តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទហាងកែសម្ផស្សមួយកន្លែងស្ថិតនៅផ្សារធំថ្មី មានឈ្មោះថា S 88 Beauty ក្រោយស្ដ្រីម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីទៅទទួលសេវាកម្មព្យួសេរ៉ូមសាច់ស្អាត។ ស្រ្តីរងគ្រោះសង្រ្គោះបន្ទាន់នោះត្រូវបានគេស្គាល់ថាជាភរិយា លោក ពែកមី តារាកំប្លែងដ៏ល្បីបន្ទាប់ពីលោក ពែកមី បង្ហោះរឿងនេះលើទំព័រហ្វេសប៊ុក។
លោក ពែកមី បានបង្ហោះសារក្នុងហ្វេសប៊ុកថា ភរិយារបស់លោក បានចូលបន្ទប់សង្គ្រោះបន្ទាន់តាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ លោកបន្ថែមថា ក្រោយប្រពន្ធរបស់លោកបញ្ចូលសេរ៉ូមសាច់ស្អាតហើយ ស្រាប់តែមានអាការៈខុសប្រក្រតី ដូចជាថប់ដង្ហើម ណែនដើមទ្រូងជាដើម។ ភ្លាមៗនោះ សមាជិកក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីសង្គ្រោះ។ នៅថ្ងៃនេះលោកបានឱ្យដឹងបន្ថែមថា ភរិយារបស់លោក បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។
ទាក់ទងរឿងនេះ អាជ្ញាធរមានសមត្ថកិច្ចបញ្ជាក់ថា ទីតាំងហាងកែសម្ផស្ស S 88 Beauty នេះពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបម្រើសេវាកម្មបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះ ទើបចេញកំណត់ហេតុបិទទីតាំង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ។
ជាការកត់សម្គាល់ កាលពីពេលកន្លងទៅក្រសួងសុខាភិបាលបានបិទអាជីវកម្មខុសច្បាប់មួយចំនួនដែលគ្មានការអនុញ្ញាពីក្រសួង និងគ្មានវិជ្ជាជីវៈត្រឹមត្រូវ៕