en     km
en     km

ពលរដ្ឋបឹងតាមោក៖សម័យដីឡើងថ្លៃពលរដ្ឋមិនអាចរស់នៅលើដីស្របច្បាប់ដែលធ្លាប់រស់នៅរាប់ឆ្នាំ

Share

ភ្នំពេញ៖ អភិបាលខណ្ឌព្រែកព្នៅ បានប្រាប់ឱ្យពលរដ្ឋដែលសង់ផ្ទះនៅតំបន់បឹងតាមោកមួយខ្នង ធ្វើពីដែក និងស័ង្គសី ត្រូវរុះរើចេញវិញ ក្រោមហេតុផលថាបានសង់លើចំណីផ្លូវសាធារណៈរបស់រដ្ឋ និងព្រមានចាត់វិធានការតាមនីតិវីធីច្បាប់ បើផុតកំហិត៧ថ្ងៃនៅតែមិនទាន់រុះរើ។ ពលរដ្ឋ និងប្រជាសហគមន៍បានច្រានចោលហេតុផលនេះ និងបង្ហាញការឈឺចាប់ដែលថា សម័យដីឡើងថ្លៃ ពលរដ្ឋមិនអាចរស់នៅលើដីស្របច្បាប់ដែលពួកគេអះអាងថារស់នៅរាប់ឆ្នាំមកហើយនោះ។ លោក គីម ចាន់ចាវ រាយការណ៍

 

ប្រតិកម្មរបស់ពលរដ្ឋប្រជាសហគមន៍បឹងតាមោកនេះធ្វើឡើងបន្ទាប់ពីលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានចេញលិខិតមួយច្បាប់ផ្ញើរមកលោក លី សម្បត្តិ ម្ចាស់សំណង់ផ្ទះធ្វើពីដែកបានសាងសង់ផ្ទះនៅតំបន់នោះដោយបន្ថែមជញ្ជាំងនិងទ្វា។

លិខិតរបស់លោកអភិបាលខណ្ឌព្រែកព្នៅបញ្ជាក់ថា រដ្ឋបាលខណ្ឌព្រែកព្នៅបានពិនិត្យឃើញថា លោក លី សម្បត្តិ បានលួចសាងសង់សំណង់ខុសច្បាប់នៅលើដីចំផ្លូវសាធារណៈ របស់រដ្ឋ ស្ថិតនៅតាមបណ្តោយផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ខណៈអាជ្ញាធរកំពុងជាប់ដៃរវល់សម្រូលសន្ដិសុខ សុវត្ថិភាពជូនគណបក្សនយោបាយដែលចេញឃោសនាបោះឆ្នោត។

យ៉ាងណាទាក់ទងរឿងនេះ អ្នកស្រី ប្រាក់ សុភា តំណាងពលរដ្ឋនៅតំបន់បឹងតាមោកប្រាប់វិទ្យុស្ត្រីនៅថ្ងៃសុក្រនេះថា លិខិតនេះគឺជាការចោទប្រជាពលរដ្ឋទាំងស្រុង ខណៈដែលពលរដ្ឋមិនបានសង់លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋដូចការចោទប្រកាន់ឡើយ។ អ្នកស្រីអះអាងថា ផ្ទះនេះបានសាងសង់តាំងពីជំនាន់លោកអភិបាលខណ្ឌចាស់ គឺលោក សុខ សម្បត្តិ ប៉ុន្តែដោយសារខ្វះលទ្ធភាពលោក លី សម្បត្តិ ដែលជាម្ចាស់សំណង់សម្រេចផ្អាកដោយទៅជួលផ្ទះគេនៅវិញ។  អ្នកស្រីបន្ថែមថា ដោយសារពេលនេះសេដ្ឋកិច្ចធ្លាក់ចុះរកចំណូលមិនសូវបាន លោកក៏មកសុំអាជ្ញាធរដើម្បីជួសជុលបន្ថែមជញ្ជាំងនិងទ្វារដើម្បីរស់នៅវិញ។

