លទ្ធផលបោះឆ្នោតផ្លូវការចេញផ្សាយដោយ គ.ជ.ប នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញឱ្យឃើញ ថា ក្នុងចំណោមគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងទាំង១៨ មានតែគណបក្សនយោបាយចំនួនពីរប៉ុណ្ណោះដែលមានសម្លេងឆ្នោតគាំទ្រច្រើន និងទទួលបានអាសនៈនៅរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាចំនួន ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៥អាសនៈ ក្នុងនោះ ស្រ្តីជាប់ឆ្នោតជាសមាជិកសភាមានចំនួនត ១៦រូប ស្មើនឹង ១២,៨% នៃចំនួនអ្នកជាប់ឆ្នោតសរុប ១២៥រូប ដែលស្រ្តីជាប់ឆ្នោតទាំងនោះមកពី គណបក្សប្រជាជនកម្ពុជាទាំងអស់ ហើយចំនួនស្រ្តីជាប់ឆ្នោតនេះបានថយចុះ ៨% បើធៀបនឹងចុងនីតិកាលទី៦ មានចំនួន ២៦រូប ស្មើនឹង ២០,៨% ។
នេះបើតាមការប្រកាសនៅព្រឹកថ្ងៃទី៩ ខែសីហានេះ ក្នុងសន្និសីទសារព័ត៌មាន របស់ក្រុមស្ត្រីដើម្បីទាំងអស់គ្នានៃអង្គការសង្គមស៊ីវិលរួមមានអង្គការខុមហ្វ្រែល អង្គការស៊ីលការកម្ពុជា អង្គការយែនឌ័រនិងអភិវឌ្ឍដើម្បីកម្ពុជា អង្គការបន្ទាយស្រី និងគណៈកម្មាធិការលើកស្ទយស្ត្រីក្នុងវិស័យនយោបាយ។
ក្រុមស្ត្រីដើម្បីទាំងអស់គ្នា យល់ថាចំនួនខាងលើនេះបង្ហាញពីការមិនទាន់ឆ្លើយតបគ្រប់គ្រាន់នូវភាពជាតំណាងរបស់ស្រ្តី និង បង្ហាញឱ្យឃើញពីភាពខ្វះការប្ដេជ្ញាចិត្តខ្ពស់របស់អ្នកដឹកនាំក្នុងការបង្កើនតំណាងស្ត្រីជាប់ឆ្នោត ដែលនាំឱ្យមានប៉ះ ពាល់ដូចជា ៖ (១) មិនអាចសម្រេចបាននូវគោលដៅសមភាពយេនឌ័រ ជាពិសេសការជំរុញស្ត្រីចូលរួមក្នុងវិស័យ នយោបាយនៅក្នុងផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ (២) បង្អាក់ទឹកចិត្ត ស្ត្រីដែលកំពុងត្រៀមខ្លួន និងកំពុងប្រឡូកនៅក្នុងឆាកនយោបាយនៅកម្រិតថ្នាក់ជាតិ ជាពិសេស ស្ត្រីវ័យក្មេង ដោយសារឃើញថាមិនសូវមានការផ្ដល់ឱកាសដល់ស្រ្តី និងស្ត្រីដែលជាគំរូភាពនៅតែមានចំនួនតិច ។ បញ្ហាបរិយាប័ន្នសង្គមរបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាស្ត្រី កុមារ និងបណ្តាសមភាពយេនឌ័រនៅថ្នាក់ជាតិ និងទូទាំង ប្រទេសនឹងមិនត្រូវបានយកចិត្តទុកដាក់ និងឆ្លើយតបដោយប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ ។ (៤) កង្វះការឆ្លើយ តបនឹងតម្រូវការយេនឌ័រ និងបរិយាប័ន្ននៅក្នុងដំណើរការពិភាក្សា បង្កើត និងអនុម័តច្បាប់នានា និងការសម្រេចចិត្ត ផ្នែកនយោបាយ ដោយសារមិនមានភាពចម្រុះយេនឌ័រនៅក្នុងរដ្ឋសភា ។
ក្រុមសង្គមស៊ីវិលទាំងនោះ ចាត់ទុកថា អ្នកនយោបាយស្តី្រនៅតែប្រឈមច្រើនទម្រង់នៃការរើសអើង និងអំពើហិង្សាប្រឆាំងនឹងពួកគេក្នុងការចូលរួម និងផលប្រយោជន៍នយោបាយរបស់ពួកគេដែលបញ្ហានេះនៅតែបន្តកើតមានឡើង ទោះបីជាសិទ្ធិនយោបាយ និងការចូលរួមរបស់ស្ត្រីត្រូវបានធានាយ៉ាងពេញលេញដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញា អន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW/ស៊ី-ដ)ក៏ដោយ ៕