ភ្នំពេញ៖ ពាក់អាវដៃវែងក្រឡាពងជីងចក់ល្អិតពណ៌ខៀវស្រគាំ មានស្បែកមុខជ្រាវជ្រួញ មានសម្បុរខ្មៅស្រអែម កំពុងអង្គុយនៅលើចិញ្ចើមផ្លូវត្រង់ម្តុំភ្លើងស្តុបក្បែរសាលាបឋមសិក្សាចតុមុខ តាមបណ្តោយមហាវិថីព្រះនរោត្តម មានកន្ត្រកធំមួយបញ្ឈរដាក់ចងរូបចាបស្លឹកត្នោតចម្រុះពណ៌រណោងក្បែរខ្លួន គឺលោកយាយ វ៉ុយ ស៊ាង អាយុ ៦៨ ឆ្នាំ ។ លោកយាយ វ៉ុយ ស៊ាង បាននិយាយរៀបរាប់មួយៗ ពីការចាប់របរលក់ចាបធ្វើពីស្លឹកត្នោត នៅតាមភ្លើងស្តុបថា៖ «ដោយសារតែខ្ញុំមានវ័យកាន់តែចាស់ទៅហើយ មិនអាចទៅធ្វើការងារអ្វីផ្សេងដើម្បីចិញ្ចឹមជីវិតដូចគេ ហើយចិត្តហ្នឹងក៏ចង់រកលុយកាក់ខ្លះកុំពឹងលើកូនទាំងស្រុងពេក»។
«មិនមែនជារឿងងាយស្រួលនោះទេ ដែលមកម្នាក់អង្គុយក្រោមកម្តៅថ្ងៃចាប់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៤ រសៀល ចាំលក់ចាបស្លឹកត្នោត និងកន្ត្រក់ធ្វើពីរំពាក់សម្រាប់កុមារលេងកម្សាន្តដល់អ្នកធ្វើដំណើរនៅតាមភ្លើងស្តុប ដើម្បីបានលុយបន្តិចបន្តួចយកមកចិញ្ចឹមជីវិត»។ លោកយាយ វ៉ុយ ស៊ាង បានបញ្ជាក់ទៀតថា៖ «ទោះជាមានការលំបាកក៏ពិតមែន ប៉ុន្តែអ៊ុំមិនចង់ឱ្យមនុស្សផងទាំងឡាយហៅខ្ញុំថា ជាអ្នកសុំទានតាមចញ្ចើមផ្លូវទេ។ ខ្ញុំប្តេជ្ញាចិត្តថាមិនសុំទានគេដាច់ខាត់ដរាបខ្លួននៅមានជីវិត»។
និយាយបណ្តើរភ្នែកសម្លឹងទៅកាន់រូបចាបស្លឹកត្នោតដែលកំពុងដាក់លក់តាមចិញ្ចើមផ្លូវបណ្តើរលោកយាយ វ៉ុយ ស៊ាង បានរៀបរាប់ឱ្យដឹងទៀតថា លោកយាយបានចាប់មុខរបរលក់ចាបស្លឹកត្នោតនៅទីក្រុងភ្នំពេញនេះ មានរយៈពេលជាង ០៦ មកឆ្នាំហើយ ហើយរបរមួយនេះបានជួយឱ្យលោកយាយមានជីវិតរហូតមកដល់សព្វថ្ងៃ។
បច្ចុប្បន្នរស់នៅឃុំផ្សារដែក ភូមិបដិមាករ ស្រុកពញាឮ ខេត្តកណ្តាល លោកយាយ វ៉ុយ ស៊ាង ត្រូវធ្វើដំណើរតាមរថយន្តឈ្នួលមករាជធានីភ្នំពេញដើម្បីលក់ចាប់ស្លឹកត្នោតនិងកន្ត្រក់រំពាក់ដែលគាត់ទិញពីអ្នកភូមិ។ ជារៀងរាល់ ០៦ ថ្ងៃក្នុងមួយសប្តាហ៍លោកយាយ វ៉ុយ ស៊ាង ត្រូវធ្វើដំណើរមកលក់ចាបស្លឹកត្នោត លើកលែង ០១ ថ្ងៃដែលថ្ងៃសីលគាត់ត្រូវទៅវត្ត។
«ខ្ញុំត្រូវទិញចាបស្លឹកត្នោតក្នុងមួយថ្ងៃពី ៣០ ទៅ ៥០ ចាបមកលក់បន្តនៅទីក្រុង… ចាបស្លឹកត្នោត ១០ ត្រូវទិញក្នុងតម្លៃ ៥ពាន់រៀលពីអ្នកធ្វើ ហើយលក់ទៅវិញ ០១ នៅក្នុងតម្លៃ ១ពាន់រៀល ចំណែកកន្ត្រក់រំពាក់មួយខ្ញុំលក់ក្នុងតម្លៃ ២ពាន់រៀល»។ ក្នុងមួយថ្ងៃលោកយាយ វ៉ុយ ស៊ាង អាចរកចំណូលបានពីរបរចំនួនពី ១ម៉ឺនប្រាំពីរពាន់រៀល ទៅ២ម៉ឺនប្រាំពាន់រៀល ការធ្វើដំណើរទៅមកត្រូវចំណាយប្រាក់អស់ ១ម៉ឺនរៀល ក្នុងនោះកាត់កងចំណាយថ្លៃបាយទឹករួច លោកយាយអាចនៅសល់ប្រាក់ជាមធ្យមត្រឹម ១ម៉ឺនពីរពាន់រៀល។
