ប៉ូលិសម៉ាឡេស៊ីបាននិយាយថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់បាត់បង់ជីវិត ដោយសារយន្តហោះឯកជនមួយគ្រឿងបានធ្លាក់ទៅលើរថយន្ត និងម៉ូតូនៅលើផ្លូវហាយវេ នៅពេលវាព្យាយាមចុះចត។អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថានៅលើយន្តហោះ Beechcraft មានអ្នកដំណើរ៦នាក់ និងបុគ្គលិកពីរនាក់។ រាយការណ៍ដោយកញ្ញាគុជ ស៊ីកុល
យន្តហោះនេះបានធ្វើដំណើរពីទីក្រុង Langkawi ទៅ Selangor ភាគខាងលិចនៃរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី។មេប៉ូលីសទីក្រុង Selangor គឺលោក Hussein Omar Khan បាននិយាយថា យន្តហោះបានបាត់ការទាក់ទងជាមួយប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។ លោកបាននិយាយថា “មិនមានការហៅទូរស័ព្ទបន្ទាន់ទេ” ។
ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមស្វែងរកប្រអប់ខ្មៅរបស់យន្តហោះដែលមានទិន្នន័យហោះហើររបស់វា។
លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបាននិយាយថា៖ «ចាប់តាំងពីបើកការស៊ើបអង្កេតរហូតដល់ពេលនេះ យើងមិនអាចនិយាយថាអ្វីជាមូលហេតុនៃការធ្លាក់យន្តហោះនេះទេ ។
លោកបានបន្ថែមថា៖ «មន្ត្រីកោសល្យវិច្ច័យកំពុងកំណត់អត្តសញ្ញាណសាកសពជនរងគ្រោះទាំងអស់។
សាក្សីម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ពេលគាត់កំពុងធ្វើការនៅកន្លែងមួយ ស្រាប់តែបានលឺសំលេងផ្ទុះ។ គាត់បានទៅកន្លែងយន្តហោះបានធ្លាក់ ហើយបានឃើញអ្នករបួស។
លោក Mohamad Syahmie Mohamad Hashim អតីតសមាជិកនៃកងទ័ពអាកាសម៉ាឡេស៊ីបានប្រាប់ AFP ថាលោកបានឃើញយន្តហោះនេះហោះហើរខុសប្រក្រតី។លោកបាននិយាយថា៖ «មិនយូរប៉ុន្មានខ្ញុំបានឮសំឡេងផ្ទុះខ្លាំង។ “ខ្ញុំបានប្រញាប់ទៅកាន់ទីតាំងកើតហេតុ ហើយបានឃើញបំណែកយន្តហោះមួយ។ ខ្ញុំមិនអាចធ្វើអ្វីបានទេ”៕
ប្រភព៖ BBC ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