«យើងចង់បញ្ចាក់ថាដីបឹងបានសម្បទានពុះចែកឱ្យលោកមន្ត្រីអស់ទៅហើយ រឿងអីដែលដីរបស់រដ្ឋពលរដ្ឋមិនអាចរស់នៅបាន? ហើយសំណង់ហ្នឹងគឺជាសំណង់ចាស់ហើយពលរដ្ឋគ្រាន់តែវ៉ៃជញ្ជាំងនិងដាក់ទ្វារដើម្បីនៅ ព្រោះអីកាលពីលោកអភិបាល សុខ សម្បត្តិ ចាស់នោះ សំណង់ពលរដ្ឋបានសាងសង់ហើយៗពេលម្ចាស់ផ្ទះខ្វះលុយចឹងពួកយើងផ្អាកការសាងសង់។ ដល់ពេលឥលូវសេដ្ឋកិច្ចធ្លាក់ប្រជាពលរដ្ឋមិនអាចបន្តជួលផ្ទះគេបាន ចឹងពួកខ្ញុំបានទៅសុំច្បាប់កាលពីថ្ងៃ១៨ ខែ៧(កក្កដា)នេះ ប៉ុន្តែលោកអភិបាលមិនអនុញ្ញាតឱ្យយើងសាងសង់។ ប៉ុន្តែដីរបស់ពលរដ្ឋរឿងអីមិនឱ្យពលរដ្ឋសាងសង់? ពលរដ្ឋអត់មានបានទៅលួចដីរបស់អាជ្ញាធរទេ»។

អ្នកស្រី ប្រាក់ សុភា តំណាងពលរដ្ឋនៅតំបន់បឹងតាមោក

លោក លី សម្បត្តិ ម្ចាស់សំណង់ផ្ទះខាងលើនេះ បានប្រាប់វិទ្យុស្រ្តីដោយសម្តែងការអាក់អន់ស្រពន់ចិត្តចំពោះវិធានការរបស់អាជ្ញាធរ ដែលចោទប្រកាន់ថាលោកឆ្លៀតឱកាសពេលអាជ្ញាធររវល់បេសកកម្មមុនការបោះឆ្នោតលួចសាងសង់ផ្ទះនៅលើដីនេះ។ ក៏ប៉ុន្តែលោកនៅតែអះអាងថា សំណង់ផ្ទះនេះ លោកបានធ្វើតាំងពីជំនាន់លោកអភិបាលចាស់មកម្លេះ។

«ចាប់អារម្មណ៍អន់ចិតនឹងអាជ្ញាធរណាស់ បើយើងនៅតែបាំងជញ្ជាំង ហើយផ្ទះយើងធ្វើតាំងពីអភិបាលចាស់ ហើយអភិបាលខណ្ឌឡើងថ្មីគេចោទយើងពីបទថាសាងសង់ផ្ទះ រយៈពេលប៉ុន្មានថ្ងៃបោះឆ្នោតយើងធ្វើទាល់បានប៉ុណ្ណឹង ពួកគាត់ចេះតែថាយកៗ អាងអំណាចយើងអត់យល់សោះ»។

ពាក់ព័ន្ធបញ្ហានេះវិទ្យុស្ត្រី មិនអាចសុំការបំភ្លឺបន្ថែមពីលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានទេ នៅថ្ងៃសុក្រនេះ ដោយទូរសព្ទហៅចូលប៉ុន្តែចុចបិទវិញ។ ទោះយ៉ាងណាក្នុងលិខិត លោក ធឹម សំអានបានណែនាំឱ្យលោក លី សម្បត្តិ ត្រូវបញ្ឈប់ និងរុះរើចេញវិញ សំណង់ដែលរដ្ឋបាលខណ្ឌអះអាងថា បានសង់លើចំណីផ្លូវសាធារណៈរបស់រដ្ឋ ដោយទុករយៈពេល ០៧ថ្ងៃជាកំហិត ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ លោកអភិបាលខណ្ឌ ធឹម សំអាន ក៏បានព្រមានដែរថា ប្រសិនបើមិនមានការរុះរើនោះទេ រដ្ឋបាលខណ្ឌព្រែកព្នៅ នឹងចាត់វិធានការតាមនីតិវីធីច្បាប់ ដោយចុះរុះរើមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈរបស់លោកឡើយ។

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ

ដោយទទូចសុំឱ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់យុត្តិធម៌ឱ្យប្រជាសហគមន៍របស់ខ្លួន អ្នកស្រី ប្រាក់ សុភា បង្ហាញការឈឺចាប់ដែលថា សម័យដីឡើងថ្លៃ ពលរដ្ឋមិនអាចមានសិទ្ធិរស់នៅលើដីស្របច្បាប់ដែលពួកគេអះអាងថារស់នៅរាប់ឆ្នាំមកហើយ ប៉ុន្តែបែរជាអភិវឌ្ឍលើដីរបស់ពលរដ្ឋទៅវិញ ខណៈដីនៅតំបន់បឹងតាមោកអាចផ្ដល់សិទ្ធិឱ្យម្ចាស់បុរីសាងសង់ និងផ្ដល់ឱ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនផងដែរ៕

Share

ព័ត៌មានទាក់ទង

Image