en     km
en     km

សញ្ញាទាំង ៧ ដែលបង្ហាញថាអ្នកទទួលទានអាហារមិនបានត្រឹមត្រូវ

Share

ការសិក្សាមួយនៅចន្លោះឆ្នាំ ១៩៩០ និង ២០១៧ បានបង្ហាញថា ការទទួលទានអាហារមិនល្អ ដូចជា អាហារកែច្នៃ ភេសជ្ជៈមានជាតិស្ករនិងសូដ្យូម និងទទួលទានអាហារដែលល្អសម្រាប់សុខភាពមិនបានគ្រប់គ្រាន់ ជាមូលហេតុនៃការស្លាប់ ១នាក់ ក្នុងចំណោម ៥ នាក់នៅទូទាំងពិភពលោក គឺប្រហែល​ ១១ លាននាក់បានស្លាប់ដោយមូលហេតុនេះ។ នេះបើយោងតាមការបង្ហាញពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។

រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក

ប្រសិនអ្នកទទួលទានរបបអាហារមិនបានត្រឹមត្រូវ នោះអ្នកនឹងមានបញ្ហាមួយចំនួនដូចជាការឡើងទម្ងន់ ឬមានបញ្ហា​សុខភាព​ដូចជាជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្នែកប្រភេទទី២ ជាដើម។

មានសញ្ញា៧យ៉ាង ដែលបង្ហាញថាអ្នកទទួលទានអាហារមិនបានត្រឹមត្រូវ៖

សញ្ញាទី១ មានបញ្ហាសក់៖ សក់ដូចនឹងសរីរាង្គផ្សេងៗដទៃទៀត ដែលត្រូវការអាហាររូបត្ថម្ភដើម្បីឱ្យមានសុខភាពល្អ។ ដូច្នេះការទទួលទានរបបអាហារមិនល្អ ធ្វើឱ្យមានកង្វះ​អាហារូបត្ថម្ភ ​ដែលអាច​បណ្តាល​ឱ្យ​សក់​ផុយ ឬ​ ជ្រុះសក់។

​ការសិក្សាបង្ហាញថា របបអាហារដែលមានប្រូតេអ៊ីនទាប អាស៊ីតខ្លាញ់ និងមានសារធាតុចិញ្ចឹមទាបដូចជា វីតាមីន C ស័ង្កសី និងជាតិដែក អាចធ្វើឱ្យសក់ជ្រុះ ស្តើង និងបាត់បង់សារធាតុពណ៌។ ដូច្នេះ អ្នកគួរតែបន្ថែមនូវ ប្រភពប្រូតេអ៊ីនគ្មានខ្លាញ់ដូចជាស៊ុត និងត្រីសាម៉ុង ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិឱ្យបានច្រើនដើម្បីធ្វើឱ្យសក់មានសុខភាពល្អ។

ចំណែកឯសញ្ញាទី២ គឺស្បែកមានសភាពចាស់មុនអាយុ។ ការស្រាវជ្រាវបង្ហាញថារបបអាហារមានជីវជាតិអាចលើកកម្ពស់សុខភាពស្បែក និងពន្យារភាពចាស់លើស្បែក។ បន្ថែមពីនេះ អាហារដែលជំនួយដល់ស្បែកមានដូចជា អាហារសម្បូរវីតាមីន A, C, D និង E និងអាហារដែលសំបូរសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ និងសារជាតិ flavonoids។

ហើយដើម្បីទទួលបានអត្ថប្រយោជន៍ និងក្មេងជាងវ័យ សូមទទួលទានផ្លែឈើ និងបន្លែប្រាំដងឬច្រើនជាងនេះក្នុងមួយថ្ងៃ។

ទី៣ សញ្ញាបញ្ហាមាត់ធ្មេញ។ ការរលាកអញ្ចាញធ្មេញ អញ្ចាញធ្មេញហើម  ឬហូរឈាមញឹកញាប់  គឺជាសញ្ញាមួយនៃការទទួលទានរបបអាហារមិនល្អ និងកង្វះវីតាមីន C ។  លើសពីនេះ បញ្ហាធ្មេញមានពណ៌ខ្មៅ និងប្រហោងគឺអាចបណ្តាលមកពីជាតិស្ករច្រើនពេក។  ដូច្នេះ អ្នកគួរពិចារណាពីភេសជ្ជៈ និងអាហារដែលមានជាតិស្ករដែលអ្នកកំពុងទទួលទានផងដែរ។ ហើយអ្នកអាចបន្ថែមវីតាមីន C ដោយបរិភោគ ផ្លែស្ត្របឺរី ប៉េងប៉ោះ បន្លែស្លឹកបៃតង និងដំឡូងបារាំង។

ទី៤ មានអារម្មណ៍អស់កម្លាំងខួរក្បាល មាន​បញ្ហាការ​ចងចាំ ឬពិបាកផ្តោត​ផ្តោត​អារម្មណ៍ជាដើម។ អ្នកគួរទទួលទានអាហារដែលមានអូមេហ្គា ៣ ឱ្យបានច្រើន ដោយអាចជ្រើសរើសដូចជា គ្រាប់វ៉ុនណាត់ ត្រីសាល់ម៉ុន ឬ ខ្លាញ់ត្រីជាដើម។

ហើយសញ្ញាទី​៥ គឹ មានបញ្ហារំលាយអាហារ អ្នកអាចមានអាការៈ​រាគ និង​ទល់លាមក​ប្រសិន​អ្នក​មិន​បរិភោគ​ជាតិ​សរសៃ​បានគ្រប់គ្រាន់​។  តាមការណែនាំ ស្ត្រីត្រូវទទួលទានជាតិសរសៃ ២៥ ក្រាមក្នុងមួយថ្ងៃ និងសម្រាប់បុរស ៣៨ ក្រាមក្នុងមួយថ្ងៃ។

និងសញ្ញាទី៦ របួសមិនងាយជាសះស្បើយ ការសិក្សាបានបង្ហាញថា ការទទួលកាឡូរី ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ គឺចាំបាច់សម្រាប់ការព្យាបាលមុខរបួស ដោយអ្នកអាចផ្តោតលើរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព។ 

និងទី៧ជាសញ្ញាចុងក្រោយគឺ អ្នកងាយនឹងឈឺ ការទទួលទាន​អាហារូបត្ថម្ភ​មិនបានល្អ​អាច​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ ​បង្ក​ឱ្យ​មាន​ជំងឺ និង​ការឆ្លង​មេរោគ​។ អាហារូបត្ថម្ភកាន់តែល្អ ប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ។ 

អ្នកអាចជ្រើសរើសអាហារសម្បូរវីតាមីន A, C, និង E ស័ង្កសី សេលេញ៉ូម ជាតិដែក និងអាស៊ីតហ្វូលិក ដោយការទទួលទានផ្លែឈើស្រស់ បន្លែ និងគ្រាប់ធញ្ញជាតិ ជាពិសេសផ្លែក្រូច ស្លឹកបៃតង និងអង្ករសំរូប។


«ការទទួលទានអាហារបានត្រឹមត្រូវ ប្រៀបបានដូចជាឱសថសម្រាប់ព្យាបាល »

 

 

Share

ព័ត៌មានទាក់ទង

Image