en     km
en     km

វិភាគ​៖​ តើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នឹង​អាច​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍​បាន​ទេ​?

Share

traffic-law-2015
នៅ​ដើមឆ្នាំ​២០១៦​ នេះ​ មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​។​ មន្ត្រី​ជំនាញ​ខាង​សុវត្ថិភាព​ចរាចរណ៍​ឱ្យ​ដឹង​ថា​ គ្រោះថ្នាក់​ភាគច្រើន​បំផុត​គឺ​បណ្ដាល​មក​ពី​កត្តា​មនុស្ស​។​ បើ​ដូច្នោះ​មែន​ តើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ នឹង​អាច​បន្ថយ​គ្រោះថ្នាក់​បាន​ទេ​ បើ​មនុស្ស​មិន​ព្រម​ផ្លាស់​ប្ដូរ​ឥរិយាបថ​នោះ​?

​សូម​ស្ដាប់​បទ​វិភាគ​ដែល​រៀបរៀង​ដោយ​លោក​ ណុ​ល​ ដា​រ៉ា​ ៖

​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រូវ​បាន​ដាក់ចុះ​អនុវត្ត​ ចាប់ពី​ដើម​ខែមករា​ ឆ្នាំ​២០១៦​នេះ​ទៅ​ ដោយ​នឹង​មានការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស​ទាំងឡាយ​។​

​តាម​ការ​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​នា​ពេល​កន្លង​មក​ឱ្យ​ដឹង​ថា​ នគរបាល​ចរាចរណ៍​ផ្លូវគោក​ នឹង​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​ព្រមៗ​គ្នា​ នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​ ក្នុង​នោះ​រួម​មាន​គោលដៅ​ដើម​ទី​ ចំណត​យានយន្ត​ កំពង់​ផែ​ ផែស្ងួត​ កំពង់ចម្លង​ ស្ថានីយ​ជញ្ជីង​ សាលាបង្រៀន​បើកបរ​ យានដ្ឋាន​ជួសជុល​កែ​ច្នៃ​ និង​តាម​ដងផ្លូវ​នានា​ ដោយ​ធ្វើការ​ផាកពិន័យ​យ៉ាង​ម៉ឹង​ម៉ាត់​។​

​ការ​ផាកពិន័យ​នោះ​មាន​ដូច​ជា​ ការ​បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ​ ការ​បើកបរ​លើស​ល្បឿន​កំណត់​ ការ​មិន​គោរព​ផ្លា​ក​សញ្ញា​ចរាចរណ៍​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ការ​មិន​ពាក់មួក​សុវត្ថិភាព​ ការ​មិន​ដាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ ការ​ផ្ទុកទំនិញ​សំពីងសំពោង​ និង​យានយន្ត​មិន​គ្រប់លក្ខណៈ​បច្ចេកទេស​ជាដើម​។​

លោក​ឧត្តមសេនីយឯក​ រុន​ រ័​ត្ន​វាសនា
លោក​ឧត្តមសេនីយឯក​ រុន​ រ័​ត្ន​វាសនា

​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ លោក​ឧត្តមសេនីយឯក​ រុន​ រ័​ត្ន​វាសនា​ បាន​មាន​ប្រសាសន៍​ថា​ ការ​អនុវត្ត​ច្បាប់​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ច​រារ​ចរណ៍​។​
​តើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នឹង​អាច​បន្ថយ​គ្រោះថ្នាក់​បាន​ទេ​?

​យោង​តាម​ប្រសាសន៍​លោក​ឧត្តមសេនីយឯក​ រុន​ រ័​ត្ន​វាសនា​ ដែល​បាន​ផ្ដល់​ការ​សម្ភាស​ដល់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ កាលពី​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៥​ កន្លង​មក​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៥​ កន្លង​មកនេះ​ ចំនួន​ពលរដ្ឋ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ប្រមាណ​ ៦​ នាក់​ ក្នុង​មួយ​ថ្ងៃ​ ហើយ​អ្នក​រង​របួស​ទាំង​ធ្ងន់​ ទាំង​ស្រាល​ មាន​ជាង​ ២០​ នាក់​ក្នុង​មួយ​ថ្ងៃ​។​

Ear-Chariya
លោក​ អ៊ា​ ចរិយា

​លោក​ឧត្តមសេនីយឯក​បន្ថែម​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បំផុត​គឺ​ជាង​ ៩០%​ កើតឡើង​ដោយសារ​កត្តា​មនុស្ស​៖​ «​បើសិនជា​យើង​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ បើ​មាន​ប្រសិទ្ធភាព​ ហើយ​ជា​ពិសេស​មានការ​ចូលរួម​ពី​បងប្អូន​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ហ្នឹង​ ប្រហែលជា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នឹង​ថយ​ ឱ្យ​យើង​បាន​គិត​ជា​មុន​ថា​ យើង​ទៅ​ទីណា​ក៏​ដោយ​ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ ហើយ​ជា​ពិសេស​ការ​បើកបរ​ត្រូវ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​ រាល់​ថ្ងៃនេះ​យើង​ឃើញ​ហើយ​ថា​ អ្នកបើកបរ​ដោយ​ប្រជែង​ អ្នកបើកបរ​ដោយ​មាន​ស្ថានភាព​ស្រវឹង​ អ្នកបើកបរ​ខុសផ្លូវ​ ឬ​បញ្ច្រាសទិស​ផ្សេងៗ​នេះ​ ក៏​ជា​បញ្ហា​ដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ដែរ​»​។​

