en     km
en     km

មាត្រា​ចំនួន​ពីរ​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​ ត្រូវ​បាន​ក្រុមការងារ​ចំពោះ​កិច្ច​ពិនិត្យ​មើល​ឡើង​វិញ​

Share

cover-Union-law
​ភ្នំពេញ​៖​ មាត្រា​ចំនួន​ពីរ​ ក្នុង​ចំណោម​មាត្រា​ ១០០​ នៅ​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​ ត្រូវ​បាន​ក្រុមការងារ​ចំពោះ​កិច្ច​មក​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ លើកយក​មក​ពិភាក្សា​ និង​ពិនិត្យ​មើល​ឡើង​វិញ​ កាលពីរសៀលថ្ងៃចន្ទ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ផ្តល់​យោបល់​ជុំវិញ​សេចក្តីព្រាងច្បាប់​សហជីព​ ជា​លើក​ដំបូង​នៅ​វិមាន​រដ្ឋសភា​។​ មាត្រា​ទាំង​ពីរ​ដែល​ត្រូវ​ពិនិត្យ​ឡើង​វិញ​នោះ​ រួម​មាន​ មាត្រា​ ៣​ និយាយ​ពី​ការ​ដាក់​បញ្ចូល​នូវ​វិសាលភាព​នៃ​អង្គការ​សហជីព​ និង​មាត្រា​ ៤​ និយាយ​ពី​រចនាសម្ព័ន្ធ​របស់​សហជីព​និង​ការ​បង្កើត​សហភាព​សហព័ន្ធ​សហជីព​។​

​ក្រុមការងារ​ចំពោះ​កិច្ច​មក​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​ លើកយក​មាត្រា​ចំនួន​ពីរ​ក្នុង​ចំណោម​មាត្រា​ទាំងអស់​ចំនួន​ ១០០​ នៅ​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​មក​ពិនិត្យ​និង​ពិភាក្សា​ឡើង​វិញ​។​

​ចំណុច​ទាំង​ពីរ​ដែល​ក្រុមការងារ​ចំពោះ​កិច្ច​ លើកយក​មក​ពិភាក្សា​នោះ​ ស្ថិត​នៅ​ក្នុង​ចំណោម​ ២១​ ចំណុច​ ដែល​អង្គការ​សហជីព​ស្នើ​ឱ្យ​គណៈកម្មការ​មានការ​រដ្ឋសភា​ពិនិត្យ​មើល​និង​កែ​លម្អ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​នេះ​ឡើង​វិញ​។​

​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ ថា​ ជា​លទ្ធផល​ គឺ​គណៈកម្មការ​ចំពោះ​កិច្ច​ បាន​ពិភាក្សា​ និង​ផ្ដល់​យោបល់​លើ​មាត្រា​ ៣​ និយាយ​ពី​វិសាលភាព​នៃ​ការ​ដាក់​បញ្ចូល​សមាជិកភាព​នៃ​អង្គការ​សហជីព​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​បញ្ចូល​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​ចូល​ជា​សមាជិក​ និង​មាត្រា​ ៤​ និយាយ​ពី​រចនាសម្ព័ន្ធ​របស់​សហជីព​និង​ការ​បង្កើត​សហភាព​សហព័ន្ធ​សហជីព​។​

​លោក​ សុខ​ ឥ​សាន​ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​ការ​ពិនិត្យ​មាត្រា​ ៤​ ឡើង​វិញ​ ដើម្បី​បង្កើត​រចនាសម្ព័ន្ធ​របស់​សហជីព​បាន​ក្នុង​ច្បាប់​នេះ​ បាន​សម្រេច​ថា​ យ៉ាងតិច​មនុស្ស​ ១០​ នាក់​ អាច​មាន​សិទ្ធិ​បង្កើត​សហជីព​មូលដ្ឋាន​មួយ​បាន​ ហើយ​ការ​បង្កើត​សហព័ន្ធ​សហជីព​កន្លង​មក​មាន​ ៩​ នាក់​ អាច​សម្រួល​មក​ត្រឹម​ ៧​ នាក់​ និង​ការ​បង្កើត​សហភាព​សហព័ន្ធ​សហជីព​ អាច​សម្រួល​មក​នៅ​ត្រឹម​ ៥​ នាក់​ ដែល​ឆ្លើយ​តប​នឹង​ការ​ចង់បាន​របស់​អង្គការ​សហជីព​។​

​តំណាង​គណៈកម្មការ​ចំពោះ​កិច្ច​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុ​ន​ ឆ័​យ​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​កាលពី​ម្សិលមិញ​ដែរ​ថា​ គណៈកម្មការ​ចំពោះ​កិច្ច​នៃ​គណបក្ស​ទាំង​ពីរ​ បាន​ពិនិត្យ​និង​ពិភាក្សា​គ្នា​ លើ​មាត្រា​មួយ​ចំនួន​នៃ​ចំណុច​ទាំងឡាយ​ដែល​ជា​ការ​ស្នើ​សុំ​របស់​អង្គការ​សហជីព​។​

