ការពន្យារពេលអនុវត្តច្បាប់ចរាចរណ៍ជើងគោកថ្មីក្នុងមួយថ្ងៃ គឺប្រៀបបាននឹងការបណ្ដោយឱ្យមានពលរដ្ឋកម្ពុជា ៦នាក់ ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃ នេះបើតាមការថ្លែងរបស់មន្ត្រីអង្គការសង្គមស៊ីវិល ធ្វើការលើផ្នែកសុវត្ថិភាពចរាចរណ៍។
មន្ដ្រីកម្មវិធីអង្គការចលនាដើម្បីសុខភាពកម្ពុជា កញ្ញា ម៉ក់ ទេវិន្ទ បានថ្លែងបែបនេះ កាលពីល្ងាចថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០១៦ នៅក្នុងសន្និសីទស្ដីពី “ការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកថ្មី“ ក្រោមប្រធានបទ “សំឡេងជនរងគ្រោះ”។
«ហើយយើងខ្ញុំក៏សូមឱ្យក្រសួងសាធារណ[ការ] និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ និងក្រសួង ពាក់ព័ន្ធទាំងអស់ រក្សានូវជំហរក្នុងការរឹតបន្តឹងការអនុវត្ដច្បាប់នេះ បើទោះជាមានប្រតិកម្មខ្លះ ពីប្រជាពលរដ្ឋមួយចំនួនក៏ដោយ ក៏សូមឱ្យក្រសួងចាត់ចែង ឱ្យមាននូវនីតិវិធីច្បាប់ច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហា ដែលបានលើកឡើងដោយ ប្រជាពលរដ្ឋ។ គួរកត់សម្គាល់ថា ការពន្យារពេលមួយថ្ងៃ គឺប្រៀបបាននឹងការបណ្ដោយឱ្យមានពលរដ្ឋកម្ពុជាប្រមាណ៦នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍»។
កញ្ញា មក់ ទេវិន្ទ លើកឡើងបញ្ជាក់បន្ថែមថា ការរឹតបន្តឹងការអនុវត្ដច្បាប់ចរាចរណ៍ គឺជាយន្ដការមួយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយប្រសិនបើក្នុងករណី ដែលពលរដ្ឋមានការពន្យារពេលក្នុងការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដូចជាការរួមចំណែកធ្វើឱ្យចំនួនអ្នកស្លាប់ នៅតែដដែល។
និស្សិតមួយរូបមកពី សាលាជាតិកសិកម្មព្រែកលាភ លោក ហោ កុសល ជាជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បាននិយាយនៅក្នុងកម្មវិធីខាងលើថា កាលពីមួយខែមុន គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ចៃដន្យមួយ នៅពេលដែលគាត់ធ្វើដំណើរចេញពីផ្ទះ ឆ្ពោះទៅសាលា។
លោក ហោ កុសល ប្រាប់បន្ដថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានចំពោះលោកនេះ ដោយសារតែអ្នកបើកបរម៉ូតូមិនគោរពច្បាប់ចរាចរណ៍។ «ពេលដែលខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារមានមូលហេតុក្មេងស្ទាវម្នាក់ គាត់បើកបរ លឿនហួសកំណត់ គាត់មិនគោរពច្បាប់ចរាចរណ៍ ដោយក្នុងលក្ខណៈខ្ញុំ គោរពច្បាប់ ចរាចរណ៍ ខ្ញុំបានបញ្ឈប់ ប៉ុន្ដែពេលដល់ចំណុចដែលភ្លើងខៀវ អនុញ្ញាតឱ្យខ្ញុំទៅ គាត់ត្រូវឈប់ គាត់មិនឈប់ គាត់បែរជាល្មើសច្បាប់ មិនគោរពច្បាប់ ថែមទាំងបើកបរយ៉ាងលឿន ពេលនោះបានមកបុកខ្ញុំ ធ្វើឱ្យខ្ញុំប៉ះពាល់ទៅលើរាងកាយរបស់ខ្ញុំ មានក្បាល កែងដៃ ចង្កេះ និងជើង ប៉ុន្ដែដែលត្រូវធ្ងន់ជាងគេ គឺចង្កេះ ហើយនិងដៃរបស់ខ្ញុំ ដែលធ្វើឱ្យខ្ញុំងើបមិនរួច»។
លោក ហោ កុសល ប្រាប់បន្ដទៀតថា ពេលដែលគាត់ជួបគ្រោះថ្នាក់នេះ គាត់ត្រូវសម្រាក ព្យាបាលនៅមន្ទីរពេទ្យតែមួយកន្លែង អស់រយៈពេលជិតមួយខែ ជាមួយគ្នានេះ គាត់ក៏ត្រូវ បានក្រុមគ្រួសារ ជូនទៅមន្ទីរពេទ្យរាល់មួយសប្ដាហ៍ម្ដងផងដែរ ដើម្បីពិនិត្យទៅលើក្បាល និងចង្កេះរបស់គាត់ដែលមានសភាពគ្រាំខ្លាំងនោះ។
