en     km
en     km

ពលរដ្ឋខ្មែរនៅបរទេសគ្រោងធ្វើបាតុកម្មច្រើនទីតាំងប្រឆាំងវៀតណាមករណីចាប់ខ្លួនសកម្មជនខ្មែរក្រោម

Share

ពលរដ្ឋខ្មែរដែលរស់នៅប្រទេសលោកសេរីប្រកាសបន្តធ្វើបាតុកម្មនៅតាមបណ្ដាប្រទេសជាច្រើនកន្លែងដោយកំណត់ថ្ងៃខុសៗគ្នា ដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនខ្មែរកម្ពុជាក្រោមជិត ៤ នាក់ ដែលត្រូវបានចាប់ខ្លួន។ ចំណែកពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរស់នៅប្រទេសកម្ពុជា ក៏គ្រោងនឹងយកញត្តិតវ៉ាជាលក្ខណឯកជន ដាក់តាមបណ្ដាទូតលោកសេរី មុននឹងឈានដល់ការធ្វើបាតុកម្មមុខស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញផងដែរ។

លោក គីម ចាន់ចាវ រាយការណ៍

 

ពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលភាគច្រើនជាអ្នកកម្ពុជាក្រោម នឹងធ្វើបាតុកម្ម ជាបន្តបន្ទាប់នៅមុខស្ថានទូតវៀតណាម នៅបណ្ដាប្រទេសលោកសេរីមួយចំនួន ដើម្បីប្រឆាំងនឹងអាជ្ញាធរវៀតណាមដែលចាប់ខ្លួនសកម្មជនខ្មែរក្រោមចំនួន១០នាក់ ដែលរហូតមកដល់ពេលនេះសកម្មជន៤នាក់កំពុងជាប់ឃុំខ្លួននៅឡើយ។

ពួកគេបានហៅសកម្មភាពនោះថាជា «មហាបាតុកម្មទូទាំងពិភពលោក» នៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យរដ្ឋាភិបាលទីក្រុងហាណូយ ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម។  ទីតាំងដែលគេធ្វើបាតុកម្មនោះរួមមាន នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ ធ្វើនៅរដ្ឋធានី Washington D.C.,សហរដ្ឋអាមេរិក ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៣ ធ្វើនៅខេត្តអន់ធារីយោ, ប្រទេសកាណាដា។ ចំណែកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ ធ្វើនៅ ទីក្រុង San Francisco, រដ្ឋ California សហរដ្ឋអាមេរិក និងថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៣ទីក្រុងឡាអេ, ប្រទេសហុល្លង់ ដែលមានការចូលរួមពីពលរដ្ឋខ្មែរដែលធ្វើដំណើរមកពីប្រទេសនានាក្នុងតំបន់អ៊ឺរ៉ុប។

   

សកម្មជនខ្មែរកម្ពុជាក្រោមទាំង៤នាក់ ដែលអាជ្ញាធរវៀតណាមកំពុងចាបឃុំខ្លួន

អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បានប្រាប់វិទ្យុស្ត្រីនៅល្ងាចថ្ងៃទី១៧ សីហានេះថា អ្នកនៅក្រៅប្រទេសធ្វើបាតុកម្មបែនេះដោយសារ ទង្វើដែលអាជ្ញាធរវៀតណាមចាប់ខ្លួនសកម្មជនខ្មែរក្រោមដោយមូលហេតុពួកគាត់សម្ដែងមតិតាមរយៈសិទ្ធិរបស់ពួកគាត់ក្នុងនាមជាជនជាតិដើម ស្នើឱ្យសហគមជាតិនិងអន្តរជាតិមេត្តាជួយអន្តរាគមន៍ ដោយសារទង្វើទាំងអស់នេះពួកគាត់ធ្វើមិនបានបំពានទៅលើគោលការណ៍សិទ្ធមនុស្សនោះទេ។