​ចំណុច​ដែល​ត្រូវ​បាន​ឯកភាព​គ្នា​ មាន​ដូច​ជា​  ការ​ពិនិត្យ​ទៅ​លើ​វិសាលភាព​ច្បាប់​ស្តី​ពី​សហជីព​នេះ​ ដោយ​និយាយ​ផ្ដោត​លើ​ការ​ស្នើ​សុំ​របស់​អង្គការ​សហជីព​ឲ្យ​ដាក់​បញ្ចូល​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ មាន​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ​ និង​សេវា​ផ្សេងៗ​ ចូល​ទៅ​ក្នុង​ច្បាប់​អង្គការ​សហជីព​ឱ្យ​មាន​សិទ្ធិ​ចូល​ជា​សមាជិក​សហជីព​។​

​ទន្ទឹម​គ្នា​នេះ​ លោក​ សុ​ន​ ឆ័​យ​ បន្ត​ថា​ គណៈកម្មការ​ចំពោះ​កិច្ច​ បាន​យល់​ស្របគ្នា​លើ​ចំណុច​នៃ​ការ​ស្នើ​សុំ​របស់​អង្គការ​សហជីព​ ចំពោះ​ការ​រៀបចំ​ក្នុង​ការ​ចុះបញ្ជី​បង្កើត​សហជីព​ ព្រមទាំង​បាន​ពិភាក្សា​គ្នា​លើ​ចំណុច​ស្តី​ពី​ការ​សម្រេចចិត្ត​ធ្វើ​បាតុកម្ម​របស់​អង្គការ​សហជីព​ជាដើម​។​

​លោក​ ហ្វា​ សាលី​ ប្រធាន​សហជីព​ជាតិ​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ដែរ​ថា​ លោក​គាំទ្រ​ចំពោះ​ការ​រៀបចំ​ការ​ពិនិត្យ​ ពិភាក្សា​លើ​ចំណុច​មួយ​ចំនួន​ក្នុង​ច្បាប់​សហជីព​ ដែល​អង្គការ​សហជីព​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋសភា​ពិនិត្យ​ឡើង​វិញ​ ដែល​ធ្វើ​ឡើង​ដោយ​គណៈ​ក​ម្មា​ការ​ចំពោះ​កិច្ច​នៃ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​។​ លោក​បាន​បន្ត​ទៀត​ថា​ ការ​បង្កើត​ច្បាប់​នេះ​ មិន​មាន​លក្ខណៈ​ទូលំទូលាយ​នោះ​ទេ​ វា​ហាក់ដូចជា​ ស្ថិត​នៅ​ក្រោម​ហេតុផល​នយោបាយ​ ច្រើន​ជាង​ផលប្រយោជន៍​សម្រាប់​អង្គការ​សហជីព​។​

លោក​ ហ្វា​ សាលី​ បាន​បញ្ជាក់​ទៀត​ថា​ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​នៃ​អង្គការ​សហជីព​ រដ្ឋាភិបាល​មិន​លូកដៃ​នោះ​ទេ​ ព្រោះ​រដ្ឋាភិបាល​មិនមែន​ជា​អ្នក​ផ្តល់​ជំនួយ​ដល់​អង្គការ​សហជីព​ឡើយ​ ហើយ​ច្បាប់​សហជីព​នេះ​ គួរតែ​មាន​ចែង​ពី​សេរីភាព​នៃ​ការ​ការពារ​ដល់​មេដឹកនាំ​សហជីព​ឱ្យ​បាន​ល្អជា​ដើម​។​

​សូម​ជម្រាប​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ ដែល​រដ្ឋសភា​បាន​ទទួល​ពី​រាជរដ្ឋាភិបាល​ មាន​ចំនួន​ ១៧​ ជំពូក​ និង​ចែក​ចេញ​ជា​ ១០០​ មាត្រា​។​ នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​ គណៈ​ក​ម្មា​ការ​ចំពោះ​កិច្ច​ នឹង​ពិភាក្សា​លើ​ ចំណុច​មួយ​ចំនួន​នៃ​ការ​ស្នើ​សុំ​របស់​អង្គការ​សហជីព​បន្ត​ទៀត​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុង​សេចក្តី​ថ្លែង​ហេតុ​ដែល​រាជរដ្ឋាភិបាល​ បាន​ភ្ជាប់​មក​ជូន​ រដ្ឋសភា​ ជាមួយ​សេចក្តីព្រាងច្បាប់​សហជីព​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​សហជីព​មូលដ្ឋាន​ចំនួន​ ៣​ ២១៤​ សហព័ន្ធ​សហជីព​មាន​ចំនួន​ ៨៤​ សហភាព​សហព័ន្ធ​សហជីព​មាន​ចំនួន​ ១៣​ និង​សមាគម​និយោជក​មាន​ចំនួន​ ៥៕

Share

ព័ត៌មានទាក់ទង

Image