en     km
en     km

គ្រូបង្វឹករងការចោទប្រកាន់ថាបៀតបៀនផ្លូវភេទកីឡាការិនីបាល់ទាត់នារីពិភពលោក

Share

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA)បានទទួលពាក្យបណ្តឹងទាក់ទិននឹងគ្រូបង្វឹករបស់​ប្រទេសសាំប៊ីបានលូកលាន់រាងកាយរបស់កីឡាការិនីបាល់ទាត់ដែលជាកូនក្រុមរបស់ខ្លួនកាលពីមុនការប្រកួតរវាងប្រទេសសាំប៊ី និងប្រទេស Costa Rica។

(កញ្ញា កែវ សុជាតា​ រាយការណ៍​)

តាមសារព័ត៌មាន The Guardian បានឱ្យដឹងថា គ្រូបង្វឹកផ្នែកកីឡាបាល់ទាត់នារីប្រចាំប្រទេសសាំប៊ីមានឈ្មោះថា Bruce Mwape  មានវ័យ ៦៣ ឆ្នាំ ត្រូវគេចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទកីឡាការិនីមួយរូបដែលត្រូវជាកូនក្រុមរបស់លោក។ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បាន​បញ្ជាក់​ថា ​​ខ្លួន​បាន​ទទួល​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការហើយជុំវិញករណីនេះ បន្ទាប់ពីព្រត្តិការណ៍ប្រកួតរវាងកីឡាការិនីសាំប៊ី និងCosta Rica ។​ ​

ជាការកត់សម្គាល់ មិត្តរួមក្រុមរបស់ស្រ្តីរងគ្រោះបាននិយាយថា ពួកគេបានឃើញគ្រូបង្វឹករូបនេះបានយកដៃស្ទាបអង្អែលដើមទ្រូងរបស់ស្រ្តីរងគ្រោះកាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព​ដដែល​បាន​បន្ត​ថា​ សកម្មភាពរបស់គ្រូបង្វឹករូបនេះមិនសមរម្យនោះទេ ដ្បិតថាវាជាអំពើអសីលធម៌ គ្មានវិជ្ជាជីវៈ និងរំលោភលើសិទ្ធិរបស់ស្រ្តីយ៉ាងខ្លាំង។

អ្នកនាំពាក្យរបស់សហព័ន្ធ FIFA បានប្រាប់សារព័ត៌មាន The Guardian ថាកាលពីឆ្នាំមុន លោក Mwape ក៍បានរងការចោទប្រកាន់ ជុំវិញករណីបៀតបៀនកេរ្តិ៍ខ្មាស់កីឡាការិនីម្ដងដែរ ហើយសហព័ន្ធក៏បានព្យាយាមទាក់ទងជាមួយសមាគមន៍បាល់ទាត់ប្រទេសសាំប៊ី FAZដែរ  ក៏ប៉ុន្តែមិនមានការអត្ថាធិប្បាយអ្វីច្រើននោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់សហព័ន្ធ FIFA បាននិយាយថា សហព័ន្ធនឹងដោះស្រាយបញ្ហានានា ដែលមានកើតមានឡើងនៅអំឡុងពេលប្រកួត ជាពិសេសសហព័ន្ធនឹងចាត់វិធានការជាបន្ទាន់នៅពេលកីឡាការិនីបានរាយការណ៍ពីអំពើខុសឆ្គងនានាដែលពួកគេបានជួបប្រទះ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ចំពោះបណ្តឹងខាងលើ សហព័ន្ធកំពុងដាក់ការស៊ើបអង្កេតថាតើវាជារឿងពិត ឬគ្រាន់ជារឿងប្រឌិត ដែលកីឡាការិនីមានចេតនាធ្វើបាបគ្រូបង្វឹករបស់ខ្លួន។

យ៉ាងណាមិញ សហព័ន្ធ FIFA ថា ខ្លួនមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងការស៊ើបអង្កេតនៅក្នុងករណីនេះបានទេ ក៏ប៉ុន្តែសហព័ន្ធអះអាងថា ពួកគេនឹងព្យាយាមដោះស្រាយបញ្ហាឱ្យអស់ពីលទ្ធភាព។ មកទល់នឹងពេលនេះ សមាគមកីឡាបាល់ទាត់របស់ប្រទេសសាំប៊ី (FAZ) និង គ្រូបង្វឹក លោក Mwape មិនបានឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន The Guardian នោះទេ។

សូមជម្រាបថា លោក Mwape ត្រូវបានតែងតាំងជាគ្រូបង្វឹក កីឡាការិនីបាល់ទាត់ប្រទេសសាំប៊ីចាប់តាំងពីខែឧសភា ឆ្នាំ២០១៨មកម្ល៉េះ។នៅក្នុងឆ្នាំ២០២៣នេះ​ ប្រទេសសាំប៊ីបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយដោយប្រទេសនេះអាចចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់នារីពិភពលោក Women’s World Cup ២០២៣ ជាលើកដំបូង។

ដោយឡែក ក្រុមបាល់ទាត់នារីលេងតំណាងឱ្យប្រទេសហ្សំប៊ីមិនបានឡើងទៅលេងនៅវគ្គបន្ទាប់នោះទេ ដ្បិតសាំប៊ីបានចាញ់អេស្ប៉ាញ និងជប៉ុនក្នុងលទ្ធផល ០ ទល់នឹង ៥ ដូចគ្នា ក៏ប៉ុន្តែនៅវគ្គចែកប៊ូលចុងក្រោយ សាំប៊ីបានយកឈ្នះប្រទេស Costa Rica ក្នុងលទ្ធផល ៣ទល់នឹង១ ដែលនាំឱ្យសាំប៊ីស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣៕

ប្រភព៖ The Guardian ចុះថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

 

Share

ព័ត៌មានទាក់ទង

Image