អ្នកនាំពាក្យរដ្ឋាភិបាលចិនបានរាយការណ៍ថា ប្រទេសចិននឹងផ្អាកការបង្ហាញតួលេខនៃអត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសជាបណ្តោះអាសន្នសិន។ ខណៈអ្នកវិភាគមួយចំនួនយល់ថា ការផ្អាកបង្ហាញទិន្នន័យនេះអាចដោយសារតែប្រទេសចិនកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។
(កញ្ញា កែវ សុជាតា រាយការណ៍)
តាមសារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសចិនបានសម្រេចផ្អាកបញ្ចេញតួលេខនៃអត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសរាប់ចាប់ពីខែសីហានេះតទៅ។ នៅក្នុងនោះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននិយាយថា ការសម្រេចផ្អាកបញ្ចេញតួលេខជាបណ្តោះអាសន្ននេះ គឺដោយសារតែការត្រៀមធ្វើវិសោធកម្ម និងកែលម្អគោលនយោបាយសេដ្ឋកិច្ចរបស់ចិនឱ្យប្រសើរឡើងមួយកម្រិតទៀត។ ដ្បិតអ្នកនាំពាក្យបាននិយាយថា នឹងផ្អាកបង្ហាញទិន្នន័យអ្នកគ្មានការងារធ្វើជាបណ្តោះអាសន្នសិន ក៏ប៉ុន្តែលោកពុំបានបញ្ជាក់ថាផ្អាករហូតដល់ពេលណានោះទេ។
ជាការកត់សម្គាល់ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ អត្រាជនគ្មានការងារធ្វើពីអាយុ ១៦ ដល់ ២៤ ឆ្នាំ បានកើនឡើងខ្ពស់ជាង ២០% នៃចំនួនប្រជាជនដែលមានការងារប្រកបរបរចិញ្ចឹមជីវិត។ ចំណែកក្នុងខែកក្កដាកន្លងទៅនេះវិញ តួលេខបានកើនឡើងបន្ថែមចំនួន ៥.៣%។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យការិយាល័យស្ថិតិជាតិ លោក Fu Linghui បាននិយាយថា ក្បួនគណនាអត្រាអ្នកគ្មានការងារធ្វើក្នុងចំណោមចង្កោមស្រទាប់យុវជននេះ ត្រូវតែពិចារណា និងគិតគូរសារជាថ្មី។ លោកបានបន្តថា សេដ្ឋកិច្ច និងសង្គមមិនថានៅក្នុងប្រទេសចិន ឬនៅលើសកលលោកទាំងមូល ក៏កំពុងអភិវឌ្ឍ និងកែប្រែមុខមាត់ឥតឈប់ឈរ។
លោក Fu បាននិយាយថា កំណើននៃចំនួនសិស្សដែលមានអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំបានប៉ះពាល់ដល់អត្រាតួលេខអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសជាខ្លាំង ក៏ប៉ុន្តែប្រទេសចិនមិនបានគណនាអត្រាសិស្សានុសិស្ស ដែលកំពុងស្ថិតក្នុងវ័យសិក្សា ចូលទៅក្នុងអត្រានៃអ្នកគ្មានការងារធ្វើនោះទេ។
សូមជម្រាបថា ប្រទេសចិនបានចាប់ផ្តើមផ្សព្វផ្សាយតួលេខអ្នកគ្មានការងារធ្វើរបស់យុវជនចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ប្រទេសចិនហាក់កំពុងបិទបាំងទិន្នន័យចំនួនយុវជននៅតាមជនបទដែលគ្មានការងារធ្វើ។ ស្របគ្នានេះ ការផ្អាកការផ្សព្វផ្សាយទិន្នន័យនេះ បានបង្កជាការវែកញែកនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមចិនដូចជា Weibo ជាដើម។
តាមគណនីមួយបានចោទជាសំណួរថា កត្តាដែលបិទការផ្សព្វផ្សាយទិន្នន័យអ្នកគ្មានការងារធ្វើនេះ ពិតជាអាចដោះស្រាយបញ្ហាបានមែនឬទេ? គណនីនេះបានបន្តថា ការបងម្រើការងារនៅតាមគ្រឹះស្ថានរដ្ឋ ឬឯកជន ការងារឯករាជ្យ ការងារនៅតាមតូបលក់អាហារ ឬការងារតូចតាចបំផុត សុទ្ធសឹងបង្ហាញថា យុវជនមិនមែនគ្មានការងារធ្វើនោះទេ។
ដោយឡែក អ្នកវិភាគមួយចំនួនយល់ថា ការផ្អាកបង្ហាញទិន្នន័យនៃអត្រាអ្នកគ្មានការងារអាចបណ្តាលមកពីសន្ទុកធ្លាប់ចុះនៃវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសចិន បន្ទាប់ពីចិនបានរងការវាយប្រហារជាដំណំក្រោយការរាតត្បាតនៃជំងឺកូវីដ១៩៕
ប្រភព៖ BBC ចុះថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