គណបក្សភ្លើងទៀនបង្ហាញការសោកស្តាយចំពោះក្រសួងមហាផ្ទៃដែលបដិសេធមិនព្រមទទួលលិខិតស្នើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺសម្តេច ស ខេង ដើម្បីជួយផ្តល់ដំណោះស្រាយពាក់ព័ន្ធនឹងឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃរបស់គណបក្សភ្លើងទៀន។
លោក គីម ចាន់ចាវ រាយការណ៍
គណបក្សភ្លើងទៀនបានដាក់លិខិតទៅក្រសួងមហាផ្ទៃស្តីពីសំណើសុំជួបសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីជួយផ្តល់ដំណោះស្រាយពាក់ព័ន្ធនឹងឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយកាលពីថ្ងៃទី២ ខែសីហា។ ក៏ប៉ុន្តែសំណើនេះត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនទទួលដោយប្រាប់ថា ឱ្យរង់ចាំរហូតដល់មានរដ្ឋាភិបាលថ្មី។ នេះបើតាមសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀនចេញផ្សាយថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។
គណបក្សប្រឆាំងមួយនេះអះអាងថា នេះមិនមែនជាលើកទី១ទេ ដែលក្រសួងមហាផ្ទៃបដិសេធមិនទទួលលិខិតរបស់គណបក្សភ្លើងទៀន ពាក់ព័ន្ធការរកដំណោះស្រាយជុំវិញឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃរបស់គណបក្សភ្លើងទៀន។ ដ្បិតកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណបក្សភ្លើងទៀនបានដាក់លិខិតដូចគ្នានេះទៅក្រសួងមហាផ្ទៃ តែត្រូវក្រសួងមហាផ្ទៃបដិសេធមិនទទួលយក ដោយស្នើសុំឱ្យគណបក្សភ្លើងទៀនដាក់លិខិតនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
វិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការពន្យល់បន្ថែម ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញបញ្ហានេះ នៅថ្ងៃសុក្រនេះ ប៉ុន្តែទូរស័ព្ទហៅចូលមិនមានអ្នកទទួល។
ក្រោមហេតុផលដែលថា គណបក្សភ្លើងទៀនមិនមានឯកសារច្បាប់ដើម គណបក្សប្រឆាំងដែលមានសាច់ដុំល្មមប្រកួតជាមួយបក្សកាន់អំណាចមួយនេះ ត្រូវបានខកខានក្នុងការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអនុញ្ញាតក្នុងការចុះបញ្ជីគណបក្សនយោបាយ។
គណបក្សភ្លើងទៀនបានបាត់ច្បាប់ដើមនៃប្រកាសលេខ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្នុងអំឡុងឆ្នាំ២០១៧ នៅពេលដែលទីស្នាក់ការកណ្តាលគណបក្សភ្លើងទៀន ដែលស្ថិតនៅខាងក្រោមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបិទដោយអំណាចសាលដីការបស់តុលាការកំពូល។ នៅពេលនោះគណបក្សភ្លើងទៀនបានដាក់លិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដើម្បីប្រើប្រាស់ទីស្នាក់ការ និងប្រមូលឯកសារនានារបស់គណបក្សពីទីស្នាក់ការ។ ក៏ប៉ុន្តែមិនបានទទួលការអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ឡើយ ជាហេតុធ្វើឱ្យឯកសារមួយចំនួនរបស់គណបក្ស រួមទាំងច្បាប់ដើមនៃប្រកាសលេខ១៩៣ ប្រក ផង ត្រូវបានបាត់បង់។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន។
ទោះបីជាយ៉ាង គណបក្សភ្លើងទៀនបានបញ្ជាក់ថា ខ្លួននឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយជាមួយក្រសួងមហាផ្ទៃ ដោយភ្ជាប់នឹងក្តីសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងជួយផ្ដល់ដំណោះស្រាយ ពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះបញ្ជីដល់គណបក្សភ្លើងទៀន អាចទទួលបានសិទ្ធិស្របច្បាប់ចូលរួមការបោះឆ្នោតបាន៕