លទ្ធផលបណ្តោះអាសន្ន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែសីហានេះ បង្ហាញថាគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លទ្ធផលនេះតាមពីក្រោយដោយ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលស្ថិតក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលបានសំឡេងគាំទ្រសរុបជិត៧២ម៉ឺនសំឡេង។ លោក គីម ចាន់ចាវ រាយការណ៍
មិនខុសពីលទ្ធផលបឋមឡើយ ក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនជាងគេរហូតដល់ ៦ ៣៩៨ ៣១១ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលំដាប់ទី២ ដែលមានសំឡេងគាំទ្រ ៧១៦ ៤៩០។ នេះបើតាមសេចក្តីប្រកាសអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ។
លទ្ធផលនេះបង្ហាញថា នៅនីតិកាលទី៧នេះ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបន្តឈ្នះដាច់លើការបោះឆ្នោតស្ទើរប្រហែលនឹងអាណត្តិទី៦ ឆ្នាំ២០១៨ដែរ។ ក៏ប៉ុន្តែខុសពីអាណត្តិមុន ត្រង់ថាសភាក៏នឹងមានសមាសភាពមកពីគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ បើទោះជាចំនួនតិចយ៉ាងណាក្ដី។
ការគណនាក្រៅផ្លូវការបង្ហាញថា គណបក្សកាន់អំណាច នឹងទទួលបាន១២០អាសនៈក្នុងសភា រីឯហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ។ ៥អាសនៈដែលគណបក្សរាជានិយមមួយនេះទទួលបានរួមមានភ្នំពេញ ១អាសនៈ ខេត្តកណ្តាល១ អាសនៈ កំពង់ធំ១ អាសនៈ ព្រៃវែង១អាសនៈ និងខេត្តកំពង់ចាម១អាសនៈ។
បើតាមគ.ជ.ប ក្នុងចំណោមសន្លឹកឆ្នោតក្នុងហិបជាង៨,២លានស្មើនឹងជាង៨៤ភាគរយនៃពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ចំណែកសន្លឹកឆ្នោតបានការមានជិត៧,៨លានសន្លឹក និងមិនបានការមានជាង៤៤ម៉ឺនសន្លឹក។
បន្តពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គឺគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រជាង១៣ម៉ឺនសំឡេង គណបក្សយុវជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង៩ម៉ឺន គណបក្សធម្មាធិបតេយ្យទទួលបានសំឡេងគាំទ្រជាង៨ម៉ឺនសំឡេង និងគណបក្សកសិករទទួលបានសំឡេងតិចជាងគេ គឺត្រឹមតែជាង១ម៉ឺនសំឡេង។ ដូច្នេះគណបក្សទាំងនេះមិនអាចទទួលបានអាសនៈនៅក្នុងរដ្ឋសភាឡើយ។
បើមិនមានការប្រែប្រួលទេ គ.ជ.ប នឹងប្រកាសលទ្ធផល និងបែកចែកអាសនៈរដ្ឋសភាផ្លូវការ នាថ្ងៃទី៤ ខែសីហាខាងមុខ។ ក្រោយមករដ្ឋសភា នឹងបើកកិច្ចប្រជុំដំបូងនាថ្ងៃទី២១ និងទី២២ ខែសីហា ដែលលោក ហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែងនាយករដ្ឋមន្ត្រី បន្តពីសម្តេច ហ៊ុន សែន ចាប់ពីថ្ងៃទី២២ ខែសីហា តាមការប្រកាសរបស់សម្តេចហ៊ុន សែន កាលពីពេលថ្មីៗនេះ៕