en     km
en     km

ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ ជុំវិញ​ការ​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​ច​រា​ចរាចរណ៍​ផ្លូវគោក​ថ្មី​

Share

traffic-law-2015
​ភ្នំពេញ​៖​ បន្ទាប់​ពី​មាន​ភាព​រំជើបរំជួល​ ប្រតិកម្ម​តប​ពី​ប្រជាពលរដ្ឋ​ ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដែល​បាន​និង​កំពុង​អនុវត្ដ​ អ្នកវិភាគ​ព្រឹ​ត្ត​ការណ៍​សង្គម​ យល់​ឃើញ​យល់​ឃើញ​ថា​ ដើម្បី​ឱ្យ​ការ​អនុវត្ត​ច្បាប់​ច​រា​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​មាន​ប្រសិទ្ធភាព​ រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​ជាង​មុន​សិន​ មុន​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​អនុវត្ត​ច្បាប់​ថ្មី​មួយ​នេះ​។​

​លម្អិត​ព័ត៌មាន​ដោយ​លោក​ ម៉ៅ​ សំណាង​ ៖

​អ្នកវិភាគ​ព្រឹ​ត្ត​ការណ៍​សង្គម​ និង​សង្គម​ស៊ី​វិល​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ ជុំវិញ​ការ​ដាក់​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ឱ្យ​ពលរដ្ឋ​គោរព​ ដោយ​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា​ ការ​អនុ​ត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ពេល​នេះ​ ហាក់ដូចជា​ការ​រឹត​បន្តឹង​ ឬ​ចាប់បង្ខំ​ពលរដ្ឋ​ឱ្យ​គោរព​អនុវត្ត​តាម​យ៉ាងធ្ងន់ធ្ងរ​។​

លោក កែម​ឡី
លោក កែម​ឡី

​លោក​ កែម​ ឡី​ អ្នកវិភាគ​ព្រឹត្ដិការណ៍​សង្គម​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ នៅ​ថ្ងៃ​ចន្ទ​ ទី​០៤​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ថា​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​រដ្ឋាភិបាល​បាន​ និង​កំពុង​ដាក់​ឱ្យ​ពលរដ្ឋ​អនុវត្ត​នេះ​ គឺជា​វិធានការ​ចាប់បង្ខំ​ពលរដ្ឋ​ឱ្យ​អនុវត្ត​ច្បាប់​។​ លោក​ថា​ វិធានការ​បែប​នេះ​ មិន​អាច​កាត់​បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ឬ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​នោះ​ទេ​ ព្រោះ​វិធានការ​រឹត​បន្តឹង​ដែល​មាន​លក្ខណៈ​ចាប់បង្ខំ​បែប​នេះ​ គួរតែ​ជា​វិធានការ​ចុង​ក្រោយ​ អ្វី​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​មុន​នឹង​ដាក់​ប្រើប្រាស់​ច្បាប់​នេះ​ គឺ​រដ្ឋាភិបាល​ត្រូវ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​ច្បាប់​នេះ​ ឱ្យ​បាន​ទូលំទូលាយ​។​

«​តាម​ពិត​វា​ [​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​]​ មិន​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​នោះ​ទេ​។​ វិធានការ​បង្ក្រាប​ ចាប់បង្ខំ​ បង់ពន្ធ​ហ្នឹង​ វា​ជា​វិធានការ​ចុង​ក្រោយ​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​ ត្រូវ​ទៅ​កាត់​ឫសគល់​នូវ​បញ្ហា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ឱ្យ​បាន​សិន​»​។​

លោក​ កែម​ ឡី​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ដើម្បី​ឱ្យ​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ ឱ្យ​មាន​​ប្រសិទ្ធភាព​ និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះ​ រដ្ឋាភិបាល​គួរតែ​រក​ឱ្យ​ឃើញ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​មុន​សិន​ ជាក់ស្តែង​ រដ្ឋាភិបាល​ត្រូវ​តែ​រឹត​ត្បឹ​ត​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ ការ​ចែកចាយ​ ព្រមទាំង​ការ​នាំ​ចូល​គ្រឿង​ស្រវឹង​ជាដើម​។​

«​…​ដើម្បី​ជួយ​ឱ្យ​សីលធម៌​សង្គម​ហ្នឹង​បាន​ល្អ​ ទាល់តែ​មាន​មនុស្ស​គំរូ​។​ មនុស្ស​គំរូ​ហ្នឹង​ មាន​នាយក​រដ្ឋមន្ដ្រី​ ព្រះមហាក្សត្រ​ ប្រធាន​ព្រឹទ្ធសភា​ ប្រធានរដ្ឋសភា​ អ្នកធំៗ​ ឧត្ដមសេនីយ​ហ្នឹង​ធ្វើ​ជា​គំរូ​ទៅ​ វា​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រជាពលរដ្ឋ​សាមញ្ញ​ យើង​គោរព​មុនគេ​ទៅ​ ទើប​គេ​គោរព​តាម​»​។​

