ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌កម្ពុជាប្រាប់វិទ្យុស្រ្តីថា ប្រទេសអូស្រ្តាលីស្នើសុំបន្តដាក់រូបចម្លាក់បុរាណដ៏មានតម្លៃចំនួន ៣ នៅវិចិត្រសាលជាតិរបស់អូស្រ្តាលីមួយរយៈសិន បន្ទាប់ពីភាគីអូស្រ្តាលីបានសម្រេចប្រគល់រូបចម្លាក់ឱ្យកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ។
បើទោះបីជាអូស្ត្រាលីសម្រេចប្រគល់រូបចម្លាក់បុរាណដ៏មានតម្លៃចំនួន ៣ ដែលត្រូវបានគេលួចពីកម្ពុជាអំឡុងទសវត្សទី៩០ មកឱ្យកម្ពុជាក្តី ប៉ុន្តែខាងអូស្រា្តលីស្នើសុំកម្ពុជាបន្តដាក់តាំងវត្ថុបុរាណទាំងនោះនៅវិចិត្រសាលជាតិរបស់ខ្លួនមួយរយៈសិន។ នេះបើតាមលោក ហាប់ ទូច រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៤ ខែសីហានេះ។
លោក ហាប់ ទូច រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោក ហាប់ ទូច ៖«ប្រគល់ជាផ្លូវការចុះហត្ថលេខា ចុះអីត្រឹមត្រូវប្រគល់ជាផ្លូវការហើយ គ្រាន់តែយើងអនុញ្ញាតឱ្យគាត់(អូស្រ្តាលី) ខ្ចីបន្តមួយរយៈសិនដើម្បីដាក់តាំងនៅទីនោះ ដោយបានបញ្ចប់កិច្ចព្រមព្រៀងហើយគាត់នឹងបញ្ចូនត្រឡបើមកវិញមកកម្ពុជា»។
តាមរយៈអត្ថបទដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាមួយមានឈ្មោះថា teleSUR ឱ្យដឹងថា បន្ទាប់ពីមានការសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ដោយរកឃើសក្ខីកម្ម ដែលជាភស្តុតាងបញ្ជាក់ថាវត្ថុបុររាណទាំងនោះជារបស់កម្ពុជា។ ក្រោយមកខាងវិចិត្រសាលជាតិអូស្រ្តាលី (National Gallery of Australia) ផ្ទៀងផ្ទាត់រកឃើញថា វត្ថុបុរាណទាំង៣ប្រភេទនោះត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ហើយក៏មានការយល់ព្រមប្រគល់នូវរូបចម្លាក់បុរាណទាំងនោះមកជាកម្មសិទ្ធិរបស់កម្ពុជាវិញ។
រូបចម្លាក់ទាំង៣ប្រភេទ របស់កម្ពុជាដែលអូស្រ្តាលីប្រគល់មកជាមកកម្ពុជាវិញ រូបភាព៖ ទីភ្នាក់ងារសាព័ត៌មានអន្តរជាតិ teleSUR
បើតាមលោក ហាប់ ទូច រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រាប់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងយកវត្ថុបុរាណទាំងនោះទៅដាក់តម្កល់នៅសារមន្ទីរជាតិរាជធានីភ្នំពេញ។
លោក ហាប់ ទូច ឱ្យដឹងទៀតថា នូវរាល់វត្ថុបុរាណដែលបញ្ជូនត្រឡប់មកកម្ពុជាវិញកន្លងមកនេះ គឺមានជាសារៈប្រយោជន៍សម្រាប់ប្រជាជនណាស់ ព្រោះថាវត្ថុទាំងនោះប្រៀបបាននឹងដូងព្រលឹងរបស់ដូនតា និងជាស្នាដៃដែលបញ្ជាក់ពីជាកេរតំណែលវប្បធម៌របស់កម្ពុជាមានតាំងពីយូរលង់ណាស់មកហើយ។ លើសពីនេះលោកថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនឹងព្យាយាមសិក្សាស្រាវជ្រាវ និងស្វែករងវត្ថុបុរាណដែលត្រូវបានលក់ចេញដោយខុសច្បាប់ត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់៕