en     km
en     km

ប្រជាជនស៊ូដង់ជាងមួយលាននាក់បន្តភៀសខ្លួនខណៈសង្រ្គាមក្នុងប្រទេសបង្កជាវិបត្តិរ៉ាំងរ៉ៃ

Share

 

អង្គការសហប្រជាជាតិបានរាយការណ៍ឱ្យដឹងថា ប្រជាពលរដ្ឋស៊ូដង់ជាងមួយលាននាក់ បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ទៅកាន់ប្រទេសជិតខាង ដោយសារកត្តាកង្វះស្បៀងអាហារ និងកង្វះការថែទាំសុខភាព។ ខណៈសង្គ្រាមនៅក្នុងប្រទេសស៊ូដង់នៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ដែលមកទល់នឹងពេលនេះមានរយៈពេលជាង ៤ ខែមកហើយ។

(កញ្ញា កែវ សុជាតា រាយការណ៍)

តាមសារព័ត៌មាន The Guardian បានឱ្យដឹងថា ភាពតានតឹងនៅក្នុងប្រទេសស៊ូដង់នៅតែបន្តកើតមានឡើងឥតឈប់ឈរ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ូដង់ជាងមួយលាននាក់ សម្រេចភៀសខ្លួនចាកចេញពីស្រុកកំណើត ទៅជ្រកក្រោនប្រទេសដទៃ។ បើគិតពីចំនួនតួលេខចុងក្រោយរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ចំនួនអ្នកភៀសខ្លួនពីប្រទេសស៊ូដង់អាចមានរហូតដល់ទៅជាង ៣ លាននាក់ (៣,៤៣៣,០២៥ នាក់)។

ក្រៅពីនេះ ប្រជាពលរដ្ឋរាប់លាននាក់ផ្សេងទៀតដែលបន្តរស់នៅក្នុងប្រទេសស៊ូដង់ បានប្រឈមបញ្ហាចោរកម្មក្នុងតំបន់ឥតឈប់ឈរ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ខ្វះខាតបច្ចេកវិទ្យាទំនើបពិបាកទាក់ទងគ្នា និងកង្វះទឹកប្រើប្រាស់។
តួយ៉ាង អង្គការសហប្រជាជាតិរាយការណ៍មកថា ដោយសារកត្តាសង្គ្រាម និងភាពចលាចលក្នុងតំបន់បណ្តាលឱ្យប្រជាពលរដ្ឋជាច្រើនមិនហ៊ានចេញទៅធ្វើការប្រកបរបរចិញ្ចឹមជីវិតតាមទម្លាប់ ជាពិសេសប្រជាកសិករមួយចំនួនធំបានផ្អាកការដាំដុះ និងធ្វើស្រែចំការជាដើម។

ចំណែកឯការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តវិញ គឺជាក្តីកខ្វក់មួយ ដែលអ្នកពាក់ព័ន្ធទាំងអស់គួរយកចិត្តទុកដាក់ និងរៀបចំគោលនយោបាយសារជាថ្មី។
យ៉ាងណាមិញ អ្នកនាំពាក្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Elizabeth Throssell បាននិយាយក្នុងសន្និសីទមួយនៅទីក្រុងហ្សឺណែវថា មនុស្សជាង ៤ ពាន់នាក់ត្រូវបានសម្លាប់ពាសវាលពាសកាល ខណៈអ្នកស្លាប់មួយចំនួនមិនត្រូវបានគេអត្តសញ្ញាណច្បាស់លាស់នោះទេ។ នៅក្នុងនោះ មន្ត្រីមូលនិធិប្រជាជនអង្គការសហប្រជាជាតិ លោកស្រី Laila Baker បានបង្ហាញថា ការរំលោភ និងការបៀតបៀនផ្លូវភេទក៏ជាបទល្មើសមួយ ដែលមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺបានកើនឡើងជាង ៥0%។

 

គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ូដង់នេះបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីកងទ័ពស៊ូដង់ ដែលដឹកនាំដោយមេបញ្ជាការកងទ័ពលោក Abdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដឹកនាំដោយលោក Mohamed Hamdan Dagal បានខ្វែងគំនិតគ្នារហូតឈានដល់ការប្រើប្រាស់ហិង្សានៅក្នុងប្រទេស៕

ប្រភព៖ The Guardian ចុះថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង