en     km
en     km

សកម្មជនដីធ្លីកោះកុងប្តេជ្ញាបន្តប្ដឹងឧទ្ធរណ៍ក្រោយតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារ១ឆ្នាំ

Share

សាលាដំបូងខេត្តកោះកុង នៅរសៀលថ្ងៃទី១៥ ខែសីហា បានសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន១០នាក់ ពីបទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងនោះមានសកម្មជន៣នាក់ ដែលកំពុងស្ថិតក្រោមការឃុំខ្លួននៅក្នុងពន្ធនាគារ តាំងពីខែមិថុនា ឆ្នាំ២០២៣មក នៅក្នុងសំណុំរឿងមួយទៀត ។ ទោះយ៉ាងណា ក្នុងចំណោមពួកគេដែលនៅក្រៅឃុំនៅឡើយអះអាងថា នឹងប្ដឹងបន្តទៅសាលាឧទ្ធរណ៍ ខណៈកំពុងបន្តតវ៉ានៅមុខតុលាការខេត្តកោះកុងនៅព្រឹកថ្ងៃពុធនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

សមាជិកសហគមន៍ប្រមាណជា ៦០នាក់ មកពីសហគមនដីធ្លី១៩៧ និងសហគមន៍ដីធ្លី៩៥៥ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការខេត្តកោះកុង ដើម្បីសម្ដែងការគាំទ្រចំពោះសកម្មជនទាំងនេះ អំឡុងពេលប្រកាសសាលក្រម ចាប់ពីរសៀលថ្ងៃទី១៥ ខែសីហា។ បើទោះបីជាដល់ពេលយប់ក្ដីពួកគេបន្តនៅខាងមុខតុលាការដោយរៀបចំ មុង កន្ទេលនិងធ្វើម្ហូបអាហារដេកនៅមុខតុលាការនេះតែម្ដង ដើម្បីបន្តការតវ៉ាមកទល់នឹងព្រឹកថ្ងៃទី១៦ ខែសីហានេះ។

សកម្មជនទាំង១០នាក់ដែលជាប់ទោសរួមមាន លោក ឆាន់ ឈឿន អ្នកស្រី ដេតហ៊ួ អ្នកស្រី អើប វី អ្នកស្រី អឹប តឹង លោក ហេង ជៃ អ្នកស្រី អិន ធូ អ្នកស្រី កើត នៅ លោក គង់ ម៉ែន លោក ពួ ហួន និងលោក សុខ ជៃ ។ អ្នកទាំង១០រូប ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តរួមគ្នាចំនួន ៤០លានរៀល (ប្រមាណជា ៩.៦០០ដុល្លារ) ទៅកាន់ឧកញ៉ា ហេង ហ៊ុយ ។ ការផ្ដន្ទាទោសរបស់អ្នកស្រី អើប វី ត្រូវបានព្យួរទាំងស្រុង ខណៈដែលសកម្មជន៩នាក់ទៀត គ្រោងប្ដឹងជំទាស់នឹងសាលក្រមនេះ។

អ្នកស្រី កើត នៅ ដែលជាអ្នកជាប់ទោសក្នុងចំណោមអ្នកទាំង៩នាក់បានប្រាប់វិទ្យុស្រីថា ក្រុមអ្នកស្រី រងគ្រោះពីការដាក់ទោសទណ្ឌរបស់តុលាការ ដោយសារតែការដាក់ញត្តិមកក្រសួងស្ថាប័នពាក់ព័ន្ធជុំវិញវិវាទដីធ្លី ដែលអ្នកស្រីអះអាងក្រុមអ្នកស្រីជាអ្នករងគ្រោះ។

«ការណ៍តុលាការចោទប្រកាន់ពួកខ្ញុំនេះគឺដោយសារតែពួកខ្ញុំមកដាក់ញត្តិនៅភ្នំពេញទេ។ ព្រោះតែយើងបាត់បង់ដីធ្លីបាននាំគ្នារកដំណោះស្រាយទាមទារដីធ្លីពួកយើង។ ចឹងតុលាការចោទពួកខ្ញុំថា ពួកខ្ញុំបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់អីចឹង តែធាតុពិតជាក់ស្ដែងពួកខ្ញុំបានបាត់បង់ដីពិតប្រាកដ។ ចង់និយាថាខ្ញុំអត់បានធ្វើអីដូចតុលាការចោទប្រកាន់ទេ អាកន្លែងហ្នឹងចង់និយាយថា ចំពោះពួកខ្ញុំជាតំណាងទាំង៩រូប ហើយជាជនរងគ្រោះដីធ្លីពិតប្រាកដ យើងឈឺចាប់ណាស់…»។

ក្នុងចំណោមសកម្មជនទាំង៩នាក់ មានអ្នកស្រី ដេត ហ៊ួ លោក ហេង ជៃ និងលោក សុខ ជៃ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកោះកុងស្រាប់ទៅហើយ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ព្រមទាំងត្រូវបានដឹកបញ្ជូនទៅតុលាការដោយរថយន្តនគរបាលដែលបិទរបាំងជិតខាងក្នុង ។ ពួកគេ នឹងត្រូវបន្តឃុំខ្លួនក្នុងពន្ធនាគារចំពោះបទចោទដាច់ដោយឡែកទាំងនោះ ខណៈដែលពុំមានការចេញដីកាចាប់ខ្លួន សម្រាប់សកម្មជន៦នាក់ទៀត ដែលមិនបានទទួលការព្យួរទោសនោះទេ ។ ករណីនេះ ពួកគេនឹងបន្តនៅក្រៅឃុំរង់ចាំការប្ដឹងជំទាស់។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់អង្គការលីកាដូ។

