រយៈពេលដប់ប្រាំបីខែនៃការលុកលុយរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ីបានបាត់បង់ទាហានចំនួនជិត ៥ ម៉ឺននាក់នៅក្នុងភ្លើងសង្រ្គាម។ ខណៈប្រជាពលរដ្ឋ និងទាហានអ៊ុយក្រែនជាង ១ ម៉ឺននាក់បានស្លាប់អំឡុងពេលទប់ទល់នឹងខ្មាំងសត្រូវ ដែលព្យាយាមយាយីប្រទេសរបស់ខ្លួន។ ដោយឡែក ក្រសួងការពារជាតិអ៊ុយក្រែនបានប្រាប់ឱ្យដឹងថា ស្ត្រីសញ្ជាតិអ៊ុយក្រែនជាង ៦ ម៉ឺននាក់ បាននិងកំពុងបម្រើការក្នុងជួរទាហានដែលមានតួនាទី និងមុខតំណែងខុសៗគ្នា។ នៅក្នុងនោះដែរ ស្ត្រីចំនួន ៥,000 នាក់មានតំណែងជាទាហាននៅក្នុងជួរកងទ័ពឈានមុខគេរបស់អ៊ុយក្រែន។ តើទាហានជួរមុខជាស្រ្តីទាំងនេះត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ ហើយថាតើពួកគេត្រូវលះបង់អ្វីខ្លះក្នុងកិច្ចការពារប្រទេសជាតិ? បើចង់ជ្រាបច្បាស់ សូមនាង កញ្ញា លោកលោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅ៖
តាមគេហទំព័រ Britannica បានឱ្យដឹងថា ប្រទេសរុស្ស៊ីចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែនពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងមកទល់សព្វថ្ងៃនេះ។ អណ្តាតភ្លើងនៃសង្គ្រាមនេះនៅតែបន្តឆាបឆេះឥតស្រាកស្រានរវាងប្រទេសទាំងពីរ បើទោះបីជាមានមេដឹកនាំអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនព្យាយាមលូកដៃក៏ដោយ។ ភាពតានតឹងនេះបានបង្កជាសម្ពាធ និងផលប៉ះពាល់ជាច្រើនសម្រាប់ប្រជាពលរដ្ឋទាំងសងខាង ជាពិសេសប្រជាជននៅក្នុងប្រទេសអ៊ុយក្រែន។
បើយោងតាមស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនចេញផ្សាយចុងក្រោយគេបង្អស់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានរាយការណ៍ថា ប្រជាពលរដ្ឋអ៊ុយក្រែនជាង ៦ លាននាក់បានជម្លៀសខ្លួនចាកចេញពីមាតុប្រទេសទៅរស់នៅក្រោមជម្រកសន្តិភាពនៃប្រទេសដទៃ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋដទៃទៀត ពុំបានចាកចេញពីប្រទេសនោះទេ នោះក៏ដោយសារតែឆន្ទៈចង់ទាមទារសិទ្ធិសេរីភាព និងតស៊ូប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់ប្រទេសមហាអំណាច។
ទន្ទឹមគ្នានេះដែរ ក្រសួងការពារជាតិអ៊ុយក្រែនបានប្រាប់ឱ្យដឹងថា ស្ត្រីជាង ៦ ម៉ឺននាក់កំពុងបម្រើការក្នុងជួរទាហាន ខណៈក្នុងនោះមានស្ត្រីចំនួន ៥,000 នាក់មានតំណែងជាទាហានជួរមុខ។ ស្ត្រីទាំងនេះបានលាឈប់ពីមុខតំណែងការងារផ្សេងៗ និងលាក្រុមគ្រួសារសាច់ញាតិ ដើម្បីមកចុះឈ្មោះបម្រើការជាទាហានការពារទឹកដី។
តាមសារព័ត៌មាន BBC បានបង្ហាញថា ស្រ្តីមានមុខតំណែងជាទាហានជួរមុខម្នាក់ឈ្មោះ Andriana បានលាឈប់ពីការងារជាទីប្រឹក្សាអង្គការសហប្រជាជាតិស្តីពីសមភាពយេនឌ័រ ក្រោមក្រសួងកិច្ចការអតីតយុទ្ធជនអ៊ុយក្រែន ដើម្បីចូលរួមជាមួយយោធាអ៊ុយក្រែននៅពេលដែលរុស្ស៊ីបានឈ្លានពានកាលពីឆ្នាំមុន។
ចំណែកឯស្រ្តីមួយរូបទៀតជាទាហានជួរមុខដូចគ្នា អ្នកស្រី Evgeniya Emerald ត្រូវចាកចេញពីក្រុមគ្រួសារ ជាពិសេសកូនតូច និងការងារជាអ្នកជំនួញ ដើម្បីមកបម្រើការជាអ្នកលបបាញ់កាំភ្លើងជំនួសវិញ។ អ្នកស្រីបាននិយាយថា នៅពេលប្រទេសមានសង្រ្គាម ទាហានមិនចាំបាច់ត្រូវតែជាបុរសឬស្ត្រីនោះទេ ពោលគឺស្រ្តីអាចធ្វើការជាទាហានបានដូចបុរសដែរ។
គួរបញ្ជាក់ដែរថា អ្នកស្រី Evgeniya Emerald មានអាយុ ៣១ ឆ្នាំ និងជាទាហានស្រ្តីម្នាក់នៅក្នុងជួរកងទ័ពឈានមុខរបស់អ៊ុយក្រែន។ អ្នកស្រីធ្លាប់បានទទួលការហ្វឹកហ្វឺនយោធា បន្ទាប់ពីរុស្ស៊ីបានលុកលុយនៅទីក្រុង Crimea។ អ្នកស្រី Evgeniya បាននិយាយថា ការធ្វើការជាអ្នកលបបាញ់របស់អ្នកស្រី គឺជារឿងឃោរឃៅមួយ ដែលអ្នកស្រីត្រូវប្រើប្រាស់ទាំងកម្លាំងកាយទាំងផ្លូវចិត្ត។ ក្រៅពីវាយបកកងទ័ពសត្រូវ អ្នកស្រីក៏បានប្រើបទពិសោធន៍ជាសហគ្រិនរបស់ខ្លួន ដើម្បីជួយលើកកម្ពស់សិទ្ធិយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ទាហានជាស្ត្រីអ៊ុយក្រែន។
ដោយឡែក ស្រ្តីទាហានអ៊ុយក្រែនម្នាក់ទៀត ពោលគឺអ្នកស្រី Evgeniya Velyka ដែលធ្លាប់បម្រើការនៅអង្គការសប្បុរសធម៌ Arm Women Now យល់ថា នៅក្នុងសង្គមអ៊ុយក្រែនធ្លាប់មានមតិជាច្រើន ដែលគាំទ្រថាស្រ្តីចូលបម្រើក្នុងជួរកងទ័ព ដើម្បីតែស្វែងរកដៃគូប៉ុណ្ណោះ។ ក៏ប៉ុន្តែ បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីមក សង្គមទាំងមូលបានផ្លាស់ប្តូរផ្នត់គំនិត និងរួបរួមសហការគ្នា ដើម្បីតទល់នឹងទាហានរុស្ស៊ី៕
ប្រភព៖ BBC ចុះថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