ភ្នំពេញ៖ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១៧ខែសីហានេះថា លោក ហ៊ួត គង់ អធិការរងខណ្ឌចំការមនដែលបង្កហិង្សាលើពលរដ្ឋម្នាក់កាលពី១៤ខែសីហា ត្រូវបានដកឋានន្តរស័ក្តិបញ្ឈរ ហើយបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៦ខែសីហាម្សិលមិញ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្រ្តីថា ហេតុការណ៍ហិង្សានេះបានកើតឡើងនៅយប់ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ៤៨៤ កែង៩៩ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍នោះ លោកអធិការរងរូបនោះបានវាយទៅលើប្រជាពលរដ្ឋម្នាក់ជាម្ចាស់រថយន្តម៉ាក់ PRIUS បណ្ដាលឲ្យសន្លប់ ខណៈលោកអធិការរងស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។
រូបភាពពីស្នងការរាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់បន្តថា ករណីបង្កហិង្សាបែបនេះគឺស្ថិតក្នុងទោសព្រហ្មទណ្ឌដែលប្រឈមមុខជាប់ពន្ធនាគារ ខណៈលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កំពុងបញ្ជាឲ្យអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់មិនលើកចំពោះមន្រ្តីរូបណាដែលល្មើសច្បាប់នោះទេ។
គួរជម្រាបថា នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ មានបុរសម្នាក់បើករថយន្ត PRIUS បុកខឿនផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យខូចខាតបន្តិចបន្តួច។ ខណៈនោះស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ដែលជាគេស្គាល់ថា ជាអធិការរងនគរបាលខណ្ឌចំការមន មានរហ័សនាមថា បាសាក់១៤ បានមកឃាត់រថយន្តទាំងខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាពស្រវឹង។ គ្រានោះក៏ផ្ទុះការប្រើពាក្យសម្ដីមិនសមរម្យ រហូតឈានដល់ការប្រើហិង្សាវាយបុរសម្ចាស់រថយន្តមុន ទើបម្ចាស់រថយន្តក៏បានវាយតបគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដោយឡែក សម្រាប់អ្នកបើកបររថយន្ដដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកខឿនផ្លូវសាធារណៈនោះ ក៏ត្រូវហៅមកធ្វើកិច្ចសន្យាអប់រំ និងផាកពិន័យតាមផ្លូវច្បាប់ដូចគ្នាផងដែរ៕