សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី១០ ខែសីហា ឆ្នាំ២០២៣ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្លាស់ប្ដូរឧត្តមសេនីយយោធាកំពូលម្នាក់ និងបានអំពាវនាវឱ្យបង្កើនការផលិតអាវុធ និងធ្វើសមយុទ្ធយោធាឱ្យកាន់តែច្រើនថែមទៀតដើម្បីត្រៀមធ្វើសង្គ្រាម។
រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងថា លោក គីម ជុងអ៊ុនបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំគណៈកម្មាការយោធាមជ្ឈិម ដែលបានពិភាក្សាអំពីផែនការទប់ទល់នឹងសត្រូវរបស់កូរ៉េខាងជើង។ប្រភពដដែល
បានរាយការណ៍ថាឧត្តមសេនីយ Pak Su Ilជានាយអគ្គសេនាធិការត្រូវបាន “បណ្តេញចេញពីដំណែង”។ យោងតាមKCNA រាយការណ៍ថាលោក Pak Su Il បានបម្រើការជានាយអគ្គសេនាធិការប្រហែលប្រាំពីរខែប៉ុណ្ណោះ។
លោក Pak Su Il ត្រូវបានជំនួសដោយឧត្តមសេនីយ៍ Ri Yong Gil ដែលពីមុនធ្លាប់ធ្វើជារដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងជើង និងជាមេបញ្ជាការកំពូលនៃកងទ័ពជើងគោកផងដែរ។លោកឧត្តមសេនីយ៍ Ri Yong Gil ក៏ធ្លាប់ធ្វើជាអគ្គមេបញ្ជាការកងទ័ពដែរ។ នៅឆ្នាំ ២០១៦ ឧត្តមសេនីយ៍ Ri Yong Gil បានបាត់ខ្លួនអវត្តមានពីព្រឹត្តិការណ៍ផ្លូវការនានា ធ្វើឱ្យសារព័ត៌មានកូរ៉េខាងត្បូងខ្លះរាយការណ៍ថាលោកត្រូវបានគេប្រហារជីវិតហើយ។ ទោះយ៉ាងណាប៉ុន្មានខែក្រោយមក ឧត្តមសេនីយ៍ Ri Yong Gil បានបង្ហាញខ្លួនម្តងទៀត នៅពេលលោកត្រូវបានតែងតាំងឱ្យកាន់តំណែងជាន់ខ្ពស់មួយផ្សេងទៀត។
របាយការណ៍បាននិយាយថា លោក Kim ក៏បានកំណត់គោលដៅពង្រីកសមត្ថភាពផលិតអាវុធផងដែរ ។ កាលពីសប្តាហ៍មុន លោកបានទៅទស្សនារោងចក្រផលិតសព្វាវុធ មានម៉ាស៊ីនកាំជ្រួច កាំភ្លើងធំ និងអាវុធផ្សេងទៀត។
រូបថតដែលចេញផ្សាយដោយ KCNA បានបង្ហាញថាលោក Kim ចង្អុលទៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញរដ្ឋធានីកូរ៉េខាងត្បូងនៅលើផែនទី។ជាមួយគ្នានេះសហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថាបាន
ផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដូចជាកាំភ្លើងធំ គ្រាប់រ៉ុក្កែត និងមីស៊ីលជាដើម។ រុស្ស៊ី និងកូរ៉េខាងជើងបានបដិសេធការចោទប្រកាន់ទាំងនេះ។
ប្រភពដដែលបានឱ្យដឹងថា លោក Kim ក៏បានអំពាវនាវឱ្យយោធាពង្រីកការធ្វើសមយុទ្ធដោយប្រើអាវុធ ទំនើបចុងក្រោយបង្អស់របស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងធ្វើសមយុទ្ធយោធានៅថ្ងៃទី២១ និង២៤ ខែសីហា ដែលកូរ៉េខាងជើងមើលឃើញថាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន៕
ប្រភព៖ C N A ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៣