Ear-Chariya
​លោក​ អ៊ា​ ចរិយា

​លោក​ អ៊ា​ ចរិយា​ ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​អង្គការ​ Handicap​ International​ មាន​ប្រសាសន៍​ថា​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ជា​ច្បាប់​ដែល​គួរតែ​ដាក់​ឱ្យ​អនុវត្ដ​នៅ​ក្នុង​សង្គម​ ដើម្បី​ឱ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ក្នុង​ការ​បើកបរ​ទាំងអស់​គ្នា​។​ ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ អ៊ា​ ចរិយា​ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ គួរ​បង្កើន​ការ​យកចិត្តទុកដាក់​ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​នេះ​ ដល់​ពលរដ្ឋ​មានការ​យល់​ដឹង​ឱ្យ​កាន់តែ​ប្រសើរ​។​

«​សំណូមពរ​របស់ខ្ញុំ​ ខ្ញុំ​សូម​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ហ្នឹង​ ជា​ពិសេស​មន្ដ្រី​នគរបាល​ហ្នឹង​ ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ទៅ​ដល់​សហគមន៍​ សាលារៀន​ឱ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ គាត់​បានការ​យល់​ដឹង​គាត់​កើនឡើង​កាន់តែ​ប្រសើរ​ទៅ​ ធ្វើ​ឲ្យ​ការ​អនុវត្ដ​នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ហ្នឹង​ មាន​ប្រសិទ្ធភាព​ ហើយ​និង​មានការ​ចូលរួម​ ហើយ​អាច​ទទួលយក​ពី​ប្រជាពលរដ្ឋ​ទូទៅ​ កាលណា​គាត់​បាន​យល់​ដឹង​ច្រើន​»​។​

លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោក មាស នី

​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ យល់​ឃើញ​ថា​ ការ​ដាក់​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឱ្យ​ពលរដ្ឋ​អនុវត្ត​នៅ​ពេល​នេះ​ រដ្ឋាភិបាល​ហាក់​មិន​បាន​គិត​ពី​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ឡើយ​ រហូត​ដល់​មាន​ប្រតិកម្ម​តប​ពី​ប្រជាពលរដ្ឋ​ ទើប​រដ្ឋាភិបាល​ពិចារណា​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ​ឡើង​វិញ​។​ លោក​ថា​ លោក​មានការ​សោកស្តាយ​នៅ​ពេល​ដែល​ការ​រៀបចំ​តាក់តែង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឡើង​ រដ្ឋាភិបាល​និង​សភា​ មិន​បាន​គិតដល់​បរិបទ​ពលរដ្ឋ​ក្នុង​សង្គម​ខ្មែរ​។​ លោក​ មាស​ នី​ បន្ត​ថា​ ការ​ដាក់​ច្បាប់​ឱ្យ​ពលរដ្ឋ​អនុវត្ត​នៅ​ពេល​នេះ​ ជា​កា​រប​ង្រា​ប​បទល្មើស​ចរាចរណ៍​ ជា​ជាង​ការ​លើកកម្ពស់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​។​

«​អ្នក​អនុវត្ត​ច្បាប់​ក៏​ត្រូវ​មាន​សិទ្ធិ​ក្នុង​ការ​យល់​ដឹង​ពី​ច្បាប់​ហ្នឹង​ផង​ដែរ​ ប៉ុន្តែ​ពលរដ្ឋ​យើង​អត់​ទាន់​បាន​ទទួល​អ្វី​ឡើយ​ មក​ដល់​ពេល​នេះ​។​ ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់​នេះ​ រដ្ឋាភិបាល​ មិន​គ្រាន់តែ​មាន​វិធានការ​បង្ក្រាប​បទល្មើស​នោះ​ទេ​ ដើម្បី​ឱ្យ​ពលរដ្ឋ​ចូលរួម​ រដ្ឋ​ត្រូវ​តែ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ឯកសារ​ផ្សេងៗ​ ដែល​អាច​ឱ្យ​ពលរដ្ឋ​ចំណាយ​បាន​ កុំ​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ពេក​»​។​

​សូម​ជម្រាប​ថា​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់តាំងពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៦​ ពោល​គឺ​នៅ​ដើមឆ្នាំ​ ២០១៦​ នេះ​។​ មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ មាន​លក្ខណៈ​តឹងតែង​ជាង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាស់​ ជា​ពិសេស​រាល់​ការ​ប្រព្រឹត្ត​ល្មើស​នៅ​ក្នុង​មាត្រា​ណាមួយ​នៃ​ច្បាប់​ថ្មី​នេះ​ ឬ​ក៏​ជន​ណា​ដែល​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ​ មិន​បាន​គោរព​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​ច្បាប់​បាន​ចែង​នោះ​ នឹង​ត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ​ ឬ​ត្រូវ​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​ជាដើម​ ដូចដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​នីមួយៗ​នៃ​ច្បាប់​ចរាចរណ៍
​ផ្លូវ​គោ​កថ្មី​នេះ​៕

Share

ព័ត៌មានទាក់ទង

Image