ក្នុងឱកាសបើកយុទ្ធនាការបើកបរដោយសុវត្ថិភាពសម្រាប់លើកទី៧ ដែលរៀបចំឡើងដោយក្រុមហ៊ុន តូតាល់អ៊ិនន័រជី មន្រ្តីក្រសួងសាធារណការកត់សម្គាល់ថា កត្តាដែលបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះក៏មានការមិនពាក់មួកសុវត្ថិភាពផងដែរ។មន្រ្តីក្រសួងសាធារណការកត់សម្គាលថា មួយសុវត្ថិភាពត្រឹមតែអាចជួយការពារជីវិតអ្នកបើកបរនោះទេ ថែមទាំងមានអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ។
លោក គីម ចាន់ចាវ រាយការណ៍
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានកត់សម្គាល់ថា ចំនួនប្រើប្រាស់ម៉ូតូជាយានជំនិះ នៅភ្នំពេញប្រមាណជិត ៩៥ភាគរយ បានពាក់មួកសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរពេលថ្ងៃ។ ក៏ប៉ុន្តែលោកស្រីបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកបើកបរនៅពេលយប់ ព្រោះអ្នកជិះម៉ូតូមិនសូវពាក់មួកសុវត្ថិភាពនោះទេ ដោយយល់ថាពិបាកមើលផ្លូវមើលពេលបើកបរ។
ទោះយ៉ាងណាអ្នកស្រី មឹន មាណវី នៅតែសង្កត់ធ្ងន់ពីសារៈសំខាន់នៃមួកសុវត្ថិភាព មិនថាសម្រាប់ពេលយប់ឬពេលថ្ងៃនោះឡើយ។ លោកស្រីលើកឡើងបែបនេះ ក្នុងឱកាសបើកយុទ្ធនាការបើកបរដោយសុវត្ថិភាពសម្រាប់លើកទី៧ ក្រោមប្រធានបទ “មួកសុវត្ថិភាពមួយ ជីវិតមួយ” នៅថ្ងៃទី១៤ ខែសីហានេះ។ យុទ្ធនាការឆ្នាំនេះផ្តោតលើសារៈសំខាន់នៃការពាក់មួកសុវត្ថិភាព និងមានគោលបំណងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកបើកបរ។
«ចាស៎ សូមជម្រាប់ផងដែរថាមួកសុវត្ថិភាពមានអត្ថប្រយោជន៍យ៉ាងណាចំពោះយើង! បើសិនជាភ្លៀងមួកសុវត្ថិភាពប្រាកដជាជួយការពារទឹកភ្លៀង បើសិនជាក្ដៅមួយសុវត្ថិភាពប្រាកជាជួយការពារកម្ដៅ ហើយបើសិនជាមានខ្យល់មានអីមកហ្នឹង ហើយនៅពេលយប់ដែលយើងថាមានសត្វមានអីទៅទៀត អារបាំងមួកសុវត្ថិភាពវាជួយយើងថែមទៅទៀត ហើយបើថាខ្លាចខូចសក់ខ្លាចអី អត់ៗ មិនៗមែនជាបញ្ហាទេ បើយើងធ្វើសក់អីស្អាតចឹងទៅយើងគ្របមួកសុវត្ថិភាព ពេលទៅដល់ទីកន្លែងដែលយើងចង់នេះ ដកមួកសុវត្ថិភាពឡើងសក់ហ្នឹងនៅដដែល..។ ពិសេសទៅទៀតនៅពេលដែលដួលទៅទៀតបើសិនជាប៉ះត្រូវ ប្រាកដជាអត់មានគ្រោះថ្នាក់អីខ្លាំងទៅដល់ក្បាលអីទេព្រោះផ្លូវក្បាលនេះគឺជាផ្នែកដែលសំខាន់បំផុតក្នុងការទ្រទ្រង់ជីវិតរបស់យើង ខួរក្បាលរបស់យើងនេះបែកក្បាលគឺជាផ្នែកសំខាន់បំផុត ចឹងបើយើងការពារបានគឺការពារអាយុជីវិតរបស់យើងហើយ»។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុន TotalEnergies Marketing Cambodia កំពុងរៀបចំកម្មវិធីជា និងបង្ហាញផ្លូវទាំង៤៥ទីតាំង រួមទាំងស្ថានីយ៍សេវាកម្មរបស់ TotalEnergies ទីតាំងដៃគូ សាលារៀនសាធារណៈ និងមជ្ឈមណ្ឌលអង្គការសង្គមស៊ីវិល។ កម្រងសំណួរសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងមនុស្សពេញវ័យ ការត្រួតពិនិត្យភ្នែកដោយឥតគិតថ្លៃសម្រាប់អ្នកបើកបរ និងការបង្ហាញពីការជិះម៉ូតូប្រកបដោយសុវត្ថិភាព និងការពាក់មួកសុវត្ថិភាពនឹងត្រូវធ្វើឡើង ដើម្បីទាក់ទាញការយកចិត្តទុកដាក់របស់សាធារណជនចំពោះការអនុវត្តសុវត្ថិភាពចរាចរណ៍។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែសីហា យុទ្ធនាការរយៈពេលមួយសប្តាហ៍នឹងមានការចូលរួមពីប្រជាពលរដជាង៣ម៉ឺន នាក់នៅទូទាំង១៤រាជធានី/ខេត្ត។
ទោះយ៉ាងណាការពាក់មួកសុវត្ថិភាពតែមួយមុខមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឡើយ។ លោកស្រី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទាមទារឱ្យអ្នកបើកបរឈានយន្តត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដូចជាបើកបរត្រូវប្រកាន់ស្ដាំ ចៀសវាងការបើកបរលើសល្បឿនកំណត់ មិនពិសារគ្រឿងស្រវឹងពេលបើកបរ និងគោរសិទ្ធិអាទិ៍ភាពមុនពេលបត់ត្រូវមើលឆ្វេង-ស្ដាំជាមុន៕