ភ្នំពេញ៖ ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជសុរន្ទកថា ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៣នេះ ដោយព្រះអង្គសព្វព្រះរាជហរទ័យដាក់ជំនឿលើរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងអាចដឹកនាំប្រទេសទៅកាន់ការរីកចំរើន។
រូបភាពពីAKP។
ក្នុងនោះព្រះមហាក្សត្រជឿជាក់ថា រដ្ឋាភិបាលនឹងបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ចសង្គមឱ្យបានរឹងមាំជឿលឿននិងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។ ជាងនេះក្នុងព្រះរាជសុរន្ទកថារបស់ព្រះអង្គ ទ្រង់បានបង្ហាញជំនឿទៀតថា រដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សីលធម៌ និងប្រព័ន្ធការពារសង្គមឱ្យមានភាពសុខដុម។
អ្វីដែលពិសេសនោះ គឺអង្គព្រះមហាក្សត្រ សូមឱ្យការអនុវត្តនាទីរបស់ថ្នាក់ដឹកនាំថ្មីត្រូវឈេលើស្មារតីបង្រួបបង្រួមជាតិនិងការទទួលខុសត្រូវប្រកបដោយមនសិការត្រឹមត្រូវ។
សូមបញ្ជាក់ថា សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា៕