ក្រុងយ៉ាំងហ្គោនៈ កាលពីថ្ងៃចន្ទទី៣១ ខែកក្កដា ឆ្នាំ២០២៣ របបយោធាមីយ៉ាន់ម៉ាបានបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលប្រាំមួយខែបន្ថែមទៀត ដែលនាំឱ្យមានការពន្យារការបោះឆ្នោតដែលពួកគេបានសន្យាថានឹងរៀបចំឱ្យមានការបោះឆ្នោតឡើងវិញក្រោយការធ្វើរដ្ឋប្រហារ។
ចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី កាលពីជាង២ឆ្នាំមុន ប្រទេសមីយ៉ាន់ម៉ាត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ និងមានការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមប្រឆាំង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing បានទទួលស្គាល់ថាយោធាមិនបាន “គ្រប់គ្រងទាំងស្រុង” គឺមានច្រើនជាងមួយភាគបីនៃទីប្រជុំជនរបស់ប្រទេសមីយ៉ាន់ម៉ា។ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ(NDSC) បានសម្រេចពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបានប្រកាសតាំងពីការផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីប្រធានាធិបតីស្តីទីលោក Myint Swe ថា “ស្ថានភាពនៃភាពអាសន្ននឹងត្រូវបន្តរយៈពេលប្រាំមួយខែទៀតចាប់ពីថ្ងៃទី១ ខែសីហាតទៅ”។របបយោធាបាននិយាយថា រដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ នៅតែស្ថិតនៅជាធរមាន ដែលតម្រូវឱ្យអាជ្ញាធរភូមាត្រូវរៀបចំការបោះឆ្នោតជាថ្មីក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីស្ថានភាពអាសន្នត្រូវបានបញ្ចប់។របបយោធាធ្លាប់បានសន្យាបោះឆ្នោតជាថ្មីនៅខែសីហាឆ្នាំនេះ។
លោក Min Aung Hlaing បាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងតំបន់ Sagaing, Magway, Bago និង Tanintharyi ក៏ដូចជារដ្ឋ Karen, Kayah និង Chin ។លោកបានបន្ថែមថា៖ «យើងត្រូវការពេលវេលាដើម្បីបន្តកាតព្វកិច្ចរបស់យើងសម្រាប់ការរៀបចំជាប្រព័ន្ធ ព្រោះយើងមិនគួររៀបចំការបោះឆ្នោតដោយប្រញាប់ប្រញាល់ពេកនោះទេ»។
សូមរំឭកផងដែរថា កងទ័ពបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាអស់ជាច្រើនទសវត្សរ៍បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ពួកយោធាបានគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសភូមា តាំងតែពីមុនពេលរដ្ឋប្រហារមកម្លេះ។
លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានប្រាប់ AFP ថា “សុបិន្តអាក្រក់សម្រាប់ប្រជាជនមីយ៉ាន់ម៉ាគឺមិនចេះចប់”។លោកបានជំរុញឲ្យសហគមន៍អន្តរជាតិធ្វើការបន្ថែមទៀតលើបញ្ហាភូមា។លោកបន្ថែមថា«របបយោធាបានត្រៀមខ្លួនដើម្បីប្រយុទ្ធដល់ដង្ហើមចុងក្រោយដើម្បីកាន់អំណាចដោយមិនគិតថាត្រូវបង្ហូរឈាមនិងពលរដ្ឋរងទុក្ខយ៉ាងណានោះទេ»។
បើយោងតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងតំបន់បានបង្ហាញថាការបង្រ្កាបរបស់យោធាភូមាលើបក្រុមអ្នកប្រឆាំងបានសម្លាប់មនុស្សជាង៣.៨០០នាក់ និងចាប់ខ្លួនជាង ២៤.០០០នាក់។ទោះយ៉ាងណារបបយោធានិយាយថា មានជនស៊ីវិលជាង ៥.០០០នាក់ត្រូវបានសម្លាប់ដោយពួក “ភេរវករ” ចាប់តាំងពីពួកវាបានដណ្តើមអំណាច៕
ប្រភព៖ C N A ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