត្រូវរបួសតួនាទីសមត្ថកិច្ចទី១ គឺត្រូវសង្គ្រោះជីវិតទាំង២(ភាគី) ហ្នឹង បានន័យថា ត្រូវបញ្ជូនទៅពេទ្យ មើលនៅពេទ្យ បើគាត់ពេទ្យថាអាចយកមកខណ្ឌវិញបានគឺយកមកខណ្ឌ។ ដូចម្សិលមិញចឹង បងប្អូនប្រជាពលរដ្ឋនៅភូមឡកំបោរ គាត់ថាកូនគាត់ត្រូវរបួសចេញឈាម ចឹងខ្ញុំបានឱ្យអធិការរងបញ្ជូនទៅមន្ទីពេទ្យកាល់មែត្រ ហើយមន្ទីរពេទ្យកាល់ម៉ែត្រគាត់បានពិនិត្យគាត់ថា អាចអត់ពាក់ព័ន្ធដល់អីទេ ឱ្យយកមកកន្លែងអធិការដ្ឋានវិញមក ហើយបានយកមកដាក់ខណ្ឌវិញ»។
ចំពោះករណីបង្កហិង្សានេះ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បញ្ជាក់អះអាងខ្លួនថា សមត្ថកិច្ចបានឃាត់ខ្លួនគូភាគីបង្កទាំងពីរ ទៅតាមនីតិវិធីច្បាប់ ដោយមិនលម្អៀង និងមិនមានការរើសអើងនោះទេ។ ជាមួយគ្នានេះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្នើសុំឱ្យមានការកែតម្រូវរាល់ខ្លឹមសារព័ត៌មាន ដែលអធិការខណ្ឌយល់ថា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់កងកម្លាំងសមត្ថកិច្ច៕