en     km
en     km

តើលោកស្រី ជា សិរី មានប្រវត្តិការងារបែបណា មុនឡើងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា?

Share

ក្នុងឆ្នាំ២០២៣ តែមួយ លោកស្រី ជា សិរី បានទទួលការតែងតាំងដល់ទៅ២ដង ដោយខុសគ្នាតែជាង៥ ខែ ប៉ុណ្ណោះ។ មុនបានតួនាទីជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា តើលោកស្រីជា សិរីមានប្រវត្តិការងារបែបណាជាមួយវិស័យធនាគារ? លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ព្រះមហាក្សត្រនៃកម្ពុជា ព្រះបាទនរោត្តម សីហមុនី បានព្រះរាជទានតា្រស់បង្គាប់លោកស្រី ជា សិរី ឡើងឋានន្តរសក្ដិឋានៈពីរដ្ឋមន្ដ្រី ទៅជា ទេសរដ្ឋមន្ដ្រី និងក្លាយជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ តំណែងរបស់ស្ដ្រីរូបនេះ គឺជំនួស លោក ជា ចាន់តូ ដែលជាឪពុករបស់លោកស្រី។

គិតដល់ឆ្នាំ២០២៣នេះ លោកស្រី ជា សិរី មានវ័យជាង៤០ឆ្នាំ និងមានប្រវត្តិការងារហិរញ្ញវត្ថុជាច្រើន ពិសេសទាក់ទងនិងហិរញ្ញវត្ថុរបស់ស្ដ្រីតែម្ដង។ លោកស្រីបានចាប់ផ្ដើមបម្រើការងារនៅឆ្នាំ១៩៩៩ ក្នុងធនាគារជាតិនៃកម្ពុជា ស្របពេលលោកស្រីបញ្ចប់ថ្នាក់វិទ្យាល័យនៅប្រទេសសិង្ហបុរី។ ក្រោយមកលោកស្រីបានបន្ដការសិក្សាថ្នាក់បរិញ្ញាប័ត្រគណនេយ្យ ហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Victoria រដ្ឋ Wellington ប្រទេសញូហ្សេឡែន និងបានចូលបម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជាដដែល។ បន្ទាប់ពីបំពេញការនៅនាយកដ្ឋាននេះមួយរយៈ លោកស្រីក៏ត្រូវបានតែងតាំងជាអគ្គនាយករងបច្ចេកទេស និងជាអគ្គនាយកបច្ចេកទេស ហើយក៏ក្លាយជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា។

នៅឆ្នាំ២០១០ លោកស្រី ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS ទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស និងឆ្នាំ២០១៩ ក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់មួយទៀត នៅសាលាគោលនយោបាយ លី ក្វាន់យូ។ យ៉ាងណានាឆ្នាំ២០២១ លោកស្រី ក៏ទទួលបានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលីបន្ថែមទៀត។

នៅចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ លោកស្រីបានបំពេញការងារសមាជិកគណៈកម្មាធិការកម្រិតខ្ពស់សម្រាប់ការបញ្ចូលហិរញ្ញវត្ថុយេនឌ័រ និងស្ត្រី។ ជាមួយគ្នា ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ លោកស្រីជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរ និងឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ដែរ ស្ដ្រីរូបនេះជាសមាជិកក្រុមប្រឹក្សាប្រឹក្សាអាស៊ីអាគ្នេយ៍ធនាគារពិភពលោករបស់ស្ត្រី ព្រមទាំងជាស្ថាបនិកមូលនិធិរស្មីកុមារ ប្រធានក្រុមប្រឹក្សាសមាគមសេដ្ឋកិច្ចកម្ពុជា សមាជិកវេទិកាអ្នកដឹកនាំពិភពលោកវ័យក្មេង  និងជាសមាជិកក្រុមប្រឹក្សាអន្តរជាតិវិទ្យាស្ថាន Global FinTech។

មុនឡើងតំណែងជាអគ្គទេសាភិបាលនៃធនាគារជាតិ ជំនួសលោក ជា ចាន់តូ, កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជា សិរី ទើបតែបានតំណែងជាអគ្គទេសាភិបាលរងនៃធនាគារជាតិ។

លោកស្រី ជា សិរី តែងតែនិយាយជាសាធារណៈឱ្យប្រជាជនខ្មែរប្រើប្រាស់ប្រាក់រៀល និងមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់រូបិយប័ណ្ណបរទេស សូម្បីតែប្រាក់ដុល្លារក្នុងប្រទេសកម្ពុជាឡើយ ដើម្បីបង្ការហានិភ័យនៃអត្រាប្ដូរប្រាក់៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង