ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការស្វែងយល់អំពីនាទីនានារបស់ថ្លើមគោដល់សុខភាព។ ដោយអត្ថបទនេះប្រែសម្រួលពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ!
មានអាហារជាច្រើនដែលផ្តល់គុណប្រយោជន៍ដល់សុខភាពភ្នែកដូចជា ត្រី ស៊ុត ទឹកដោះគោ ផ្លែឈើ និងបន្លែ ក្នុងនោះក៏មានថ្លើមសត្វគោផងដែរ។ លើសពីនេះទៅទៀត ថ្លើមគោផ្តល់នូវសារៈប្រយោជន៍យ៉ាងច្រើនដល់សុខភាព និងដំណើរការនានាក្នុងប្រព័ន្ធរាងកាយរបស់មនុស្សទៀតផង។
ថ្លើមគោ ក៏ដូចថ្លើមមនុស្សដែរ គឺមានមុខងារជួយកម្ចាត់សារធាតុពុលចេញពីឈាម។ បន្ថែមពីនេះ ថ្លើមគោជាក្រពេញដែលបង្កើតប្រូតេអ៊ីន និងអរម៉ូនសំខាន់ៗ ដែលមានកាឡូរីនិងជាតិខ្លាញ់ទាប មានវីតាមីន និងមានសារធាតុចិញ្ចឹមខ្ពស់។
រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិក Cleveland
តើថ្លើមគោមានប្រយោជន៍អ្វីខ្លះ?
បើយោងតាមការបង្ហាញពីគេហទំព័រគ្លីនិក Cleveland បានបង្ហាញពីសារៈប្រយោជន៍ផ្សេងៗនៃថ្លើមគោដូចតទៅ៖
ថ្លើមគោផ្តល់នូវជាតិដែកដែលជំនួយដល់ឈាម។ ជាតិដែកគឺជាសមាសធាតុសំខាន់នៅក្នុងអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីនកោសិកាឈាមក្រហម និងជួយដឹកឈាមទៅពេញរាងកាយ។ បន្ថែមពីនេះថ្លើមគោ ក៏ជួយដល់ការលូតលាស់សាច់ដុំផងដែរ។ ដោយឡែកប្រសិនរបបអាហារមានជាតិដែកទាប អាចនាំឱ្យកង្វះជាតិដែក មានភាពស្លេកស្លាំង ដែលបណ្តាលឱ្យអស់កម្លាំង ចង្វាក់បេះដូងលោតខុសប្រក្រតី និងឈឺទ្រូង។
សារៈប្រយោជន៍មួយទៀតនោះ គឺថ្លើមគោជាប្រភពប្រូតេអ៊ីនដ៏ល្អមួយ។ ថ្លើមគោប្រមាណជាង ១ ក្រាមផ្តល់ប្រូតេអ៊ីន ១៧ ក្រាម។ សារធាតុចិញ្ចឹមនេះមានសារៈសំខាន់ចំពោះការលូតលាស់របស់កុមារ និងមនុស្សពេញវ័យផងដែរ ដើម្បីបង្កើត ជួសជុល និងថែរក្សាជាលិកាសាច់ដុំ។ ជាពិសេស ប្រូតេអ៊ីនក៏ជួយក្នុងការសម្រកទម្ងន់ផងដែរ ព្រោះអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ ឬមិនសូវញ៉ាំច្រើន។
ជាពិសេសទៅទៀតនោះ ថ្លើមគោគឺជាប្រភពវីតាមីន A សម្រាប់ជំនួយដល់សុខភាពភ្នែកបានយ៉ាងល្អ។ ក្រៅពី ត្រី ស៊ុត ទឹកដោះគោ ផ្លែឈើ និងបន្លែដែលមានពណ៌ទឹកក្រូច លឿង និងបៃតង ថ្លើមគោក៏ជាប្រភពនៃវីតាមីន A ពិសេសផងដែរ។
អ្នកអាចទទួលទានថ្លើមគោប្រមាណជាង ១ ក្រាម សម្រាប់បំពេញវីតាមីនដល់រាងកាយរបស់អ្នក។ វីតាមីន A ជួយលើកកម្ពស់ការមើល បង្កើនប្រព័ន្ធភាពស៊ាំ ហើយថែមទាំងអាចបន្ថយហានិភ័យនៃជំងឺមហារីកទៀតផង។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
យ៉ាងណាមិញ ការទទួលវីតាមីន A ច្រើនពេកពីផ្លែឈើ និងបន្លែមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែការទទួលទានវីតាមីន A ច្រើនពេកពីថ្លើមសាច់គោ អាចជាជាតិពុលបាន។ ក្រៅពីនេះប្រសិនមានការទទួលទានថ្លើមសាច់គោជារៀងរាល់ថ្ងៃអាចបំផ្លាញការមើលឃើញ និងឆ្អឹងទៀតផង។ ក៏ប៉ុន្តែស្រ្តីដែលទទួលទានវីតាមីន A ច្រើនពេកក្នុងអំឡុងពេលមានផ្ទៃពោះ អាចមានគ្រោះថ្នាក់ផងដែរ។ ហើយក្នុងករណីដ៏កម្រ ការពុលវីតាមីន A អាចគំរាមកំហែងដល់អាយុជីវិត។
ក្រៅពីផ្តល់នូវវីតាមីន A ដែលជំនួយដល់សុខភាពភ្នែក ថ្លើមគោ ក៏ជាប្រភេពនៃវីតាមីន B សម្រាប់ថាមពល និងជំនួយដល់សុខភាពផងដែរ។
ថ្លើមសាច់គោផ្ទុកទៅដោយប្រភពប្រូតេអ៊ីនដ៏ល្អ ដូចជាវីតាមីន B ដែលរួមមាន៖ វីតាមីន B9 (Folate) សម្រាប់បន្ថយសម្ពាធឈាម និងធ្វើឱ្យគក៌មានការលូតលាស់និងមានសុខភាពល្អអំឡុងពេលស្រ្តីមានផ្ទៃពោះ។
បន្ថែមពីនេះ វីតាមីន B1(Thiamine), វីតាមីន B2 (riboflavin) និង វីតាមីន B3(niacin) ដែលផ្តល់នូវថាមពល និងមុខងារកោសិកា។ មួយវិញទៀត គឺវីតាមីន B12 សម្រាប់សុខភាពខួរក្បាល និងធ្វើឱ្យសរសៃប្រសាទ និងឈាមមានដំណើរការកាន់តែល្អ។
តើវាមានសុវត្ថិភាពទេក្នុងការទទួលទានថ្លើម និងសាច់គោឆៅ?
ការទទួលទានសាច់មិនទាន់ឆ្អិន ឬឆៅ រួមទាំងថ្លើមគោ បង្កើនហានិភ័យនៃឱកាសកើតមាន ជំងឺ ដែលអាចគំរាមកំហែងដល់អាយុជីវិតបាន។ ចំណែកការបង្កកថ្លើមមុនពេលទទួលទានឆៅដោយមិនសម្លាប់បាក់តេរី គឺជាដើមចមនៃបញ្ហាចំពោះសុខភាពផងដែរ។
ការចម្អិនសាច់ នៅសីតុណ្ហភាពជាក់លាក់គឺជាវិធីតែមួយគត់ដែលអាចសម្លាប់បាក់តេរីដែលបង្កជាជំងឺពីអាហារ។ បន្ថែមពីនេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិក(USDA)បានណែនាំឱ្យចម្អិនថ្លើមគោទៅសីតុណ្ហភាពខាងក្នុង ៧១ អង្សាសេឬនៅ១៦០ អង្សាហ្វារិនហៃ៕