ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃអង្គារ ទី១ ខែសីហានេះថា អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការសម្រេចលើកលែងទោសបទល្មើសចំនួន ៥ ករណី ក្នុងចំណោមបទល្មើសចំនួន ១៩ ករណី ដែលធ្លាប់បានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន Chanel New Asia បានឱ្យដឹងថា ប្រធានក្រុមប្រឹក្សារដ្ឋបាលរបស់មីយ៉ាន់ម៉ាបានសម្រេចលើកលែងទោសលោកស្រី អ៊ុងសាន ស៊ូជី ចំនួន ៥ បទល្មើសភ្លាមៗ នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣នេះ។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Eleven Media Group ថាការលើកលែងទោសនេះចង់សំដៅដល់ការកាត់បន្ថយរយៈពេលជាប់ពន្ធនាគាររបស់លោកស្រី។ លោក Tun បានបញ្ជាក់បន្ថែមថា ការជាប់ពន្ធនាគាររបស់លោកស្រីនឹងត្រូវកាត់បន្ថយរយៈពេល៦ឆ្នាំខណៈតុលាការធ្លាប់បានកាត់ទោសឱ្យលោកស្រីជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Tun បានគូសបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាមិនបានដោះលែងលោកស្រីទាំងស្រុងនោះទេ បើទោះបីជាទោសខ្លះត្រូវបានលើកលែងក៏ដោយ។ លោកអះអាងថា លោកស្រីនៅតែត្រូវប្រឈមមុខនឹងទោសទណ្ឌចំនួន១៤ ករណីផ្សេងទៀតដដែល។ នៅក្នុងនោះដែរវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ាមួយចំនួនបានរាយការណ៍ថា លោកស្រីនៅតែស្ថិតក្នុងការឃុំខ្លួននៅឡើយ ពោលគឺលោកស្រីមិនទាន់រួចខ្លួនពីការឃុំខ្លួនក្នុងផ្ទះនោះទេ។
ដោយឡែក កាលពីសប្តាហ៍មុន លោកស្រី អ៊ុងសាន ស៊ូជី បានផ្លាស់ប្តូរពីការជាប់ឃុំឃាំងក្នុងពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះនៅក្នុងរដ្ឋធានី Naypyitaw ជំនួសវិញ។ លោកស្រីត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំពីបទចោទប្រកាន់ ១៩ ករណី រួមទាំងអំពើពុករលួយ ការកាន់កាប់ឧបករណ៍ខុសច្បាប់ និងការហាមឃាត់ការរឹតបន្តឹងនៃជំងឺរាតត្បាតកូវីដ១៩។
ជាការកត់សម្គាល់ ក្រុមប្រឹក្សារដ្ឋបាលរបស់យោធាមីយ៉ាន់ម៉ាក៏បានលើកលែងទោសអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint ដែលត្រូវបានចាប់ខ្លួនក្នុងពេលតែមួយជាមួយលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២១។
គួរបញ្ជាក់ដែរថា ការលើកលែងទោសនេះ គឺជាការលើកលែងទោសទណ្ឌិតជាង ៧ ពាន់នាក់ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ។ ជានិច្ចកាល ប្រទេសមីយ៉ាន់ម៉ាតែងតែលើកលែងទោសទណ្ឌដល់អ្នកទោសរាប់ពាន់នាក់ដើម្បីរំលឹកដល់ថ្ងៃបុណ្យ ឬថ្ងៃពិសេសរបស់ពុទ្ធសាសនិក។
សូមរំលឹកថា លោកស្រី អ៊ុងសាន ស៊ូជី មានអាយុ ៧៨ ឆ្នាំ និងជាកូនស្រីរបស់វីរៈជនមីយ៉ាន់ម៉ា ដែលបានទាមទារឯករាជ្យជូនមាតុប្រទេស។ ក្នុងឆ្នាំ១៩៩១ លោកស្រីបានឈ្នះរង្វាន់ណូបែលសន្តិភាពសម្រាប់ការធ្វើយុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោកស្រីបានឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០១៥ ដែលជាផ្នែកមួយនៃកំណែទម្រង់យោធាបណ្តោះអាសន្ន ហើយគណបក្សរបស់លោកស្រីក៏បានទទួលជ័យជំនះសារជាថ្មីនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
យ៉ាងណាមិញ រដ្ឋាភិបាលជាច្រើន ជាពិសេសនៅលោកខាងលិច បានអំពាវនាវឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ដោយគ្មានលក្ខខណ្ឌ។ ក្រៅពីនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួន និងត្រូវបាត់បង់ជីវិត បន្ទាប់ពីពួកគេបានប្រឆាំងតវ៉ានឹងរបបយោធា ខណៈគាំទ្រលទ្ធិប្រជាធិបតេយ្យ៕
ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