នាយិកាអង្គការសម្ព័ន្ធសុវត្ថិភាពចរាចរណ៍ ផ្លូវគោក អ្នកស្រី លឹម សុជា មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ថាការពន្យារពេលមិនអនុវត្ដច្បាប់ចរាចរណ៍ មិនត្រឹមតែធ្វើឱ្យមនុស្ស ៦នាក់ស្លាប់ក្នុងមួយថ្ងៃនោះទេ ប៉ុន្ដែ ការដែលមិនចូលរួមអនុវត្ដច្បាប់ចរាចរណ៍ គឺធ្វើឱ្យចំនួនអ្នកស្លាប់ នឹងមានការកើនឡើង។
«ចំនួនអ្នកស្លាប់នឹងមានការកើនឡើង យើងគ្រាន់តែគិតតែប៉ុណ្ណេះទេ បច្ចុប្បន្នយើង នៅអនុវត្ដច្បាប់ចាស់ទេ ហើយយើងទើបអនុវត្ដច្បាប់ថ្មី បានរយៈពេលបីបួនថ្ងៃនេះទេ។ យើងឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ករណី គ្រោះថ្នាក់ចរាចរណ៍ អ្នកស្លាប់កើនឡើងរហូត ចុះបើទម្រាំ យើងអត់មានអនុវត្ដច្បាប់ទៀត តើយើងគិតថា ថយដែរទេ?»
អ្នកស្រីបន្ថែមថា មិនមែនតែអ្នកដែលបើកបរ ឬអ្នកអង្គុយពីក្រោយអ្នកបើកបរទេ ដែលជាជនរងគ្រោះ សូម្បីសាច់ញាតិ និងក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏ជាជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ «គ្រោះថ្នាក់ចរាចរណ៍ driver (អ្នកបើកបរ) ដែលភាគច្រើនជាបុរសនោះគឺ ជាអ្នករងគ្រោះខ្លាំងជាងគេ។ អ្នកដែលរងផលប៉ះពាល់បន្ទាប់ហ្នឹង គឺជាប្រពន្ធហើយ ដែលបន្សល់ទុកនូវការទទួលខុសត្រូវផ្សេងៗ បន្ទាប់ពីប្ដី រងពិការ ឬក៏ស្លាប់ហ្នឹង»។
ជាថ្មី នាយិកានៃអង្គការសម្ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍បន្ថែមថា ដើម្បី ទប់ស្កាត់បញ្ហា ឬដើម្បីបញ្ចៀសនូវសោកនាដកម្មទាំងនេះ គឺទាំងអស់គ្នា ត្រូវចូលរួម អនុវត្ដច្បាប់ចរាចចរណ៍ផ្លូវគោក និងការយកចិត្ដទុកដាក់អំពីសុវត្ថិភាពផ្ទាល់ខ្លួន ទាំងអស់គ្នា ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។
សូមបញ្ជាក់ថា កន្លងមកអង្គការសង្គមស៊ីវិលជាច្រើន បានសម្រេចចិត្ដគាំទ្រ នូវការអនុម័ត និងការដាក់ឱ្យអនុវត្ដនៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ក្នុងនោះមានដូចជា អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) ក៏ដូចជា អង្គការចលនាដើម្បីសុខភាពកម្ពុជា បានចូលរួមផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ទៅដល់អ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននិងនៅតាមសហគមន៍។
សូមជម្រាបដែរថា បើយោងតាមរបាយការណ៍ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០១៤ របស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺក្នុងមួយថ្ងៃៗ ជាមធ្យមមានមនុស្ស ប្រមាណ ៦នាក់ បានស្លាប់បាត់បង់ជីវិត និង ៣៩នាក់ បានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវថ្នល់ ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ៦៩% នៃអ្នកស្លាប់គឺជាអ្នកប្រើប្រាស់ទោចក្រយានយន្ដ ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះមាន ៦២% បានទទួលរងការប៉ះ ទង្គិចក្បាល។ ជារួមអ្នកធ្វើដំណើរតាមទោចក្រយានយន្ដដែលទទួលរងគ្រោះ មានប្រមាណ ជាង ៨០% មិនបានពាក់មួយសុវត្ថិភាពនៅពេលធ្វើដំណើរតាមទោចក្រយានយន្ដនៅក្នុង គ្រោះថ្នាក់ចរាចរណ៍ផងដែរ៕