នាយក​វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក​ អ៊ា​ ចរិយា​ មាន​ប្រសាសន៍​ថា​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ល្អ​ជាង​ច្បាប់​ចាស់​ ប៉ុន្តែ​លោក​ថា​ កត្តា​នេះ​ពុំ​មាន​ន័យ​ថា​ វា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ​។​

​លោក​ អ៊ា​ ចរិយា​ កត់​សម្គាល់ថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ នៅ​មានការ​ខ្វះចន្លោះ​ទាំង​ការ​អប់រំ​ ទាំង​កា​រឹង​បន្តឹង​ច្បាប់​។​ លោក​ថា​ នៅ​ពេល​ដែល​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ថ្មី​នៅ​ដើមឆ្នាំ​២០១៦​ នេះ​ ត្រូវ​តែ​មានការ​ផ្សព្វផ្សាយ​អម​ជាមួយ​ដែរ​ ដើម្បី​ឱ្យ​ការ​អនុវត្ត​ច្បាប់​នោះ​មាន​ប្រសិទ្ធភាព​៖​ «​វា​អាស្រ័យ​ទៅ​នឹង​ការ​អនុវត្ត​នៅ​ដើមឆ្នាំ​ហ្នឹង​ តទៅ​ហ្នឹង​តើ​វា​មាន​ទ្រង់ទ្រាយ​យ៉ាងម៉េច​ ។​ បើ​វា​មាន​ទ្រង់ទ្រាយ​ធំ​ទូ​ទាំង​ប្រទេស​ ហើយ​ការ​អនុវត្ត​នោះ​ប្រកប​ទៅ​ដោយ​តម្លាភាព​ ហើយ​និង​មាន​ភាព​យុត្តិធម៌​ទៅ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ ហើយ​យើង​ចូលរួម​ការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ហ្នឹង​គាត់​យល់​ អាច​ទទួលយក​បាន​នូវ​កំហុស​ខុសឆ្គង​ដែល​គាត់​នេះ​ហ្នឹង​ គឺ​គាត់​ចូលរួម​ សហការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ថ្មី​នេះ​។​ អ៊ីចឹង​មាន​ន័យ​ថា​ តទៅ​ហ្នឹង​ វា​អាច​នឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ហ្នឹង​ វា​អាស្រ័យ​ទៅ​ហ្នឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ចូលរួម​របស់​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​»​។​

​លោក​ អ៊ា​ ចរិយា​ បន្ថែម​ថា​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​បាន​ វា​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្ល​ល់​ត្រូវ​គោរព​ច្បាប់​។​ លោក​ថា​ មាន​វិធានការ​សំខាន់​ ២​ ដើម្បី​ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​គោរព​ច្បាប់​៖​ «​ទី​១​ ត្រូវ​ឱ្យ​មានការ​អប់រំ​ផ្សព្វផ្សាយ​បង្កើន​ចំណេះដឹង​របស់​គាត់​ឱ្យ​យល់​ពី​ច្បាប់​។​ ទី​២​ ត្រូវ​តែ​មានការ​រឹត​បន្តឹង​ច្បាប់​ ផាកពិន័យ​អ្នក​ណា​ដែល​ប្រឹ​ព្រឹ​ត្ត​ខុស​នឹង​ច្បាប់​។​ តែ​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​ ការ​អប់រំ​ផ្សព្វផ្សាយ​យើង​ក៏​វា​នៅ​ខ្សោយ​ ការ​រឹត​បន្តឹង​ច្បាប់​ក៏​នៅ​ខ្សោយ​។​ អ៊ីចឹង​ចាប់ពី​ដើមឆ្នាំ​២០១៦​ ទៅ​ ទាល់តែ​មានការ​អប់រំ​ទូលាយ​ ហើយ​ត្រូវធ្វើ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ទើប​អាច​ឈាន​ទៅ​ដល់​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ហ្នឹង​ឱ្យ​បាន​ប្រព្រឹត្ត​ទៅ​ត្រឹមត្រូវ​ តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​»​។​

​ផ្អែក​តាម​ប្រសាសន៍​ខាងលើ​នេះ​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ មិន​សុទ្ធតែ​អាច​កាត់​បន្ថយ​បាន​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ វា​ត្រូវ​តែ​មានការ​ចូលរួម​ពី​អ្នក​ប្រើប្រាស់​ផ្លូវ​ និង​មានការ​ជំរុញ​ប្រកបដោយ​តម្លាភាព​ ឱ្យ​អ្នក​ទាំងនោះ​គោរព​ច្បាប់​៕

Share

Image
Image
Image