អ្នកស្រី អឹប តឹង ដែលជាសកម្មជនម្នាក់ក្នុងចំណោមអ្នកទាំង៩ កំពុងបន្តធ្វើការតវ៉ានៅមុខតុលាការខេត្តកោះកុងនៅព្រឹកថ្ងៃពុធនេះ។ អ្នកស្រីអះអាងប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃដដែលនេះថា ការដាក់ទោសអ្នកស្រីឱ្យជាប់ពន្ធនាគារជាមួយនឹងប្រាក់សំណងជម្ងឺចិត្តនេះ ជារឿងអយុត្តិធម៌ដែលខ្លួនរងគ្រោះដីធ្លីហើយជាប់ទោសដោយសារការសុំអន្តរាគមន៍ទៀត។ អ្នកស្រីក៏កំពុងរកមេធាវីដើម្បីប្តឹងទាស់ទៅសាលាឧទ្ធរណ៍ផងដែរ។

«ប្ដឹងឧទ្ធរបងរំពឹងថា សាលាឧទ្ធរណ៍នឹងរកយុត្តិធម៌ឱ្យពួកបង ដូចបងបាត់បង់ដី បងម្ចាស់ដី គេរំលោភម្ចាស់ដីហើយ ឱ្យសាលាឧទ្ធរណ៍ ទៅតាមច្បាប់លើអ្នកដែលរំលោភបំពានរដ្ឋចឹងហាស៎ណាអូន។ បងយល់ថានេះជារូបភាពអយុត្តិធម៌ចំពោះបងណាអូន គេរំលោភដីបងៗរងគ្រោះមួយតង់ហើយ ដល់ពេលបងទាមទារសិទ្ធទាមទារអីមកវិញ ទៅជាប្ដឹងដល់តុលាការចឹង វាអយុត្តិធម៌មួយតង់ទៀតចឹងហាស៎»។

ពាក់ព័ន្ធបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការបំភ្លឺជាច្រើនសារពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ ដូច្នេះឱ្យទាក់ទងតាមសារជំនួសវិញ ប៉ុន្តែរហូតមកត្រឹមល្ងាចថ្ងៃពុធនេះលោកមិនទាន់ឆ្លើយតបសំនួររបស់វិទ្យុស្ត្រីនៅឡើយទេ។

ទោះយ៉ាងណា លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ បានលើកឡើងថា ដំណោះស្រាយដែលប្រើប្រព័ន្ធតុលាការចោទប្រកាន់សកម្មជនដីធ្លីនេះ គឺជារឿងអយុត្តិធម៌សម្រាប់ពួកគេដ្បិតលោកយល់ថា ការកាត់ទោស ឬការឃុំខ្លួនពួកគេនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងមុខមាត់រាជរដ្ឋាភិបាលទៅវិញទេ។

«បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនេះវាកើតឡើងរ៉ាំរ៉ៃហើយយូរមកហើយអត់មានដំណោះស្រាយ ប៉ុន្តែត្រូវបានតុលាការធ្វើការចោទប្រកាន់ហើយនឹងកាត់ទោសពួកគាត់ទៅវិញណា។ អញ្ចឹងវាប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ ប៉ះពាល់ដល់មុខមាត់អាជ្ញាធរ មុខមាត់របស់រាជរដ្ឋាភិបាលទៅវិញ។ អញ្ចឹងយើងឃើញថាទោះបីជាប្រើប្រាស់ឬក៏តុលាការកាត់ទោសពួកគាត់យ៉ាងណាក៏ដោយក៏មិនអាចបំបិទសំឡេងពួកគាត់ មិនអាចបំបិទមិនឱ្យគាត់តវ៉ាបានទេ យើងឃើញហើយផ្ទុយទៅវិញកាន់តែមានការតវ៉ាទាមទារឱ្យមានការដោះលែងអីជាដើម…»។

លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ

សូមជម្រាបថា ការផ្ដន្ទាទោសទាំងនេះ ធ្វើឡើងក្រោយពីមានការផ្ដន្ទាទោសផ្សេងទៀតលើសកម្មជនដីធ្លីខេត្តកោះកុងនៅប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ដោយឡែកកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ តុលាការកំពូលបានសម្រេចតម្កល់ការផ្ដន្ទាទោសផ្សេងមួយទៀត ចំពោះអ្នកស្រី ដេត ហ៊ួ ពីបទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់។ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុង បានសម្រេចផ្ដន្ទាទោសស្ត្រីសកម្មជន ២ នាក់ គឺអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ អ្នកទាំង ២ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តចំនួន ៤០លានរៀល (ប្រមាណជា ៩,៦០០ដុល្លារ) ។ បន្ថែមពីលើដីកាឃុំខ្លួនដែលចេញថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ដីកាមួយទៀត ត្រូវបានចេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ជូនអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ៕

Share

ព័ត៌មានទាក់ទង

Image