en     km
en     km

សន្តិសុខ៤នាក់ដែលក្រុមហ៊ុនរត់ចោល ព្រមទទួលប្រាក់ប្រហែល៥០%នៃប្រាក់ខែពួកគេ

Share

 

បុគ្គលិកសន្តិសុខ៤នាក់ ដែលមានអ្នកខ្លះមានវ័យចាស់ជរា ហើយខ្លះមានពិការភាព ពួកគេត្រូវបាន ក្រុមហ៊ុន HONESTY general security មិនបើកប្រាក់ខែឱ្យ ក្រោយការបិទក្រុមហ៊ុន។ ពេលនេះពួកគេបានសម្រេចចិត្តទទួលយកប្រាក់ដែលថៅកែក្រុមហ៊ុនផ្ដល់ឱ្យជាងពាក់កណ្ដាលនៃប្រាក់ឈ្នួលដែលពួកគេធ្វើការ ដើម្បីបញ្ចប់រឿង ជាជាងការប្ដឹងបន្តទៅតុលាការដើម្បីបានប្រាក់ឈ្នួលពេញថ្លៃដែលពួកគេបានធ្វើការ។ លោក គីម ចាន់ចាវ រាយការណ៍

 

បុគ្គលិកសន្ដិសុខ៤នាក់នៃក្រុមហ៊ុន HONESTY general security ដែលជាក្រុមហ៊ុនសន្ដិសុខ អះអាងថា ក្រុមហ៊ុន រត់ចោលពួកគាត់ដោយមិនបើកប្រាក់ឈ្នួលឲ្យពួកគាត់រយៈពេលមួយខែកន្លះដែលគិតជាទឹកប្រាក់ស្មើនឹង៣00ដុល្លារក្នុងម្នាក់ៗ។ នៅពេលនេះបុគ្គលិកសន្តិសុខទាំង៤នាក់ បានសម្រេចទទួលយកប្រាក់ចំនួនម្នាក់១៧០ដុល្លារ ពីថៅកែក្រុមហ៊ុន តាមរយៈការចរចាកាលពីថ្ងៃទី១៦ ខែសីហា។ ការព្រមព្រៀងទទួលយកប្រាក់បង់ពីថៅកែក្រុមហ៊ុននេះ ក្រោយពីពួកគេបានប្ដឹងទៅនាយកដ្ឋានវិវាទនៃក្រសួងការងារកាលពីពេលកន្លងទៅ ដោយមានការសម្របសម្រួលពីលោក សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ។

លោក សៅ សុខសាន បានឱ្យដឹងថា ក្រុមហ៊ុនសន្ដិសុខបានបិទដំណើរការ ដោយមិនបានបើកប្រាក់ខែឱ្យបុគ្គលិកសន្ដិសុខទាំង៤នាក់ ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា។ ដូច្នេះប្រាក់ឈ្នួលដែលពួកគាត់មានរយៈពេលមួយខែកន្លះបើគិតជាទឹកប្រាក់ស្មើនឹង៣00ដុល្លារក្នុងម្នាក់ៗ។ ក្រោយការចរចានៅនាយកដ្ឋានវិវាទការងារកាលពីថ្ងៃទី១៦ ខែសីហា អ្នកទាំង៤ បានសម្រេចទទួលយកប្រាក់បង់ថ្លៃធ្វើការពីថៅកែក្នុងម្នាក់១៧០ដុល្លារ ដោយសន្យាថានឹងប្រគល់ប្រាក់នៅថ្ងៃទី០៥ ខែកញ្ញាខាងមុខ។ លោកបន្តថា ការទទួលប្រាក់ម្នាក់១៧០ដុល្លារនេះ ជាកាសម្រេចដ៏តានតឹងរបស់បុគ្គលិកសន្តិសុខទាំង៤នាក់ ព្រោះថាបើមិនទទួលប្រាក់នេះទេពួកគេមានតែប្ដឹងបន្តទៅតុលាការ ដែលត្រូវចំណាយពេល និងនីតិវិធីស្មុគ្រស្មាញ។

«តាមពិតទៅគាត់ទទួលបានបើនិយាយរួមទៅគេម៉ៅហ្មង គេឱ្យគាត់តែម្នាក់បានតែ១៧០ដុល្លារ ហើយយើងទារគាត់៣០០ដុល្លារប៉ុន្តែគេមានសមត្ថភាពឱ្យយើងត្រឹមតែ១៧០(ដុល្លារ)ហ្នឹងទេហាស៎។ ដល់ពេលហើយគាត់ក៏យល់ព្រម បើសិនណាយើងមិនយល់ព្រមទេ យើងត្រូវប្ដឹងទៅតុលាការ។ ចឹងទេគាត់ថា ខុសគ្នា១០០(ដុល្លារ)ជាងចឹងគាត់ៗ នឹងពិបាកនឹងទៅតុលាការចឹងហាស៎ ដោយសារគាត់គិតថាតុលាការវាមិនងាយណាស៎។ ចឹងទៅគាត់ក៏យល់ព្រមទទួលយក ១៧០(ដុល្លារ)ហ្នឹងបញ្ចប់រឿងតែម្ដង បង»។

សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ

ក្រុមបុគ្គលិកសន្តិសុខទាំង៤នាក់នោះរួមមានលោក នុត សារឿន លោក ស៊ិន ព្រែក មានវ័យប្រមាណ ៦០ឆ្នាំ លោក លឹម សុខងួន និងលោក សុន សាវិនមានអាយុ២៤ឆ្នាំ ដែលមានដៃពិការ។ ពួកគេទាំងនោះសុទ្ធតែអះអាងថា ប្រាក់ខែពិតជាសំខាន់សម្រាប់ពួកគេនិងគ្រួសារ ត្បិតពួកគេខំព្យាយាមបំពេញការងារជាសន្តិសុខនេះដោយមិនបានឈប់សម្រាកដូចកម្មករនិយោជិតផ្នែកផ្សេងឡើយ ដើម្បីបានប្រាក់សម្រាប់ជីវភាព៕

 

 

Share

ព័ត៌មានទាក់ទង

Image