លោកស្រី Pascale Ferrier អាយុ៥៦ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២២ឆ្នាំនៅសហរដ្ឋអាមេរិកពីបទប៉ុនប៉ងធ្វើឃាតលោកDonald Trump ដោយប្រើអាវុធជីវសាស្រ្តដាក់ក្នុងស្រោមសំបុត្រ តែត្រូវស្ទាក់ចាប់បាននៅខែកញ្ញាឆ្នាំ២០២០ មុនពេលបញ្ជូនទៅសេតវិមាន។រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល
លោកស្រី Ferrier បានប្រាប់តុលាការថា លោកស្រីមានការសោកស្តាយដែលផែនការរបស់លោកស្រីបានបរាជ័យ ហើយបានបន្ថែមថាលោកស្រី”មិនអាចបញ្ឈប់ Trump” បានទេ។នៅក្នុងការជជែកដេញដោលក្នុងតុលាការ លោកស្រីក៏បាននិយាយថា លោកស្រីខ្លួនឯងជាសកម្មជន មិនមែនជាភេរវករនោះទេ។
លោកស្រីFerrier បានបន្ថែមថា “ខ្ញុំចង់សម្រេចបាននូវគោលដៅដោយប្រើមធ្យោបាយសន្តិភាព”។
ប៉ូលិសFBI សហរដ្ឋអាមេរិកបានរកឃើញស្នាមមេដៃរបស់លោកស្រីនៅលើលិខិតផ្ញើជូនលោក Trump ដែលស្នើសុំឱ្យលោកបោះបង់ការប្រកួតប្រជែងប្រធានាធិបតី។បើយោងតាមឯកសារចោទប្រកាន់របស់ FBI លោកស្រីបានសរសេរនៅក្នុងសំបុត្រនោះថា “ខ្ញុំបានរកឈ្មោះថ្មីមួយឱ្យអ្នកគឺ ‘The Ugly Tyrant Clown ” ។
ចៅក្រមបានកាត់ទោសលោកស្រី Ferrier ឱ្យជាប់គុក២៦២ខែ។ លោកស្រីនឹងត្រូវនិរទេសចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីជាប់ទោស ហើយប្រឈមនឹងការត្រួតពិនិត្យអស់មួយជីវិត ប្រសិនបើលោកស្រីវិលត្រឡប់មកវិញ។
ចៅក្រមបានប្រាប់លោកស្រី Ferrier ថាសកម្មភាពរបស់លោកស្រីគឺ “អាចមានទោសស្លាប់” និង “បង្កគ្រោះថ្នាក់ដល់ខ្លួឯង ដល់សង្គម និងជនរងគ្រោះផងដែរ “។លោកស្រីFerrier ក៏បានទទួលស្គាល់ផងដែរថាបានផ្ញើសំបុត្រស្រដៀងគ្នានេះទៅកាន់មន្ត្រីអនុវត្តច្បាប់ចំនួន៨នាក់នៅរដ្ឋតិចសាស់។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩ លោកស្រីត្រូវបានឃុំខ្លួនប្រហែល១០សប្តាហ៍ពីបទកាន់អាវុធខុសច្បាប់ និងបើកបរខុសច្បាប់ដោយគ្មានបណ្ណបើកបរ។
លោកស្រីFerrier ជាពលរដ្ឋសញ្ជាតិបារាំង-កាណាដាត្រូវបានចាប់ខ្លួនដោយឆ្លងដែនខុសច្បាប់ចូលBuffalo ទីក្រុងញូវយ៉កក្នុងខែកញ្ញាឆ្នាំ ២០២០ ។ កាលនោះលោកស្រីបានកាន់កាំភ្លើង កាំបិត និងគ្រាប់ផ្ទុះផងដែរ។ក្រោយមកលោកស្រីបានផលិតសារធាតុ ricin ដែលជាសារធាតុពុលផលិតចេញពីកាកសំណល់ពីគ្រាប់ល្ហុង នៅផ្ទះរបស់លោកស្រីនៅ Quebec ប្រទេសកាណាដាហើយបានដាក់វាចូលក្នុងស្រោមសំបុត្រ។
សូមបញ្ជាក់ថាគេមិនមានថ្នាំបន្សាបសារធាតុពុល ricin នោះទេ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកសារធាតុពុលនេះអាចធ្វើឱ្យមនុស្សស្លាប់ក្នុងរយៈពេលពី៣៦ទៅ៧២ម៉ោងគឺអាស្រ័យលើកម្រិតថ្នាំពុលនេះតិចឬច្រើន ។ក្នុងឆ្នាំ ២០១៤ បុរសម្នាក់នៅរដ្ឋ Mississippi ត្រូវបានកាត់ទោសឱ្យជាប់គុក២៥ឆ្នាំបន្ទាប់ពីបានផ្ញើសំបុត្រមានសារធាតុពុល ricin ទៅកាន់ប្រធានាធិបតី Barack Obama និងមន្ត្រីផ្សេងៗទៀត៕
ប្រភព៖ BBC ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