ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុក ផ្លូវការ របស់លោក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ នេះថា ស្ពានអាកាសតិចណូនឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ហើយនឹងមានឈ្មោះជាផ្លូវការថា “ស្ពានអាកាស ៥ មករា” វិញ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «មានស្ពាន មានសង្ឃឹម និងមានឱកាសកាន់តែច្រើនឡើងៗក្នុងការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ។ តែយ៉ាងណាសម្ដេចនាយករដ្ឋមន្ត្រីស្នើទៅដល់ប្រជាពលរដ្ឋទាំងអស់បើកបរដោយគោរពច្បាប់ចរាចរណ៍ផងដែរ»។
គួររំឭកថា ស្ពានអាកាសតិចណូនេះ ធ្លាប់បានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន កាលនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្តងរួចមកហើយ ដើម្បីសម្រួលការកកស្ទះចរាចរណ៍។
សូមបញ្ជាក់ទៀតថា ស្ពានអាកាសតិចណូ ជាស្ពានអាកាសទី៤ ដែលមានប្រវែង ៣៨២ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ កម្ពស់ ៥,២ ម៉ែត្រ ដែលត្រូវសាងសង់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។ ផ្លូវក្រោមដី នៃស្ពានអាកាសនេះ មានប្រវែង ៣៤៦ ម៉ែត្រ ទទឹងពី ៦ ទៅ ៨ម៉ែត្រ សង់ក្រោមមហាវិថីសហព័ន្ធរុស្ស៊ីកាត់ពីមហាវិថីម៉ៅសេទុងភ្ជាប់ទៅមហាវិថីគីមអ៊ីលស៊ុង។
ការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនេះ ត្រូវចំណាយថវិកាជាង ១៤ លានដុល្លារ ដែលបានមកគម្រោងវិនិយោគនានា របស់ក្រុមហ៊ុន OCIC៕