«ដូច្នេះអ្វីដែលអាជ្ញាធរវៀតណាមធ្វើនេះ គឺបំពានទៅនឹងគោលការទាំងអស់នេះ ដូច្នេះយើងអំពាវនាវឱ្យសហគមន៍ជាតិនិងអន្តរជាតិអន្តរាគមន៍ដល់វៀតណាមដើម្បីដោះលែងពួកគាត់ជាបន្ទាន់ ហើយនឹងអន្តាគមន៍ឱ្យអាជ្ញាធរវៀតណាមគោរពទៅនឹងគោលការណ៍សិទ្ធិមនុស្សជាដើម»។

 

តាមការគ្រោងទុក ក្នុងបាតុកម្មនេះ អ្នកចូលរួមធ្វើ  នឹងពាក់អាវយឺតមានរូបសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ៤ រូប ដែលត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន។ ក្រៅពីបណ្ដាប្រទេសសេរីខាងលើនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏គ្រោងនឹងធ្វើបាតុកម្ម ជាបន្តបន្ទាប់ នៅប្រទេសផ្សេងផងដែរ។

ដោយឡែកនៅកម្ពុជាឯនេះវិញ សមាគមខ្មែរកម្ពុជាក្រោម គ្រោងនឹងដាក់ញត្តិទៅកាន់ស្ថានទូតសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីឱ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើម ក្នុងករណីដែលអាជ្ញាធរវៀតតាមចាប់ខ្លួនពលរដ្ឋខ្មែរក្រោមនេះ។ ក្រោយការដាក់ញត្តិនេះពួកគេនឹងរង់ចាំលទ្ធផលអន្តរាគមន៍ពីបណ្ដាប្រទេសលោកសេរីទាំងនោះ។ ក្នុងករណីមិនមានប្រតិកម្មដូចរំពឹងទុកពួកគេក៏គ្រោងនឹងធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាមប្រចាំកម្ពុជាតែម្ដង។

អាជ្ញាធរវៀតណាម កាលពីថ្ងៃទី ៣១ កក្កដា បានចុះចាប់ខ្លួន និងកោះហៅសកម្មជនខ្មែរក្រោម ទៅសួរចម្លើយ ៩ រូបក្នុងពេលតែមួយ។ យុវជនដែលត្រូវចាប់ខ្លួនហើយមិនទាន់ដោះលែងវិញ រួមមាន លោក ថាច់ កឿង លោក តោ ហ្វាងចឿង នៅខេត្តព្រះត្រពាំង និងលោក យ័ញ ម៉ិញក្វាង ។ ចំណែកអ្នក ដែលរងការកោះហៅទៅសួរចម្លើយ មានជាអាទិ៍ លោក គៀង យ័ញនី នៅខេត្តព្រះត្រពាំង លោក ថាច់ មឿន នៅខេត្តឃ្លាំង និងអ្នកមួយចំនួនទៀត។ ទន្ទឹមនេះអាជ្ញាធរក្នងខេត្តនេះដដែល តាមដានឃ្លាំមើលសកម្មភាពរបស់ លោក ឡឹម វង្ស និង លោកស្រី ឌិន ធីហ្វិន នៅខេត្តឃ្លាំង។

ក្រោយការដោះលែងសកម្មជនខ្មែរក្រោមមួយចំនួន អ្នកស្រី ឌិន ធីហ្វិន ដែលពលរដ្ឋខ្មែរម្នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៣ ខែសីហា។ ដូច្នេះពេលនេះអ្នកត្រូវជាប់ឃុំបណ្ដោះអាសន្នមានចំនួន៤នាក់។

ការចាប់ខ្លួនពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ គឺដោយសារតែពួកគេតែប្រើប្រាស់បណ្ដាសង្គមបញ្ចេញមតិជុំវិញនឹងសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ហើយពួកគេតែធ្វើសកកម្មភាពផ្សព្វផ្សាយពីសិទ្ធិមនុស្សជនជាតិដើមដោយមានការផ្ដល់នូវសៀវភៅណែនាំជាដើម។ មួយវិទទៀតពួកគេបានចែកចាយសៀវភៅស្តីអំពីសិទ្ធិជនជាតិដើម និងអាវយឺតដែលភ្ជាប់និមិត្តសញ្ញាខ្មែរកម្ពុជាក្រោម នៅថ្ងៃទិវាសិទ្ធិនានា៕

Share

ព័ត៌មានទាក់ទង

Image