en     km
en     km

ក្រុមប្រឹក្សាធម្មនុញ្ញតម្កល់រឿងដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ លើពលរដ្ឋ២នាក់ ដូចការសម្រេចរបស់គ.ជ.ប

Share

ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចតម្កល់រឿងពិន័យបុគ្គល ២នាក់ ពី៥លានរៀល ដល់១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត ពី៥ឆ្នាំ ដល់១០ឆ្នាំ ដដែល។ អ្នកទាំង២ធ្លាប់បរាជ័យក្នុងការប្ដឹងមកក្រុមប្រឹក្សាជំនុំជម្រះនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីពេលថ្មីៗ ទើបបន្តប្ដឹងមកក្រុមប្រឹក្សាធម្មនុញ្ញនៅពេលនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

អ្នកទាំង២ត្រូវទទួលទោសទណ្ឌ និងពិន័យដូចដែលគណកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត និងគ.ជ.ប សម្រេចដដែលជុំវិញការបង្ហោះរូបភាព និងសារតាមបណ្ដាញសង្គម ដែលត្រូវគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត អះអាងថាពាក់ព័ន្ធ នឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ដោយចោទប្រកាន់ថាជាការញុះញង់ឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតចោល។

អ្នកទាំងពីររួមមានលោក លី ម៉េងហាំង ពលរដ្ឋរស់នៅស្រុកកោះសុទិន ខេត្តកំពង់ចាម និងលោក យ៉ាន សុឃឿន គ្រូបង្រៀននៅសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនសែនជ័យ ស្ថិតនៅឃុំរំចេក ស្រុមមេមុត ខេត្តត្បូងឃ្មុំ ដែលអ្នកទាំងពីរជាសកម្មជនរបស់គណបក្សភ្លើងទៀន។ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានប្រកាសសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើសំណុំរឿងអ្នកទាំងពីរ ជុំវិញការផ្តន្ទាទោសលើករណីបុគ្គលញុះញង់ ការគូសបំផ្លាញសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ការសម្រេចនេះធ្វើឡើង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានលោក អ៊ឹម ឈុនលឹម ជាប្រធាន បានបើកសវនាការជំនុំជម្រះជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿង ទាំង២នេះ។

លោក លី ម៉េងហាំង ពលរដ្ឋរស់នៅស្រុកកោះសុទិន ខេត្តកំពង់ចាម ជាមួយលោក​ មេធាវី សំ សុគង់

លោក លី ម៉េងហាំង គឺគ.ជ.ប ធ្លាប់បានសម្រេចពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។ ចំណែកលោក យ៉ាន សុឃឿន គឺ គ.ជ.ប ធ្លាប់បានសម្រេច ពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ០៥ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

លោក យ៉ាន សុឃឿន អះអាងថា ការចោទប្រកាន់របស់ស្ថាប័នរៀបចំការបោះឆ្នោតគឺជាសិទ្ធិរបស់ស្ថាប័ន ប៉ុន្តែលោកនៅតែយល់ថាការដែលលោកធ្វើការចែករំលែកឬShare លើបណ្ដាញសង្គម គឺជាភាពត្រឹមត្រូវដែលផ្ដល់ជូនខ្លួនឯងនិងប្រជាពលរដ្ឋ ហើយលោកយល់ថាការចែករំលែកជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ទោះបញ្ជាក់ជំហរយ៉ាងណា លោកនៅតែអះអាងទទួលបើសិនជាច្បាប់ឱ្យលោករងពិន័យ។

«ខ្ញុំគិតថាខ្ញុំធ្វើអត់មានអ្វីខុសទេ គឺត្រឹមត្រូវ។ ហើយខ្ញុំអត់ខ្លាចរកខុស អស់ខ្លាចនឹងប្រឈមមុខច្បាប់ទេ បើច្បាប់ឱ្យខ្ញុំជាប់គុកខ្ញុំជាប់គុក បើច្បាប់ឱ្យខ្ញុំបង់ពិន័យខ្ញុំបង់ពិន័យ បើច្បាប់ដកខ្ញុំពីបញ្ជីបេក្ខភាពបោះឆ្នោគឺស្រេចទៅលើច្បាប់ ប៉ុន្តែយើងនឹងទាមទារសិទ្ធិសេរីភាពរបស់យើងដែរ»។

លោក យ៉ាន សុឃឿន គ្រូបង្រៀននៅសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនសែនជ័យ

ទោះយ៉ាងណា ការប្រកាសនាសវនាការជាសាធារណៈ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ពីពិន័យលើលោក យ៉ាន សុឃឿន និងលោក លី ម៉េងហាំង នៅព្រឹកថ្ងៃចន្ទនេះ ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ដទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច៕

 

Share

Image
Image
Image