ភ្នំពេញ៖ មន្ត្រីគ្រោះមហន្តរាយបានថ្លែងថា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគ្រោះទឹកជំនន់បង្កដោយទឹកភ្លៀងកើតឡើងក្នុងខេត្តចំនួន ៩ បណ្តាលឱ្យលំនៅឋានប្រជាពលរដ្ឋ ៧,៥៨៧គ្រួសារ និងស្រូវស្រែជាង ១ម៉ឺនហិកតាត្រូវរងផលប៉ះពាល់។ប៉ុន្តែតាមការឱ្យដឹងពីអាជ្ញាធរគ្រោះទឹកជំនន់នេះមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនោះទេ។ លោក គីម ចាន់ចាវ រាយការណ៍
តាមបណ្តាញតេឡេក្រាមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី០១ ខែសីហា លោក គន់ គីម បានបញ្ជាក់ថា ខេត្តជួបបញ្ហាជំនន់ទឹកភ្លៀងរួមមាន៖ ខេត្តកំពង់ស្ពឺ កោះកុង កែប កំពត ព្រះសីហនុ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងសៀមរាប។ ក្នុងគ្រោះទឹកជំនន់នេះសេចរាយការណ៍បានឱ្យដឹងថា មានករណីបាត់បង់ជីវិតនៅខេត្តកំពតដោយសារជនរងគ្រោះទៅបោះតង់កន្លែងប្រឈមទឹកជន់ខ្លាំង។ នេះបើតាមលោក គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់។
តាមរបាយការណ៍ដែលលោក សុទ្ធ គឹមកុលមុន្នី មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ដល់ឱ្យវិទ្យុស្ត្រីនៅថ្ងៃពុធនេះបង្ហាញថា ខេត្តកំពង់ស្ពឺមាន ប្រជាជនប៉ះពាល់ ៣៤៩គ្រួសារ ផ្ទះប៉ះពាល់ ៣៤៩ខ្នង ជម្លៀស ១២៣គ្រួសារ ស្រូវ ៧០៧ហិកតា ដំណាំរួមផ្សំ ១០៨ហិកតា។ ខេត្តមណ្ឌលគិរី ប្រជាជនប៉ះពាល់ ១១៥គ្រួសារ ផ្ទះប៉ះពាល់ ៨១ខ្នង និងស្រូវ ៨២ហិកតា។ ខេត្តកោះកុង ប្រជាជនប៉ះពាល់ ១៤៩គ្រួសារ ផ្ទះប៉ះពាល់ ១៤៩ខ្នង ជម្លៀស ២១គ្រួសារ។ ខេត្តព្រះវិហារ ប្រជាជនប៉ះពាល់ ៦៤គ្រួសារ ផ្ទះប៉ះពាល់ ៦៤ខ្នង។ ខេត្តកែប ប្រជាជនប៉ះពាល់ ៣៨៨គ្រួសារ ផ្ទះប៉ះពាល់ ៣៨៨ខ្នង ស្រូវ ៣០០ហិកតា។ ខេត្តកំពត ប្រជាជនប៉ះពាល់ ៦,៤៨០គ្រួសារ ផ្ទះប៉ះពាល់ ៥,៧៦២ខ្នង ស្រូវ ៩,០០០ហិកតា (ស្រុកកំពង់ត្រាច) ស្លាប់ ១នាក់ បាត់ខ្លួន១នាក់ (ក្រុមអ្នកបោះតង់នៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូរ)។ ខេត្តព្រះសីហនុ លិចផ្លូវជាតិលេខ៤ ប្រវែង ៤១០ម (៣កន្លែង ៤ស្រុក (សូទ្រនិគម បន្ទាយស្រី វ៉ារិន អង្គរជុំ)។ ចំណែកខេត្តសៀមរាប ផ្ទះប៉ះពាល់ ៤២ខ្នង (កំរិតស្រាល) ស្រូវ ៩៨៩ហិកតា។
សរុប៨ខេត្តនេះ ដោយមិនទាន់រាប់បញ្ចូលខេត្តរតនគិរី ប្រជាជនប៉ះពាល់គ្រោះទឹកជំនន់សរុប ៧,៥៨៧គ្រួសារ ស្មើផ្ទះ ៦,៨៣៥ខ្នង ជម្លៀស១៤៤គ្រួសារ និងស្លាប់១នាក់ ស្រូវ ១១,០៧៨ហិកតា។ ឆ្លើយតបនឹងបញ្ហានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងខេត្តបានចាត់មន្ត្រីចុះពិនិត្យ ចែកជំនួយនៅទីតាំងខ្លះ និងតាមដានសភាពការណ៍ជាប្រចាំ ។
ទោះយ៉ាងណាលោក គន់ គីម ឱ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែសីហា ទឹកបានស្រកទៅវិញនៅខេត្តជាច្រើន។ ដោយឡែក នៅតែស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ដែលទឹកនៅទ្រឹង និងកន្លែងខ្លះទៀតចាប់ផ្តើមស្រកវិញ ហើយតាមការព្យាករនឹងមិនមានភ្លៀងច្រើនទៀតទេ។ ក៏ប៉ុន្តែនៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោត ភូមិសាស្ត្រខេត្តកណ្ដាល និងភាគខាងត្បូងរាជធានីភ្នំពេញទឹកកំពុងតែឡើងខ្លាំង ដែលធ្វើឱ្យអាជ្ញាធរ និងពលរដ្ឋនៅតាមបណ្ដោយសណ្ដស្ទឹង ត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់៕