en     km
en     km

ការសិក្សាបានបង្ហាញថា អាហារមួយចំនួន​នាំឱ្យ​ស្ត្រីពិបាកមានកូន

Share

តាមគេហទំព័រគ្លីនិក Cleveland របស់សហរដ្ធអាមេរិក បានបង្ហាញថាក្នុងចំណោមគូស្វាមីភរិយាទាំងអស់មានគូស្វាមីភរិយាប្រមាណ ១៥ ភាគរយមានបញ្ហាក្នុងការមានកូន។ ហើយនៅក្នុង ៧០ ទៅ​ ៨០ ភាគរយនៃករណីទាំងនោះ មូលហេតុគឺអាចបណ្តាលមកពីបញ្ហាមួយចំនួនដូចជាស្រ្តីមានដុំសាច់ក្នុងស្បូន មានគីស ឬមានជំងឺអង់ដូម៉ែតទ្រីយ៉ូស៊ីស ដែលអាចធ្វើឱ្យស៊ុត(ពងអូវុល) ពិបាកធ្វើដំណើរទៅកាន់បំពងដៃស្បូនដើម្បីបង្កកំណើត។  ម៉្យាងវិញទៀត ស្រ្តីអាចបញ្ហាអ័រម៉ូន(រោគសញ្ញា ovary polycystic, ជំងឺក្រពេញទីរ៉ូអ៊ីត) ដែលអាចរំខានដល់វដ្តបន្តពូជរបស់ស្ត្រី និងរួមទាំងកត្តាអាយុរបស់ស្រ្តីផងដែរ។

រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិក Cleveland របស់សហរដ្ធអាមេរិក

តើការទទួលទានអាហារអាចប៉ះពាល់ដល់ឱកាសមានកូនដែរឬទេ?

តាមការសិក្សារបស់អូស្ត្រាលីឆ្នាំ ២០១៨ បានបង្ហាញថាការបរិភោគអាហារ Fast Food ច្រើននិងបរិភោគផ្លែឈើមិនបានគ្រប់គ្រាន់ នឹងធ្វើឱ្យស្ត្រីពិបាកមានផ្ទៃពោះ។ Fast Food គឺជាអាហារដែលចម្អិនលឿន និងងាយស្រួលយកទៅបរិភោគ ដែលមានដូចជា ប៊ឺហ្គឺ សាំងវិច ឬសាច់មាន់បំពងជាដើម។

 

បន្ថែមពីនេះអ្នកឯកទេសក៏បានលើកឡើងថា របបអាហារពិតជាអាចមានឥទ្ធិពលលើឱកាសមានកូនរបស់ស្រ្តី។ ប៉ុន្តែចំពោះបញ្ហានេះ អ្នកឯកទេសក៏កំពុងបែងចែកកត្តារបបអាហារនេះ ចេញពីកត្តាមួយចំនួនទៀតដូចជា ការជក់បារី ជំងឺធាត់​ គេងមិនគ្រប់គ្រាន់ និងកង្វះការហាត់ប្រាណ ដែលទាំងអស់នេះអាចប៉ះពាល់ដល់ការមានកូនផងដែរ។ 

 

មួយវិញទៀត ក្រៅពីផ្លែឈើ បន្លែស្លឹកបៃតងនិងត្រីក៏ល្អសម្រាប់ស្រ្តីក្នុងការ​បង្កើន​ឱកាស​មានកូនដែរ។​ ការសិក្សាផ្សេងទៀតបានរកឃើញថា របបអាហារមេឌីទែរ៉ាណេដែលជាអាហារធ្វើពីរុក្ខជាតិ ផ្លែឈើ បន្លែ ខ្លាញ់ល្អ និងគ្រាប់ធញ្ញជាតិ គឺមានប្រយោជន៍សម្រាប់ការមានកូននេះផងដែរ។

យ៉ាងណាមិញ នៅក្នុងការសិក្សានេះបានបង្ហាញពីទំនាក់ទំនងរវាងអាហារ Fast Food ផ្លែឈើស្រស់ និងការមានកូន តែមិនបានបង្ហាញពីមូលហេតុ និងឥទ្ធិពលនោះទេ។

 

ដោយឡែកតាមគេហទំព័រគ្លីនិក Cleveland បានណែនាំដល់គូស្វាមីភរិយាដែលចង់មានកូនដូចទៅ៖ គូស្វាមីភរិយាត្រូវទទួលទានរបបអាហារដែលមានសុខភាពល្អ ដូចជាបន្លែ និងផ្លែឈើស្រស់ៗជាដើម។ ហើយត្រូវជៀសវាងអាហារ Fast Food អាហារកែច្នៃ អាហារនិងភេសជ្ជៈផ្អែម និងសូដា។ ម៉្យាងវិញទៀត គូស្វាមីភរិយាត្រូវជៀសវាងគ្រឿងស្រវឹង បារី និងគ្រឿងញៀន។ ហើយអ្នកទាំងពីរក៏ត្រូវគេងឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណរាងកាយឱ្យបានទៀងទាត់ផងដែរ។

មួយវិញទៀតវេជ្ជបណ្ឌិតក៏បានណែនាំផងដែរថា គូស្វាមីភរិយាគួរចាប់ផ្តើមផ្លាស់ប្តូររបៀបរស់នៅទាំងនេះ ប្រហែល ៣ ខែមុនពេលចាប់ផ្តើមព្យាយាមមានផ្ទៃពោះ។ ដោយសារតែមេជីវិតញីដែលស្រ្តីបានបញ្ចេញនោះ គឺត្រូវចំណាយពេល ៩០ ថ្ងៃទើបអាចបង្កកំណើតបាន។

ជាពិសេសទៅទៀត អ្នកដែលពិបាកមានកូន ត្រូវរកឱ្យឃើញបញ្ហានិងទទួលការព្យាបាលបញ្ហានោះសិន។ ដូច្នេះហើយរបបអាហារដែលមានសុខភាពល្អ គឺជាប្រយោជន៍មួយសម្រាប់ការព្យាបាលផងដែរ៕

Share

ព័ត៌មានទាក់ទង

Image