លោកយាយ វ៉ុយ ស៊ាង បានឱ្យដឹងថា រូបគាត់ជាស្ត្រីមេម៉ាយតាំង មានកូនពីរនាក់ក្នុងបន្ទុកគ្រួសារ មានកូនស្រីម្នាក់ធ្វើជាកម្មការិនីរោងចក្រកាត់ដេរ និងកូនប្រុសម្នាក់ទៀតមានមុខរបរជាកម្មករសំណង់នៅទីរួមខេត្តកណ្តាល។ ដូនចាស់បានបន្តនិយាយទាំងសំឡេងអួលដើមកថា៖ « វ័យរបស់ខ្ញុំកាន់តែចាស់ ! កូនចៅមិនចង់ឱ្យមកដើរលក់រូបចាបស្លឹកត្នោតនៅភ្នំពេញនោះទេ ប៉ុន្តែដោយសារជីវភាពក្រីក្រ គ្មានរបរអ្វីក្រៅពីធ្វើស្រែ ហើយចិត្តមិនចង់ពឹងផ្អែកលើកម្លាំងកូន ទើបខ្ញុំសម្រេចចាកចេញពីផ្ទះស្ទើជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណូលបន្ថែម»។
ចាបស្លឹកត្នោតនិងកន្ត្រក់រំពាក់ដែលលោកយាយ វ៉ុយ ស៊ាង ទិញយកមកលក់បន្តមានច្រើនពណ៌ច្រើនប្រភេទ មានភាពស្រស់ស្អាតទាកទាញអារម្មណ៍អ្នកធ្វើដំណើរ ឱ្យមើលទំនិញរបស់គាត់ស្ទើរតែមិនរំលងឡើយ ហើយនៅពេលដែលភ្លើងស្តុបលោតភ្លើងក្រហមជាសញ្ញាប្រាប់ដល់អ្នកដំណើរទាំងអស់ឱ្យឈប់ ជាឱកាសមួយដែលអ្នកលោកយាយលក់ចាបស្លឹកត្នោតនៅនឹងកន្លែង។
«ពេលឃើញលោកយាយមានគំនិតច្នៃប្រឌិតមកលក់កន្ត្រក លក់ចាប់ស្លឹកត្នោតបែបនេះ ខ្ញុំពេញចិត្តនិងបានសរសើរពីការតស៊ូរបស់លោកយាយ»។ នេះជាការលើកឡើងរបស់ កញ្ញា ធីតា ជាអ្នកដំណើរម្នាក់ដែលទាក់ចិត្តនឹងរូបចាបស្លឹកត្នោតចម្រុះពណ៌របស់លោកយាយ វ៉ុយ ស៊ាង។
យុវតីម្នាក់ដែលបានចុះទិញចាបស្លឹកត្នោតរបស់ស្ត្រីវ័យចំណាស់នេះ រដ្ឋា បាននិយាយថា៖ «មនុស្សវ័យចំណាស់មួយចំនួនក្នុងពេលបច្ចុប្បន្ននេះ ហាក់មិនសូវចេះរកស៊ីអ្វីនោះទេ… ខ្ញុំអត់ចូលចិត្តទេ បើកម្លាំងនៅមានត្រូវតែធ្វើការកុំចេះតែដើរលើកដៃសុំទាន។ អាដើរសុំទានគេនេះមិនសមទេ ធ្វើដូចគាត់ល្អ ព្រោះវាជាគំរូដល់អ្នកដទៃទៀតព្រមទាំងបង្ហាញពីទម្លាប់ល្អនៅក្នុងសង្គមផង…»។
តាមការសម្គាល់នៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ មានមនុស្សវ័យចំណាស់ច្រើននាក់បានសម្រេចចិត្តឈានជើងពីស្រុកកំណើត មកពីតាមបណ្តាខេត្តមួយចំនួន ដើម្បីមកបន្តជីវិតរបស់ខ្លួននៅក្នុងទីក្រុងដោយចាប់យករបរសុំទានជាអាជីព។ ក្នុងចំណោមមនុស្សចាស់ដែលដើរសុំទានតាមផ្ទះ តាមទីសាធារណៈទាំងនេះ កម្រឃើញមានអ្នកមានគំនិតច្នៃប្រឌិតបង្វែរពីការលើកដៃសុំទាន មកជាអ្នកលក់របស់របរកែច្នៃផ្សេងៗជាវត្ថុអនុស្សាវរីយ៍។
«ខ្ញុំបានសម្រេចចិត្តប្រកបរបរលក់រូបចាបធ្វើពីស្លឹកត្នោតនៅតាមភ្លើងស្តុបនិងទីសាធារណៈមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីចៀសពីឈ្មោះថាជាអ្នកសុំទាន… ខ្ញុំលើកដៃមិនរួចដូចមនុស្សចាស់មួយចំនួនដើរសុំទានទេឡើយ កម្លាំងរកបានត្រូវរក ទាល់ដេកដួលមកលែងរួចទើបខ្ញុំឈប់»។ នេះជាគោលជំហរបស់លោកយាយ វ៉ុយ ស៊ាង មុននឹងបញ្ចប់ការសន្ទនាជាមួយអ្នកសារព័ត៌មាន WMC ៕