សកម្មជនតៃវ៉ាន់បាននាំគ្នាអបអរសាទរចំពោះច្បាប់ថ្មីស្តីពីការការពារសិទ្ធិសេរីភាពរបស់ស្រ្តីជុំវិញការបៀតបៀនផ្លូវភេទនៅក្នុងប្រទេស ដែលទើបអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនៅតាមគ្រឹះស្ថានសិក្សា កន្លែងធ្វើការ និងសភាជាដើម។ ច្បាប់នេះត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីសប្តាហ៍នេះតទៅ។
(កញ្ញា កែវ សុជាតា ជូនសេចក្តីប្រែសម្រួល)
ក្នុងរយៈពេលពីរខែចុងក្រោយនេះ អាជ្ញាធរតៃវ៉ាន់បានសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនបានដាក់ពាក្យបណ្តឹងស្ទើរតែជារៀងរាល់ថ្ងៃ ទាក់ទិននឹងបទរំលោភបំពានផ្លូវភេទលើស្ត្រីរងគ្រោះ។
បើគិតមកទល់នឹងពេលនេះ ពាក្យបណ្តឹងពីបទរំលោភបំពានផ្លូវភេទមានជាង ១០០ ករណីហើយ។ ក៏ប៉ុន្តែ អាជ្ញាធរតៃវ៉ាន់ថា ចំនួននេះនៅតិចតួចនៅឡើយ ដ្បិតជនរងគ្រោះមួយចំនួនបានលាក់បាំងមិនព្រមរាយការណ៍ប្រាប់អាជ្ញាធរនោះទេ។
នៅក្នុងនោះដែរ ស្រ្តីនយោបាយមួយរូបបានប្រាប់គេហទំព័រ FairPlanet ថា ប្រធានបទនៃការបៀតបៀនផ្លូវភេទបានក្លាយទៅជាប្រធានបទធម្មតាទៅហើយនៅទឹកដីដែនកោះ តៃវ៉ាន់ ពោលគឺបញ្ហានេះបានកើតមានលើស្រ្តីគ្រប់រូបនៅក្នុងប្រទេស។ ប្រាប់ដោយមិនលាក់បាំង ស្រ្តីអ្នកនយោបាយខាងនិយាយថា សូម្បីតែអ្នកស្រីផ្ទាល់ ក៏តែងតែទទួលបានសាររំខានពីជនអនាមិកស្ទើរតែរាល់ថ្ងៃ ដែលពេលខ្លះអ្នកស្រីពិតជាបារម្ភពីសុខសុវត្ថិភាពរបស់ខ្លួនខ្លាំងណាស់។ជាការកត់សម្គាល់ ច្បាប់ស្តីពីការការពារសិទ្ធិស្រ្តីលើករណីខាងលើបានកំណត់ព្រំដែន ៣ លក្ខខណ្ឌ ដោយទី១ គឺនៅក្រោមច្បាប់កន្លែងធ្វើការ ដោយនិយោជកត្រូវធានាដោះស្រាយពាក្យបណ្តឹងក្នុងករណីមាននិយោជិតប្តឹងពីបទបៀតបៀនផ្លូវភេទ។
ករណីបើនិយោជកព្រងើយកន្តើយ ឬមិនអាចដោះស្រាយរកខុសត្រូវបាន នោះនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ជាង ៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
រីឯ លក្ខខណ្ឌទី២ សិស្សានុសិស្សហាមប្រាមមិនឱ្យមានទំនាក់ទំនងស្នេហាជាមួយនឹងសិស្ស ដែលមានអាយុក្រោម ១៨ ឆ្នាំជាដាច់ខាត។ លើសពីនេះទៀត នាយកសាលា នាយិកា និងគ្រូបង្រៀន ត្រូវរាយការណ៍មកអាជ្ញាធរ ឬក្រសួងអប់រំករណីប្រទះឃើញមានការសង្ស័យឬចាប់បាន។ ប្រសិនជាមិនដូច្នោះទេ បុគ្គលិកដែលបានរៀបរាប់ខាងលើនេះ នឹងចាត់ទុកថារួមគំនិតលាក់បាំង ហើយត្រូវឃុំខ្លួនរយៈពេល ២៤ ម៉ោងទុកជាការពិន័យ។
ចំណែកឯ លក្ខខណ្ឌចុងក្រោយនៃច្បាប់ស្តីពីសិទ្ធិការពារបទល្មើសបៀតបៀនផ្លូវភេទបានចែងថា សមាជិកសភាក៏នឹងទទួលការពិន័យដូចគ្នា បើសិនជាសមាជិកទាំងនេះបានទៅបៀតបៀនផ្លូវភេទស្រ្តីរងគ្រោះ។ នៅក្នុងច្បាប់នេះ សមាជិកសភានឹងត្រូវជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងផាកពិន័យធ្ងន់បំផុតដល់ ១ម៉ឺន៩ពាន់ដុល្លារសហរដ្ឋអាមេរិក។
សូមជម្រាបថា នៅមុនពេលចែងច្បាប់ថ្មីនេះ សកម្មជនតៃវ៉ាន់បានបង្កើតយុទ្ធនាការ #MeToo នៅក្នុងគោលបំណងទាមទារសិទ្ធិសេរីភាពរបស់ស្រ្តីនៅក្នុងតៃវ៉ាន់។ ដោយហេតុថា ជនរងគ្រោះមួយចំនួនមិនហ៊ានរាយការណ៍ពីទង្វើព្រៃផ្សៃ ដែលពួកគេបានជួបប្រទះឡើយ។ បើយោងតាមទិន្នន័យរបស់សារព័ត៌មាន The Reporter បានរកឃើញថា ស្រ្តីរងគ្រោះដែលធ្លាប់ត្រូវគេបៀតបៀនផ្លូវភេទ ក៏ប៉ុន្តែជ្រើសរើសភាពស្ងៀមស្ងាត់មិនរាយការណ៍មានចំនួន ៨០ ភាគរយ៕
ប្រភព៖ BBC ចុះថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